អន្តរជាតិ
ហ្វីលីពីន លែង​ចង់​ឲ្យ​អាមេរិក​ប្រើ​មូលដ្ឋាន​ដើម្បី​ល្បាត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទៀត ដ្បិត​មិន​ចង់​បង្កបញ្ហា
09, Dec 2016 , 10:39 pm        
រូបភាព
រូបភាពកងទ័ពអាមេរិក និងកងទ័ពហ្វីលីពីនធ្វើសមយុទ្ធ PHIBLEX នៅខែតុលាកន្លងទៅ
រូបភាពកងទ័ពអាមេរិក និងកងទ័ពហ្វីលីពីនធ្វើសមយុទ្ធ PHIBLEX នៅខែតុលាកន្លងទៅ
ដោយ:
​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន លោក Delfin Lorenzana នៅ​ថ្ងៃទី​០៨ ខែធ្នូ បាន​អះអាងថា ហ្វីលីពីន ទំនងជា​មិន​អនុ​ញ្ញា​ឲ្យ​កងទ័ព​អាមេរិក​ប្រើប្រាស់​មូលដ្ឋាន​យោធា​របស់ខ្លួន​ដើម្បី​ធ្វើ​សកម្មភាព​ល្បាត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទៀតឡើយ​។ ការណ៍​ធ្វើបែបនេះ ដោយ​លោក​បញ្ជាក់ថា ហ្វីលីពីន មិន​ចង់​ចូលរួម​បង្កហេតុ​នៅក្នុង​ដែនទឹក​ជម្លោះ និង​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​ទីនោះ​កាន់តែ​តានតឹង​។



​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ថា​តើ​ហ្វីលីពីន នឹង​បន្ត​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការ​ល្បាត​នាវា និង​យន្តហោះ​របស់​អាមេរិក​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទៀត​ឬ​យ៉ាងណា លោក​រដ្ឋមន្ត្រី​ការពារជាតិ Lorenzana បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« Duterte (​ប្រធានាធិបតី​ហ្វីលីពីន​) នឹងមិន​អនុញ្ញាត​ឲ្យ​រឿង​បែបនេះ​កើតឡើង​ឡើយ​ដើម្បី​ចៀសវាង​សកម្មភាព​បង្កហេតុ ដែល​អាចធ្វើ​ឲ្យ​ស្ថានភាព​កាន់​អាក្រក់​នោះ​។ វា​(​ការផ្តល់​មូលដ្ឋាន​ឲ្យ​អាមេរិក​) មិនអាច​ទៅរួច​នោះទេ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី The Jakarta Post​។

​លោក​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ បាន​បន្ថែមទៀតថា ហ្វីលីពីន នឹង​ព្យាយាម​ចៀស​ការធ្វើសកម្មភាព​បែ​ប​នេះ​ក្នុង​រយៈពេល​មួយ តែ​លោក អះអាងថា អាមេរិក អាច​ហោះហើរ​ចេញពី​មូលដ្ឋាន​ផ្សេងទៀត​ដើម្បី​ធ្វើ​សកម្មភាព​ល្បាត​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​នោះ​។

​សូម​រម្លឹក​ផងដែរ​ថា ក្រោម​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក ប៊ែ​រ​នី​ណូ អា​ហ្គូ​ណូ ទំនាក់ទំនង​អាមេរិក និង​ហ្វីលីពីន ជាពិសេស​លើ​វិស័យ​យោធា បាន​មាន​ភាព​ស្និទ្ធ​ល្មួត​ជាមួយនឹង​គ្នា​ខ្លាំង​។ អាមេរិក បាន​ជួយ​ជ្រោមជ្រែង​ហ្វីលីពីន​ដើម្បី​ប្រឆាំង​ទៅនឹង​ចិន​នៅក្នុង​តំបន់​វិវាទ​សមុទ្រ​ចិន​ខាងត្បូង តាមរយៈ​ការហ្វឹកហ្វឺន​កងទ័ព​ហ្វីលីពីន និង​សកម្មភាព​ល្បាត​នៅក្នុង​តំបន់​ជម្លោះ​នោះ​ទៀតផង​។ ជាងនេះទៅទៀត ក្រោម​រដ្ឋបាល​ចាស់​ដដែល​នោះ ហ្វីលីពីន ថែមទាំង​ផ្តល់​មូលដ្ឋាន​កងទ័ពអាកាស​ឲ្យ​អាមេរិក​ឈរជើង ដែល​ក្បែរ​នឹង​តំបន់​ជម្លោះ​នោះ​ទៀតផង​។

​យ៉ាងណាក៏ដោយ ក្រោម​រដ្ឋបាល​ថ្មី​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) ទំនាក់ទំនង​រវាង​អាមេរិក និង​ហ្វីលីពីន បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ដ្បិត​លោក​ប្រធានាធិបតី​រូបនេះ មាន​និន្នាការ​នយោបាយ​ប្រឆាំង​អាមេរិក​ខ្លាំង ខណៈ ងាក​ទៅរក​ចិន និង​រុស្ស៊ី​វិញ​។ ជាងនេះទៅទៀត​នោះ លោក ថែមទាំង​ធ្លាប់​ប្រកាស​ផ្តាច់ទំនាក់ទំនង​វិស័យ​ការពារ​ជាមួយនឹង​អាមេរិក​ទៀតផង​៕


Tag:
 ហ្វីលីពីន​
  អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com