អន្តរជាតិ
ចិន​សង់​ទីក្រុង​ភាពយន្ត​លើ​ផ្ទៃដី​ជាង ១​ពាន់​ហិកតា សម្រាប់​ថត​ភាពយន្ត និង​ធ្វើជា​តំបន់​ទេសចរណ៍​
09, Dec 2016 , 8:29 am        
រូបភាព
ដោយ:
​ហៃ​ណាន​៖ ចិន​បាន​សាងសង់​ទីក្រុង​ភាពយន្ត​ហៃ​ខូវ (Movie Town Haikou )​លើ​ផ្ទៃដី​ទំហំ​ចំនួន ១៤០០​ហិកតា​ស្ថិតនៅ​ចម្ងាយ ៨​គីឡូម៉ែត្រ​ភាគ​ខាងជើង​ទី​រួម​ខេត្ត​ហៃ​ណាន ដើម្បី​ថត​ភាពយន្ត និង​ធ្វើជា​តំបន់​ទេសចរណ៍​របស់​ចិន​។​



​លោក A Hai មគ្គទេសក៍​ទេសចរណ៍ ប្រចាំ​កោះ​ហៃ​ណាន បាន​ឲ្យ​ដឹងថា សំណង់​អគារ​នានា នៃ​តំបន់​នេះ ត្រូវបាន​គេ​រចនា​ឡើង​តាម​ឈុត​ឆាក​ពី​ខ្សែភាពយន្ត​ក្នុង​ឆ្នាំ ១៩៤២ ពីព្រោះ​សហ​ស្ថាបនិក​ដែលជា​ម្ចាស់​ក្រុមហ៊ុន​ភាពយន្ត Feng Xiaogang និង Huayi Brothers Media Group ចង់​អភិរក្ស​ទីក្រុង​ភាពយន្ត​បុរាណ​ចិន ទុកជា​ប្រវត្តិសាស្ត្រ​។​

​មគ្គទេសក៍​ដែលមាន​បទពិសោធន៍​នាំ​ភ្ញៀវទេសចរ​ជាង ៨​ឆ្នាំ រូបនេះ បាន​បន្ត​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ពេល​ចូល​ទស្សនា​ទីក្រុង​ភាពយន្ត​ទៀតថា គម្រោង​ដែល​ទទួល​បានផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ចិន​រយៈពេល​៧០​ឆ្នាំនេះ ត្រូវបាន​សង់ ឡើង​តាម​ដំណាក់កាល​នីមួយៗ តាំងពី ២០០៧​មក​។ ហើយ​ថា ចិន​បាន​ដំណើរ​ការថត​ភាពយន្ត និង​បើក​ឲ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​លើកដំបូង​ក្នុង​ឆ្នាំ ២០១៥​រហូតមក​។​



​ក្រុមហ៊ុន​បាន​ជួល​តូប​លក់ដូរ​សម្ភារៈប្រើប្រាស់ អនុស្សាវរីយ​នានា ឲ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន​បន្តធ្វើ​អាជីវកម្ម ក្នុង​អគារ​ទីក្រុង រោងភាពយន្ត និង​ស្ទូ​ឌី​យោ​ថត​ភាពយន្ដ​ដែល​យក​លំនាំ​តាម​រចនា​សំណង់​ក្រោយ​សង្គ្រាមលោក​លើកទីមួយ​។​

​អាជីវករ​ចិន បានរៀបចំ​កន្លែង​លក់ដូរ​សំលៀកបំពាក់ កន្លែង​ថត តូប​លក់​អាហារ​នានា តាម​បណ្តោយ​ផ្លូវ​ក្រោយ​ថ្មភ្នំ​ចិន​បុរាណ​ដែលមាន​ឈ្មោះ ដូចជា វិថី​សង្គមនិយម (Socialism Street) ជាដើម​។ ក្រុមហ៊ុន​ក៏បាន​រៀបចំ​រចនា​ទំនាក់ទំនង​គ្នា​រវាង​ចិន និង​អឺរ៉ុប តាម​វិថី​អឺរ៉ុប ក្នុងសម័យ​នោះដែរ ក្រៅពី​រចនាបទ​ចិន​ក្នុង​ទីក្រុង​ដែល​ចំណាយ​ថវិកា​សង់​អស់​ជាង ១០០​លាន​យ័ន ប្រមាណ ២០​លាន​ដុល្លារ​ដុល្លារ​អាមេរិក​។​
​តាម A Hai ពលរដ្ឋ​បានទទួល​ចំណូល​ពី​វិស័យ​ទេសចរណ៍​ភាពយន្ត​នេះ ដោយសារ​ពួកគេ​អាច​លក់​សម្ភារៈ​នានា​ជូន​ភ្ញៀវទេសចរ​។ លោក​និយាយថា ទេសចរ​ចិន​ភាគច្រើន ពី ១​ពាន់ ទៅ ៥​ពាន់​នាក់ បាន​ទិញ​សំបុត្រ ៨៨​លាន​យ័ន ស្មើនឹង​ជាង ១០​ដុល្លារ​អាមេរិក ចូល​ទស្សនា​ទីក្រុង​នេះ​ពី​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ១០​យប់​ក្នុង​មួយថ្ងៃៗ ៕
























































































Tag:
 ​ហៃ​ណាន​
  ទីក្រុង​ភាពយន្ត​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com