កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ផ្តល់​ថវិកា​៤​ម៉ឺន​ដុល្លារ​ដល់​ម្ចាស់​មេដាយមាស​ប៉េតង់ សុខ ចាន់​មាន​
09, Dec 2016 , 9:46 pm        
រូបភាព
ដោយ: ថ្មីៗ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី​៩ ធ្នូ បានផ្តល់​រង្វាន់​លើកទឹកចិត្ត ដល់​ម្ចាស់​មេដាយមាស​ប៉េតង់ ឆ្នាំ​២០១៦ កីឡាករ សុខ ចាន់​មាន​។ រង្វាន់​លើកទឹកចិត្ត​នេះ សរុប​ទាំងអស់​មាន​ចំនួន​៤​ម៉ឺន​ដុល្លារ ដែល សុខ ចាន់​មាន​ទទួលបាន​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។



​ម្ចាស់​មេដាយមាស​ប៉េតង់​ពិភពលោក ឆ្នាំ​២០១៦ សុខ ចាន់​មាន ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល ជា​ទឹកប្រាក់​មាន​ចំនួន ១២០​លាន​រៀល ឫ​ស្មើនឹង ៣​ម៉ឺន​ដុល្លារ និង​ដល់​គ្រូបង្វឹក​ចំនួន ១២០​លាន​រៀល​។ យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន ដែល​ផ្សាយ​នៅ​រសៀល​ថ្ងៃទី​៩ ធ្នូ ក្នុងនោះ​សម្តេច​ក៏បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ១​ម៉ឺន​ដុល្លារ​ទៀត​ដល់​កីឡាករ សុខ ចាន់​មាន គ្រូបង្វឹក​៣​ពាន់​ដុល្លារ ប្រធាន​ប្រតិភូ ២​ពាន់​ដុល្លារ និង​ដល់​កីឡាករ​៣​នាក់​ដែល​រួម​ដំណើរ​ទៅជា​មួយ​ក្នុង​ម្នាក់ៗ ១​ពាន់​ដុល្លារ​ផងដែរ​។​

​ក្នុង​ឳ​កាស​នោះដែរ សម្តេច ហ៊ុន សែន ក៏បាន​ផ្តាំផ្ញើ​ដល់​កីឡាករ និង​គ្រូបង្វឹក​ទូទាំងប្រទេស ត្រូវ​យកចិត្តទុកដាក់​ហ្វឹកហ្វឺន​ឲ្យ​កាន់តែ​ពូកែ ដើម្បី​ជា​ទុន​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​គួររម្លឹកថា កីឡាករ សុខ ចាន់​មាន ទទួលបាន​មេដាយមាស​ប៉េតង់​ពិភពលោក ក្នុងការ​ប្រកួត​ជើងឯក​កីឡា​ប៉េតង់​ពិភពលោក (World Championships 2016) ដែល​ប្រារព្ធ​ឡើង​នៅ​ប្រទេស ម៉ា​ដា​កា​ស្ការ (Madagascar)​។ ការប្រកួត​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៤ ធ្នូ ឆ្នាំ​២០១៦៕​


Tag:
 កីឡា​ប៉េតង់​
  សុខ ចាន់​មាន
© រក្សាសិទ្ធិដោយ thmeythmey.com