កីឡាជាតិ
ជាតិ
កែវ រំ​ចង់ លុបចោល​ការប្រកួត​អន្តរជាតិ​មួយចំនួន​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​
09, Dec 2016 , 9:19 am        
រូបភាព
ដោយ:
​អ្នកលេង​គុន​ខ្មែរ​ចិត្តសឿង កែវ រំ​ចង់ បាប​លុបចោល​ការប្រកួត​អន្តរជាតិ​មួយចំនួន ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​របួស​ដៃ​ខាង​ធ្វេ​ង​នៅ​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​២ ខែធ្នូ កន្លងទៅ​។ ទោះបី​ពេលនេះ​រូបគេ​បាន​ចេញពី​មន្ទីរពេទ្យ​ក៏ដោយ ប៉ុន្តែ​ត្រូវ​សម្រាក​ព្យាយាម​នៅផ្ទះ​ដោយសារ​របួស​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​។



​អ្នក​គុន​ខ្មែរ កែវ រំ​ចង់ បាន​លុបចោល​ការប្រកួត​ជាមួយ​កីឡាករ​ថៃ Iquezang ក្នុង​ព្រឹត្តិការណ៍ Thai Fight នា​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ប្រទេស​ថៃ និង​ការប្រកួត​មិត្តភាព​អន្តរជាតិ ដើម្បី​អបអរ​ថ្ងៃបុណ្យ​រំដោះជាតិ​៧​មករា នៅ​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០១៧​។ ការលុបចោល​នេះ​ដោយសារ រំ​ចង់ មាន​បញ្ហា​របួស​ដៃ​ធ្ងន់ធ្ងរ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​២ ខែធ្នូ កន្លងទៅ​។

​បើ​យោងតាម លោក កែវ សំអាង គ្រូបង្វឹក និង​ជា​ឪពុក​បង្កើត​របស់​កីឡាករ កែវ រំ​ចង់ ស្ថានភាព​របួស​ដៃ​របស់​កីឡាករ កែវ រំ​ចង់ ត្រូវ​សម្រាក​ព្យាបាល​យ៉ាងហោចណាស់​ពី​៥​ខែ​ទៅ​៦​ខែ ព្រោះ​របួស​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។ ក្រោយពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់​រយៈពេល​៣​ថ្ងៃ​បន្ទាប់ពី​រងរបួស ខណៈពេល​នេះ រំ​ចង់ បាន​ចេញពី​ពេទ្យ​ទៅ​ដេក​សម្រាក​ព្យាបាល​នៅផ្ទះ​វិញ​ហើយ​។



​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កីឡាករ កែវ រំ​ចង់ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​អា​រុណ​សួរ​ស្តី​បងប្អូន ឥឡូវនេះ​ខ្ញុំ​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៦ ដោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែល​មិនអាច​ទៅ​វៃ​នៅ​កម្មវិធី Thai Fight នា​ថ្ងៃទី​២៤ ខែធ្នូ ខាងមុខនេះ​។ ឥឡូវ​ខ្ញុំ​បាន​ចេញពី​មន្ទី​ពេទ្យ​ហើយ ហើយក៏​ត្រូវ​ព្យាបាល​ចាក់​ថ្នាំ និង​លេបថ្នាំ​បន្ត​នៅផ្ទះ​ជា​រៀងរាល់ថ្ងៃ​ផងដែរ​»​។

​លោក កែវ សំអាង បានបញ្ជាក់​ផងដែរ​ថា ការ​ដេក​សម្រាក​ព្យាបាល​ដៃ​របស់ កែវ រំ​ចង់ រហូតដល់​៦​ខែ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការប្រកួត​ខាងលើ​ប៉ុណ្ណោះ​ទេ លើសពីនេះ​ប៉ះពាល់​ដល់​ការប្រកួត​នៅក្នុង​ស្រុក​ជាច្រើន​ទៀតផង​ដែរ​។ ចំណែក​ការប្រកួត​នៅ​សហរដ្ឋអាមេរិក​នា​អំឡុង​ខែសីហា ឆ្នាំ​២០១៧ ខាងមុខ ប្រហែល​មិនមាន​ការប៉ះពាល់​នោះឡើយ​៕ 




Tag:
 ប្រដាល់​
  កែវ រំ​ចង់​
  គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com