ជាតិ
សម្ដេច ស ខេង បញ្ជាឲ្យនគរបាលប៉ុស្ដិ៍នៅមូលដ្ឋានឈប់ប្រើអំណាចគំរាមកំហែងប្រជាពលរដ្ឋ
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានបញ្ជាឲ្យគ្រប់មន្ត្រីនគរបាលបម្រើការងារតាមប៉ុស្តិ៍នគបាលរដ្ឋបាល បញ្ឍប់ការប្រើសិទ្ធិអំណាច ភារកិច្ចការងារ ដែលរដ្ឋប្រគល់ឲ្យ ទៅរំលោភ និងគំរាមកំហែងពលរដ្ឋនៅតាមមូលដ្ឋាន។ បើតាម សម្ដេច ស ខេង ក្រសួងនឹងកែសម្រួលការងារមួយចំនួនរបស់នគបាលប៉ុស្តិ៍រដ្ឋបាល។
ផ្អែកតាមការលើកឡើងរបស់ សម្ដេច ស ខេង ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការងារប៉ុស្ដិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសលើកទី១ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នៅថ្ងៃទី៦ខែធ្នូ ក្រសួងមហាផ្ទៃនឹងធ្វើការកែសម្រួលការងារ ដោយដកអំណាចភារកិច្ចមួយចំនួនពីនគរបាលនៅថ្នាក់ប៉ុស្តិ៍រដ្ឋបាល ដែលមានភាពប្រឈមជាមួយប្រជាពលរដ្ឋ ទៅឲ្យនគរបាលនៅថ្នាក់អធិការដ្ឋានក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋានធ្វើជំនួសវិញ។
សម្តេច ស ខេង បញ្ជាក់ថា ការងារដែលត្រូវដកចេញពីនគរបាលប៉ុស្តិ៍ រួមមាន ការចាប់ខ្លួន ការអនុវត្តសាលដីកាចាប់ខ្លួនរបស់តុលាការ និងការងារបង្ក្រាបបទល្មើសនានាដែលបង្ករឲ្យប៉ះពាល់ដល់ការប្រកបមុខរបរអាជីវកម្មរបស់ពលរដ្ឋ លើកលែងតែករណីបទល្មើសជាក់ស្ដែង ដែលនគរបាលប៉ុស្តិ៍ត្រូវស្វែងរកកិច្ចសហការជាមួយប្រជាពលរដ្ឋ ដើម្បីរួមគ្នាបង្រា្កបបទល្មើស។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ឲ្យដឹងទៀតថា ក្រសួងនឹងបែងចែកការងារឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលមានដូចជា ការចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ, ការងារធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋ, ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងការងារផ្ដល់សេវាតម្រូវការនានាមួយចំនួនទៀតដែលពលរដ្ឋមានត្រូវការ។ សម្តេចអះអាងថា សម្រាប់ការងារដែលផ្ដល់ជូននគរបាលប៉ុស្តិ័នេះ នឹងធ្វើឲ្យប្រជាពលរដ្ឋលែងខ្លាចអំណាចការងារមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល និងមានទំនាក់ទំនងល្អជាមួយមន្ត្រីទាំងនោះ។
យោងតាមតួលេខ ដែល លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានលើកឡើងក្នុងកិច្ចប្រជុំនោះ ប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមឃុំ សង្កាត់ នៅទូទាំងប្រទេសមានប្រមាណ ១៦៣៣ប៉ុស្តិ៍ និងមានមន្ត្រីនគរបាលជិត ១៧០០០នាក់ ដោយក្នុងនោះមន្ត្រីដែលមានក្របខ័ណ្ឌមានជិត ១៥០០០នាក់៕
ប្រភពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
Tag:
ស ខេង
ប៉ុស្ដិ៍រដ្ឋបាលនគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com