ជាតិ
សេដ្ឋកិច្ច
លោក គួច ម៉េង​លី ចែករំលែក ទស្សនវិស័យ​ជុំវិញ​បរិយាកាស​ធុរកិច្ច​កម្ពុជា​
09, Dec 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន ម៉េង​លី ជេ​.​គួច អេ​ឌ្យូ​ខេ​សិន ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ​បំផុត​ក្នុងនាម​ជា​អ្នកគ្រប់គ្រង​អាជីវកម្ម​ឆ្នើម​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើតាម​ការផ្សាយ​របស់​ទ​ស្ស​នាវ​ដ្តី «​ពាណិជ្ជកម្ម​កម្ពុជា​» (Business Cambodia) និង​ជា​ស្ថាប័ន​ដែល​បានរៀបចំ​ការបោះឆ្នោត​នា​រយៈ​ពេញ​១​ឆ្នាំកន្លងមក​។



​ក្នុង​បទ​សម្ភាស​ជាមួយ​ទស្សនា​វ​ដ្តី​ពាណិជ្ជកម្ម​កម្ពុជា (Business Cambodia) ដែល​ចេញផ្សាយ​សម្រាប់​ខែធ្នូ ឆ្នាំ​២០១៦ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន ម៉េង​លី ជេ​.​គួច អេ​ឌ្យូ​ខេ​សិន បានលើកឡើង​ពី​ទស្សនវិស័យ​ជាច្រើន​ស្តីពី​បរិយាកាស​ធុរកិច្ច​បច្ចុប្បន្ន និង​អនាគត នៅក្នុង​ប្រទេស​កម្ពុជា​។​

​ទាក់ទង​នឹង​ឥទ្ធិពល​នៃ​ការបោះឆ្នោត​នាពេលខាងមុខ លោក គួច ម៉េង​លី បាន​ទទួលស្គាល់ថា ប្រជាជន​មិនតិច​ទេ ពិសេស​គឺ​សហគ្រិន និង​វិនិយោគិន មានការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​មិន​ប្រក្រតី​នានា​ដែល​អាច​កើតមានឡើង ប៉ុន្តែ​លោក​ក៏បាន​កត់សម្គាល់​ផងដែរ វា​មិនមែនជា​បញ្ហា​ថ្មី​នោះឡើយ​។  លោក​បាន​លើកឡើងថា​៖ «​វា​ជា​ព្រឹត្តិការណ៍​មួយ​ដែល​តែង​កើតឡើង​រៀងរាល់​៥​ឆ្នាំ​ម្ដង​សម្រាប់​កម្ពុជា ហើយ​យើង​ក៏​ធ្លាប់​ឆ្លងកាត់​មក​៥​ដង​ហើយ​ដែរ តែ​ក្រោយពី​ការបោះឆ្នោត​យើង​សង្កេតឃើញថា សេដ្ឋកិច្ចកម្ពុជា​នៅតែ​បន្ដ​បោះជំហាន​ទៅមុខ​ល្អ​រហូត​»​។​



​និយាយ​ពី​ទំនាក់​ទំនងជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​សម្រាប់​ការប្រតិបត្តិ​អាជីវកម្ម លោក គួច ម៉េង​លី បានលើកឡើង​ប្រាប់​ទស្សនា​វ​ដ្តី​ពាណិជ្ជកម្ម​កម្ពុជា ថា ការប្រកប​អាជីវកម្ម​មួយ​ជោគជ័យ ត្រូវមាន​ធាតុ​ផ្សំ​ជាច្រើន​ចូលរួម តែ​អ្វីដែល​ផ្ដើមចេញ​សំខាន់បំផុត​នោះ​គឺ​ខ្លួនឯង​។ លោក​គូសបញ្ជាក់ថា ការចេះ​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​ទំនាក់ទំនង​ល្អ គឺជា​គ្រឹះ​ដ៏​សំខាន់​មួយ​ដែល​សហគ្រិន ក៏ដូចជា​អ្នកដឹកនាំ​ត្រូវមាន​ជា​ចាំបាច់​។

​លើ​កិច្ចសហការ​ក្នុង​កិច្ចការងារ​សង្គម លោក​បាន​មានប្រសាសន៍ថា​៖ «​ក្នុងនាម​ជា​សហគ្រិន​ល្អ និង​ក្នុងនាម​ជា​អ្នកធ្វើអាជីវកម្ម​ដែល​ទទួលបាន​ផលប្រយោជន៍​ពី​សង្គម យើង​ត្រូវ​ចាំ​ថា បើ​យើង​ប្រមូល​ផលចំណេញ​ពី​សង្គម​ណា យើង​ត្រូវដាក់​ផល​ទៅឱ្យ​សង្គម​នោះ​វិញ ពោលគឺ​ចេះ​បរិច្ចាគ​ដល់​សង្គម​តាមរយៈ​កិច្ចការ​សប្បុរសធម៌​ជាដើម​»​។​

​ក្រៅពី​ការបើក​សាលារៀន​បណ្តុះបណ្តាល ឧកញ៉ា​ចិត្តធម៌​រូបនេះ បាន​បំពេញ​តួនាទី​យ៉ាងច្រើន​ដើម្បី​សង្គម ជាពិសេស​យុទ្ធនា​ការជួយ​ដល់​កុមារ​ក្រីក្រ​នៅតាម​ទីជនបទ​។ កាលពីពេល​ថ្មីៗ​កន្លងមកនេះ លោក​បាន​កម្មវិធី​សប្បុរសធម៌ “​កង់​មួយជីវិត​មួយ​” សម្រាប់​ចែកជូន​ដល់​សិស្ស​ក្រីក្រ​។

​ទាក់ទង​នឹង​ធនធានមនុស្ស លោក​មើលឃើញថា កម្ពុជា​នៅតែ​ខ្វះខាត​នៅឡើយ បើទោះបីជា​សេដ្ឋកិច្ច​កំពុង​លូតលាស់​ក៏ដោយ​។ បើតាម​លោក គួច ម៉េង​លី  រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​អប់រំ គួរតែ​បន្ថែម និង​ពង្រឹង​កម្មវិធីសិក្សា​ឲ្យ​ត្រូវ​តាម​តម្រូវការ​ការងារ​ជាក់ស្ដែង​។ ការដក​បទពិសោធន៍​នាពេល​អំឡុងពេល​សិក្សា និង​ការផ្តល់​ការងារ​ស្ម័គ្រចិត្ត គឺជា​រឿង​ដ៏​សំខាន់បំផុត​ក្នុងការ​ពង្រឹង​ធនធានមនុស្ស​ដើម្បី​ឆ្លើយ​នឹង​តម្រូវ​ការងារ​ក្នុងសង្គម និង​តំបន់​អាស៊ាន​។​

​ចំណែក​បរិយាកាស​ជុំវិញ​វិស័យ​អចលនទ្រព្យ​វិញ លោក គួច ម៉េង​លី វាយតម្លៃថា មិនទាន់មាន​ភាពច្បាស់​លាស់​នៅឡើយ ដោយ​វា​ហាក់ដូចជា​កំពុង​ដើរ​ទៅរក​ចំណុច​កក្អម​។ លោក​កត់សម្គាល់ថា មានការ​សាងសង់​សំណង់​ជាច្រើន ជាពិសេស​ខុន​ដូ និង​អា​ផាត​មិន ប៉ុន្តែ​វា​ហាក់ដូចជា​មិន​ស្របតាម​តម្រូវការ​របស់​ប្រជាជន​ខ្មែរ​នោះឡើយ ខណៈ​អតិថិជន​បរទេស​នៅមាន​ក​ម្រិ​ត​។ 



​ទោះបីជា​យ៉ាងណាក៏ដោយ លោក គួច ម៉េង​លី បានផ្តល់​យោបល់​ថា កម្ពុជា​គួរ​មានការ​សាងសង់​អន្តេវាសិកដ្ឋាន​ឲ្យ​បាន​ច្រើន​សម្រាប់​និស្សិត​ក្រីក្រ ពីព្រោះ​ពួកគាត់​ជា​ធនធាន​ដ៏​សំខាន់​ដែល​ត្រូវ​ទទួលបាន​នូវ​ការយកចិត្តទុកដាក់ បន្ថែម​ពីលើ​នេះ លោក​ចង់​ឲ្យ​មានការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​តំបន់​ព្រំដែន ដើម្បី​កាត់បន្ថយ​ការ​ចំណាកស្រុក​។​

​សម្រាប់​ទិដ្ឋភាព​នៃ​ការប្រកួតប្រជែង​អាជីវកម្ម​យីហោ​ក្នុងស្រុក និង​ក្រៅ​ស្រុក  លោក គួច ម៉េង​លី បែរជា​មើលឃើញ​ផល​វិជ្ជមាន​ទៅវិញ​។ លោក​ចង់ឃើញ​ការចូល​មក​វិនិយោគ​ពី​យីហោ​អាជីវកម្ម​បរទេស​កាន់តែច្រើន​បន្ថែ​ម​ទៀត​មក​កម្ពុជា​។ «​ការប្រកួតប្រជែង​គឺជា​ការជំរុញ​ឲ្យ​មាន​គុណភាព​កាន់តែ​ប្រសើរ ថែមទាំង​ផ្ដល់នូវ​ជម្រើស​និង​បទពិសោធ​ថ្មី​សម្រាប់​អតិថិ​ន ពិសេស​ជា​ឱកាស​ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម​ផងដែរ​»​។  នេះ​ជាការ​កត់សម្គាល់​របស់​លោក​។​

​ទាក់ទង​នឹង​សេវា​សុខាភិបាល ឧកញ៉ា​រូបនេះ មើលឃើញថា ការអប់រំ​អំពី​ការថែទាំ​សុខភាព​នៅតាម​សហគមន៍ គឺ​នៅមានកម្រិត ខណៈដែល​សេវា​ព្យាបាល​សាធារណៈ​មិនសូវមាន​ភាពច្បាស់លាស់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ខ្មែរ​ពិបាក​លូតលាស់​ទៅមុខ​។  លោក​បាន​សម្តែង​ពី​កង្វល់​ទាក់ទង​នឹង​ការនិយម​សេព​គ្រឿង​ស្រ​វែង គ្រឿងញៀន និង​ការជក់បារី ជាដើម​។ លោក​បាន​សំណូមពរ​ដល់​រដ្ឋាភិបាល​ឲ្យ​រឹតបន្តឹង​ចំពោះ​បញ្ហា​នេះ​ព្រោះ​វា​ជា​ជំងឺ​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​។​

​ចំពោះ​សហគ្រិនភាព​វិញ លោក គួច ម៉េង​លី មើលឃើញថា  ការ​បំផុស​បំផុស​មួយចំនួន​ពី​ការធ្វើ​អាជីវកម្ម ឬ​ក្លាយជា​សហគ្រិន​ជោគជ័យ ហាក់​គ្រាន់តែ​ជាការ​អេះ​មិន​ចំ​កន្លែង​រមាស់​ប៉ុណ្ណោះ ព្រោះ​វា​គ្មាន​មូលដ្ឋាន ឬ​វិធីសាស្ត្រ​ជាក់លាក់​ណាមួយ​សម្រាប់​យុវ​វជន​យកទៅអនុវត្ត​ឡើយ​។ ទាក់ទង​នឹង​បញ្ហា​នេះ  លោក​ឧកញ៉ា​បាន​ដាស់តឿន​ថា យុវជន​ត្រូវខិតខំ​រៀនសូត្រ ចាប់​ជំនាញ​ឲ្យ​បានច្បាស់លាស់ និង​ធ្វើ​ការដកពិសោធន៍​ក្នុង​ការងារ​ឲ្យ​បាន​ឆ្អិន​សិន សឹម​ចេញទៅ​ឈោង​ចាប់​ក្ដី​សុបិន​ជា​សហគ្រិន​។ លោក​លើកឡើងថា​៖ «​ដើម្បី​ក្លាយជា​បុគ្គល​មាន​សក្ដានុពល យុវជន​ត្រូវ​ដើរ​ឲ្យ​ទាន់សម័យ​បច្ចេកវិទ្យា ត្រូវ​ចេះ​ទាញ​ប្រយោជន៍ និង​ឱកាស​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ឲ្យ​បាន​ច្រើន​»​។

​បន្ថែម​ពីលើ​នេះ លោក គួច ម៉េង​លី ចង់ឃើញ​ស្ត្រី​មាន​តួនាទី​ជា​ថ្នាក់ដឹកនាំ​បន្ថែមទៀត​ទាំង​លើ​វិស័យ​នយោបាយ  ទាំង​វិស័យ​ធុរកិច្ច ព្រោះ​លោក​កត់សម្គាល់ថា ស្ត្រី​ភាគច្រើន​ជា​មនុស្ស​ដែលមាន​ចិត្ត​អំណត់​អត់​ធន តស៊ូ និង​ហ្មត់ចត់​ជាង​បុរស ហើយ​ស្ត្រី​ជា​កម្លាំង​ដ៏​សំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

​ក្រៅពី​ជំរុញ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ទៅតាម​ស្តង់ដា​សម្រាប់​យុវជន លោក គួច ម៉េង​លី បាន​ក៏​លើកឡើង​ផងដែរ​ពី​សារសំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងការ​ចែករំលែក​នូវ​ព្រឹត្តិការណ៍ និង​ចំណេះដឹង​នានា​សម្រាប់​ប្រជាជន​ទូទៅ​។

​បើតាម​សម្តី​របស់លោក គួច ម៉េង​លី ដែល​ដកស្រង់​ដោយ​ពាណិជ្ជកម្ម​កម្ពុជា រាល់​ចំណុច​ដែល​កម្ពុជា​កំពុង​ប្រឈម ត្រូវការ​យន្តការ​វិជ្ជមាន​ជា​ចំ​បាច់​របស់​រដ្ឋាភិបាល ដោយមាន​ការចូលរួម​យ៉ាងសកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​យុវជន​ដែលជា​កម្លាំង​ស្នូល​៕




Tag:
 ​គួច ម៉េង​លី
© រក្សាសិទ្ធិដោយ thmeythmey.com