ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ថុ​ន រដ្ឋា យុវជន​ក្នុង​បេសកកម្ម​ប្រឆាំង​ការ​បូម​ខ្សាច់​សមុទ្រ​នៅ​ខេត្តកោះកុង
10, Dec 2016 , 11:00 am        
រូបភាព
ដោយ:
​កោះកុង​៖ យុវជន ថុ​ន រដ្ឋា គឺជា​សកម្មជន​បរិស្ថាន​របស់​អង្គការ​មាតា​ធម្មជាតិ ដែល​ល្បីល្បាញ​ក្នុង​ការតវ៉ា​ប្រឆាំង គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​អា​រ៉ែ​ង​ខេត្តកោះកុង​។ បច្ចុប្បន្ន រដ្ឋា​កំពុង​បំពេញ​បេសកម្ម​ថ្មី គឺ​ការតវ៉ា​ប្រឆាំង​ក្រុមហ៊ុន​បូ​ប​ខ្សាច់​នៅ​ខេត្តកោះកុង ស្នង​ពី​លោក Alejandro Gonzalez Davidson ជនជាតិ​អេ​ស្ប៉ា​ញ ជា​សកម្មជន​បរិស្ថាន ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បណ្តេញចេញ​នៅ​ដើមឆ្នាំ​២០១៥ ។

 
​ម៉ោង​៩​យប់​ទៅហើយ ប៉ុន្តែ​យុវជន ថុ​ន រដ្ឋា កំពុង​អង្គុយ​ក្បែរមាត់ច្រាំង​សមុទ្រ​ខាងមុខ​អគារ​សាលាខេត្ត​កោះកុង ដើម្បី​លំហែ​អារម្មណ៍​ក្រោយពី​បាន​ចូលរួម​ចែករំលែក​បទពិសោធ​ការងារ​បរិស្ថាន​របស់​ខ្លួន ដល់​យុវជន​ជាង​២០០​នាក់​។ មាន​អាយុ​២៤​ឆ្នាំ អតីត​និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ម្នាក់នេះ គួរតែ​ខ្វល់ខ្វាយ​រក​ការងារ​ធ្វើ​នៅក្នុង​ទីក្រុង ប៉ុន្តែ​បច្ចុប្បន្ន​សម្រាប់​គាត់ គ្មានអ្វី​ធំ​ជាង​ការ​ប្រឹង​ធ្វើយ៉ាងណា ដើម្បី​បញ្ឈប់​ការ​បូម​ខ្សាច់​នៅក្នុង​ខេត្តកោះកុង​ឡើយ ទោះជា​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​យ៉ាងណាក៏ដោយ​។ 
 
​ថុ​ន រដ្ឋា និយាយថា​៖ «​ខ្ញុំ​ខ្លាច​ដូច​គេ​ដូច​ឯង​ដែរ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ខ្លាច​ជាងគេ​នោះ គឺ​ការបាត់បង់​ធនធានធម្មជាតិ​»​។​
 
​រដ្ឋា ជាស​កម្មជាន​បរិស្ថាន​មួយរូប​ក្នុង​អង្គការ​មាតា​ធម្មជាតិ ដែលជា​អង្គការ​មូលដ្ឋាន​មួយ​មាន​ភាព​មុះ​មុត​ក្នុង​ការតស៊ូ​ប្រឆាំងនឹង​ការ​បូម​ខ្សាច់ ដោយ​ក្រុមហ៊ុន​ឯកជន​នៅក្នុង​សមុទ្រ ខេត្តកោះកុង​។ គាត់​និយាយថា សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ទាំងនោះ កំពុង​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ធ្ងន់​ធ្ង​រ​ដល់​ជីវភាព​រស់នៅ​របស់​អ្នកស្រុក ជាពិសេស​ក្នុងភូមិ​កោះ​ស្រឡៅ ឃុំ​កោះ​កាពិ ស្រុក​កោះកុង ខេត្តកោះកុង ចម្ងាយ​ប្រហែល​៣០​គីឡូម៉ែត្រ ពី​ក្រុង​ខេមរភូមិន្ទ​។ ភូមិ​ដាច់ស្រយាល​មួយ​នេះ បាន​រងគ្រោះ​បន្ទាប់ពី​កប៉ាល់ និង​គ្រឿងចក្រ​បូម​ខ្សាច់​របស់​អ្នកមានអំណាច បាន​ចូលមក​លុកលុយ ដោយ​ធ្វើ​អាជីវកម្ម​តាំងពី​ឆ្នាំ​២០០៨​មក​។ អ្នកភូមិ និង​សកម្មជន​បរិស្ថាន បាន​ផ្ទុះ​ការតវ៉ា​ជាច្រើន​ដង ដើម្បី​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ ក្នុង​គោលបំណង​ការពារ​ធនធាន​ផល​នេសាទ​ដែលជា​ឆ្នាំងបាយ​របស់ខ្លួន​។ រដ្ឋា និយាយថា​៖ «​ចាប់តាំងពី​មានការ​បូម​ខ្សាច់​មក មច្ឆជាតិ​បាន​ថយចុះ​យ៉ាងខ្លាំង ហើយ​លើសពីនេះ វា​បានធ្វើ​ឲ្យ​បាក់​ច្រាំង និង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ដែល​អ្នកភូមិ​ជាង​២០០​គ្រួសារ​កំពុង​អាស្រ័យ​ផល​»​។  
  
​សកម្មជន​បរិស្ថាន​ជនជាតិ​អេ​ស្ប៉ា​ញ​ជា​គំរូ​លើកទឹកចិត្ត 
 
​តាមពិតទៅ រដ្ឋា មិនមែនជា​អ្នករស់នៅ​តំបន់​ដែល​កំពង់​រងគ្រោះ​ដោយ​ការ​បូម​ខ្សាច់​នេះឡើយ រូបគេ ជា​អ្នកមាន​ដើមកំណើត​នៅ​ភូមិ​បឹង​លើ ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើកដែក ខេត្តកណ្តាល ឯណោះ​វិញ​ទេ​។ ក្នុងអំឡុងពេល​សិក្សា​នៅ​ភ្នំពេញ​នៅឡើយ រដ្ឋា តែង​ឆ្លៀត​ចូលរួម​ស្តាប់​បទ​បង្ហាញ​របស់លោក Alejandro Gonzalez Davidson ជនជាតិ​អេ​ស្ប៉ា​ញ​ដែល​គេ​ច្រើន​ហៅ​យ៉ាងខ្លី​ថា “​អា​ឡិច​”​។ អា​ឡិច ដែល​ចេះ​និយាយ​និង​សរសេរ​ភាសា​ខ្មែរ​បាន​យ៉ាង​ស្ទាត់ជំនាញ ជា​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ បាន​តស៊ូ​មតិ​ដើម្បី​បញ្ឈប់​ការ​បូម​ខ្សាច់​នៅ​ខេត្តកោះកុង​។ សកម្មភាព​របស់គាត់ បានទទួល​ការគាំទ្រ​ពី​សំណាក់​មហាជន​កម្ពុជា​ជាច្រើន ប៉ុន្តែ​ជាការ​មិន​ពេញចិត្ត​របស់​រដ្ឋាភិបាល រហូត​គាត់​ត្រូវបាន​អាជ្ញាធរ​ជាតិ បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​នៅ​ដើមឆ្នាំ​២០១៥ ។ ប៉ុន្តែ​កាលដែល​អា​ឡិច​នៅមាន​វត្តមាន​ក្នុងប្រទេស​នៅឡើយ សកម្មភាព និង​ការនិយាយស្តី​របស់គាត់ បាន​នាំមក​នូវ​ការ​ដាស់សតិ និង​លើកទឹកចិត្ត​ដល់​យុវជន រដ្ឋា ឲ្យ​ចូលរួម​ក្នុង​បុព្វហេតុ​ការពារ​ធនធានធម្មជាតិ​ដែរ​។ 
 
​រដ្ឋា និយាយថា​៖ «​ឃើញ​អា​ឡិច​លះបង់​ដើម្បី​ខ្មែរ ខ្ញុំ​ខ្មាស​គាត់ ដែលជា​ជនបរទេស​សោះ តែ​គាត់​ហ៊ាន​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ធនធានធម្មជាតិ​របស់​ខ្មែរ​។ ខ្ញុំ​អត់​ចូលចិត្ត​ដើរ និង​ដេក​ក្នុងព្រៃ​នោះទេ ប៉ុន្តែ​គេ​កំពុង​បំផ្លាញ​ព្រៃឈើ ដូច្នេះ​ខ្ញុំ​ត្រូវ​ជួយ បើ​មិន​ដូច្នេះ​ទេ ខ្ញុំ​នឹង​បន្ទោស​ខ្លួនឯង ហើយ​ក្មេងជំនាន់ក្រោយ នឹង​បន្ទោស​ខ្ញុំ ចំពោះ​ការបាត់បង់​ធនធានធម្មជាតិ​»​។  លោក​បន្តថា​៖ «​ខ្ញុំ​ឈឺចាប់ ពេល​ឃើញ​ពលរដ្ឋ​សាមញ្ញ​ស្លូតត្រង់ និង​ពុំ​សូវ​មានចំណេះដឹង ត្រូវបាន​គេ​រំលោភសិទ្ធិ​របស់គាត់​»​។​
 
 
 
​ផ្តើម​ការងារ​ជា​សកម្មជន ផ្តើម​មានការ​គំរាមកំហែង​
 
​ការតស៊ូ​របស់​អង្គការ​មាតា​ធម្មជាតិ មិនមែន​ដើម្បី​បញ្ឈប់​ការ​បូម​ខ្សាច់​នៅ​ខេត្តកោះកុង​មួយ​មុខ​ទេ​។ សកម្មជន​របស់​អង្គការ​នេះ ក៏​សកម្ម និង​ព្យាយាម​ការពារ​ព្រៃឈើ សត្វ នៅ​តំបន់​ដទៃទៀត​ដែរ ដូចជា​នៅ​តំបន់​អា​រ៉ែ​ង ដែលជា​ជំរក​សត្វព្រៃ និង​កំពុង​រង​ការគំរាមកំហែង ពី​គម្រោង​សង់​ទំនប់​វា​រី​អគ្គិសនី​នៅ​ទីនោះ​។ ក្រោយ​រដ្ឋាភិបាល​បណ្តេញ​លោក អា​ឡិច ចេញពី​ប្រទេស កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៥​មក យុវជន​រូបនេះ​បានធ្វើ​សកម្មភាព​បន្ត ដើម្បី​ប្រឆាំង​ការ​បូម​ខ្សាច់​នៅ​ខេត្តកោះកុង ដែល​ឈ្មួញ​យកទៅលក់​ឲ្យ​បរទេស ជាពិសេស​ប្រទេស​សិង្ហ​បុរី​។ ការចូលរួម​ធ្វើជា​សកម្មជន​បរិស្ថាន របស់​អង្គការ​មាតា​ធម្មជាតិ​លើកដំបូង​របស់    រដ្ឋា គឺ​សកម្មភាព​គូរ​មុខមាត់​អំពី​រូបភាព​ព្រៃឈើ និង​ធនធានធម្មជាតិ ដែល​ត្រូវ​អាជ្ញាធរ​រារាំង​ទៀតផង​។ 
 
​សកម្មភាព​តវ៉ា​ដ៏​ខ្លាំងក្លា​របស់​អ្នកភូមិ​កោះ​ស្រឡៅ និង​សកម្មជន​បរិស្ថាន ត្រូវបាន​សាធារណជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង រហូត​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ឆ្នាំ ២០០៩ បានប្រកាស​ហាមឃាត់​ការនាំចេញ​ខ្សាច់ ដោយ​និយាយថា វា​ធ្វើ​ឲ្យ​ផលប៉ះពាល់​បរិស្ថាន ឆ្នេរសមុទ្រ និង​ទន្លេ​។ យ៉ាងណាក៏ដោយ ការហាមឃាត់​របស់​ប្រមុខ​រដ្ឋាភិបាល ហាក់​មិន​ត្រូវបាន​អើពើ ពី​សំណាក់​ក្រុមហ៊ុន​បូម​ខ្សាច់​ណាមួយ​ឡើយ​។​
 
​របាយការណ៍​នៃ​គយ​នៃ​ប្រទេស​សិង្ហ​បុរី  និង​របាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ បានបង្ហាញ​តួលេខ​ប្រហែល​គ្នា ជុំវិញ​បរិមាណ​នាំចេញ​ខ្សាច់ និង​ទំហំ​ទឹកប្រាក់ ដែល​កម្ពុជា​នាំ​ខ្សាច់​ចេញទៅ​ប្រទេស​សិង្ហ​បុរី​។ បើ​យោងតាម​របាយការណ៍​នោះ ចាប់ពី​ឆ្នាំ ២០០៧-២០១៥ កម្ពុជា​នាំចេញ​ខ្សាច់​ទៅ​សិង្ហ​បុរី ចំនួន ៧២,៧ លាន​តោន ស្មើនឹង​ទឹកប្រាក់ ៧៥២ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​ក្នុង​រយៈពេល​ដូចគ្នា កម្ពុជា​អះអាងថា បាន​នាំចេញ​ខ្សាច់​ទៅ​សិង្ហ​បុរី​ត្រឹមតែ ២,៨ លាន​តោន ស្មើនឹង​ទឹកប្រាក់ ៥ លាន​ដុល្លារ​ប៉ុណ្ណោះ​។​
 
​ប៉ុន្តែ​លោក ឌិ​ត ទីណា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ដែល​ត្រូវបាន​ស្រង់​ប្រសាសន៍​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ច្រានចោល​របាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ​ម្តង​រួម​ក​ហើយ ដោយ​អះអាងថា របាយការណ៍​នេះ មិន​ផ្អែកលើ​«​ភ័ស្តុតាង​រឹងមាំ​»​។ 
 
​ជំនួញ​ធនធាន​ខ្សាច់​ដ៏​មហាសាល ត្រូវបាន​អង្គការ​មាតា​ធម្មជាតិ គាស់កកាយ​តាមរយៈ​ការផលិត​វីដេអូ រូបភាព មក​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​សកម្មភាព​តវ៉ា​គ្រប់​រូបភាព រហូត​ធ្វើ​ឲ្យ​ជំនួញ​ខ្សាច់ សមុទ្រ​ដ៏​អាថ៌កំបាំង ត្រូវបាន​សាធារណជន​ដឹងឮ ហើយ​ក្លាយជា​ប្រធានបទ​របស់​មហាជន ក្នុង​ការជជែក​ពិភាក្សា​យ៉ាង​ក្តៅគគុក​ទៀតផង​។ រដ្ឋា ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​សកម្មជន​ជាច្រើន ដែល​បាន​ពុះពារ និង​ជំនះ​ការលំបាក ជួនកាល​គ្រោះថ្នាក់​ផង ក្នុងការ​បណ្តុះបណ្តាល​ព​ល​រដ្ឋ​ក្នុង​សហគមន៍ ដែល​រង​ផលប៉ះពាល់ ឲ្យ​យល់ដឹង​ពី​ច្បាប់ និង​សិទ្ធិ​របស់ខ្លួន ដើម្បី​ធ្វើការ​តវ៉ា​ការពារ​ឆ្នាំងបាយ​របស់ខ្លួន​។ 
 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖
 


​រដ្ឋា និយាយថា​៖ «​ដំបូង​ពលរដ្ឋ​មិន​យល់ដឹង ខ្លាច​គេ តែ​ក្រោយមក ពួកគេ​បាន​យល់ដឹង នឹង​ចេះ​ទាមទារ​រក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន និង​ជជែក​ជាមួយ​អាជ្ញាធរ​ចំពោះ​បញ្ហា​របស់គាត់​។ គាត់​ចាប់ផ្តើម​ប្រើ​សិទ្ធិ​របស់​ពួកគាត់ និង​ក្លាយជា​សកម្មជន ការពារ​ផលប្រយោជន៍​របស់​អ្នកភូមិ​ដោយ​ខ្លួនឯង​»​។ 
 
​យ៉ាងណាក៏ដោយ សកម្មភាព​របស់​រដ្ឋា មិន​ទទួលបាន​ការកោតសរសើ​រ និង​គាំទ្រ​ដោយ​អាជ្ញាធរ​ដែនដី​ឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ លោក​ត្រូវបាន​ក្រុមហ៊ុន និង​អាជ្ញាធរ​មូលដ្ឋាន ចាត់ទុកជា​ក្រុមប្រឆាំង​។  
 



​រដ្ឋា​រម្លឹកថា​៖ «​ពេល​ពួក​ខ្ញុំ​បើក​វគ្គ​បង្រៀន​អ្នកភូមិ អាជ្ញាធរ និង​នគរបាល ធ្លាប់​គំរាមថា គេ​ចាត់វិធានការ​ក្តៅ បើសិន​ខ្ញុំ​នៅតែ​បន្ត​បង្រៀន​អ្នកភូមិ ឲ្យ​តវ៉ា​ប្រឆាំងនឹង​ពួកគេ​ទៀត​»​។  
 
​យ៉ាងណាក៏ដោយ សកម្មជន​រូបនេះ ហាក់​មានសំណាង​ដែល​មិនបាន​ជាប់ពន្ធ​ធនាគារ​ដូច​សហសេវិក​របស់ខ្លួន​។ លោក​រម្លឹក ថា សមាជិក​របស់ខ្លួន​ចំនួន ៣ នាក់ ធ្លាប់​ជាប់ពន្ធនាគា​ររ​យៈ​ពេល​ជិត​មួយឆ្នាំ​ផងដែរ ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​ទាំង ៣ ទោះជា​ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ក្តី តែ​ត្រូវបាន​តុលាការ​តម្រូវ​ឲ្យ​សងជំងឺចិត្ត​ដល់​ក្រុមហ៊ុន នូវ​ទឹកប្រាក់ ១០០ លាន​រៀល និង ៥ លាន​រៀល​ទៀត សម្រាប់​ចំណាយ​ឲ្យ​រដ្ឋ​។ អ្នក​ទាំង ៣ នាក់ បានដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍​បន្តទៀត ពីព្រោះ​ពួកគេ​មិន​ពេញចិត្ត នឹង​ការបង្គាប់​របស់​តុលាការ​នោះទេ​។    
 


«​យុវជន​ខ្មែរ​មាន​ជំងឺ​បាក់ស្បាត​» 
 
​មិនមាន​យុវជន​ច្រើន​ឡើយ ដែល​ឈឺឆ្អាល​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ជាពិសេស សកម្មភាព​ណា​ដែល​ចេញ​មុខជា​សាធារណៈ ដែល​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ រដ្ឋា និយាយថា​៖ «​យុវជន​ខ្មែរ​យើង មាន​ជំងឺ​បាក់ស្បាត​ច្រើន ព្រោះ​បើ​ធ្វើ​រឿង​ក្តៅ ពួកគេ​មិនសូវ​ហ៊ាន​ចូលរួម​នោះទេ តែបើ​សិក្ខាសាលា​ផង និង​ដើរលេង​ផង គឺមាន​យុវជន​ចូលរួម​ច្រើន​។ មួយទៀត ការហាមឃាត់​ពី​គ្រួសារ ក៏​ជា​ធ្វើ​ឲ្យ​ពួកគេ​រារែក​ដែរ​។ ដូច​ខ្ញុំ​អីចឹង គ្រួសារ​ឃាត់​មិន​ឲ្យ​ធ្វើ​ទេ តែ​ខ្ញុំ​នៅ​បន្តធ្វើ​ការងារ​នេះ ដើម្បី​ធ្វើជា​គំរូ​សម្រាប់​យុវជន​ដទៃទៀត ក្នុង​ការចូល​រួមការ​ពារ​ធនធានធម្មជាតិ​យើង​»​។  
 
​គាត់​យល់ច្បាស់​ណាស់ អំពី​ការលំបាក និង​គ្រោះថ្នាក់​ដែល​គាត់​នឹងត្រូវ​ជួបប្រទះ ក្នុង​ផ្លូវ​តស៊ូ​ទៅមុខ ប៉ុន្តែ​គាត់​និ​យា​ថា អ្វីដែល​គាត់​ធ្វើ គឺ​គ្រាន់តែ​ចង់ឃើញ​អ្នកភូមិ​កោះ​ស្រឡៅ មាន​ជីវភាព​ធូរធារ និង​រស់នៅ​ដោយ​សុខសាន្ត​ប៉ុណ្ណោះ​៕      

Tag:
 ថុ​ន រដ្ឋា​
 ​សកម្មជន​បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com