ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការលួចចម្លង​សៀវភៅ កំពុង​ទាញ​ទម្លាក់​វិស័យ​តែង​និពន្ធ​នៅ​កម្ពុជា
10, Dec 2016 , 3:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖  ការលួចចម្លង​អត្ថបទ និង​សៀវភៅ ទៅធ្វើ​អាជីវកម្ម គឺ​កំពុង​បង្អាក់​ស្មារតី​អ្នកនិពន្ធ ឲ្យ​បោះបង់​ការសរសេរ និង​ចងក្រង​ឯកសារ​សម្រាប់​ខ្មែរ​ជំនាន់​ក្រោយ​។ ជាងនេះទៅទៀត និន្នាការ​នេះ បាន​ទាញ​ទម្លាក់​វិស័យ​តែង​និពន្ធ​ឲ្យ​ធ្លាក់ចុះ ខណៈ​សៀវភៅ​នៅ​កម្ពុជា​កំពុងមាន​តិចតួច​ផង​នោះ​។ ភិក្ខុ គូ សុភាព ដែលជា​អ្នក​តែង​និពន្ធ និង​ចងក្រង​សៀវភៅ ដ៏​ឆ្នើម​មួយអង្គ បាន​មាន​សង្ឃដីកា ថា ការលួចចម្លង​ក្នុងន័យ​សិក្សា​រៀនសូត្រ គឺ​មិនមែនជា​ការខុសឆ្គង​ឡើយ តែ​ប្រសិនបើ​ការលួចចម្លង​សៀវភៅ​ទៅធ្វើ​អាជីវកម្ម​នោះ គឺ​អំពើ​ខុសច្បាប់​។    


 
​ជា​បន្ត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ជាមួយ ភិក្ខុ គូ សុភាព សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ដូចតទៅ​៖


 
​ភិក្ខុ គូ សុភាព មាន​សង្ឃដីកា ថា ការលួចចម្លង​សៀវភៅ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​សតិអារម្មណ៍​អ្នកនិពន្ធ ពីព្រោះ ស្នាដៃ​របស់​អ្នកនិពន្ធ​មិនត្រូវ​បាន​គោរព​។ មួយវិញទៀត ការលួចចម្លង​នេះ បានធ្វើ​ឲ្យ​វិស័យ​តែង​និពន្ធ​កាន់តែ​ធ្លាក់ចុះ និង​បង្ក​ភាព​គ្មាន​សណ្តាប់ធ្នាប់​នៅក្នុង​សង្គម​ផងដែរ​។ យ៉ាងណាក៏ដោយ ការចម្លង​(Copy)​សៀវភៅ​សម្រាប់​យកទៅ​សិក្សា​មួយ​មេរៀន​ម្តងៗ គឺ​គេ​អាចធ្វើ​បាន​ដោយ​ស្របច្បាប់ ប៉ុន្តែ ការលួចចម្លង​សៀវភៅ​ទាំងមូល ដោយ​គ្មាន​ការអនុញ្ញាត​ពី​អ្នកនិពន្ធ គឺជា​អំពើ​មិន​ស្របច្បាប់​ឡើយ​។ សម្រាប់​ភិក្ខុ គូ សុភាព ព្រះអង្គ​មិន​កំណាញ់​ឡើយ ចំពោះ​ការចម្លង​សៀវភៅ​របស់​ព្រះអង្គ ពីព្រោះ សៀវភៅ​របស់​ព្រះអង្គ គឺ​និពន្ធ ឬ ចងក្រង​ឡើង ដើម្បី​ជា​ធម្មទាន ដើម្បី​ផ្សព្វផ្សាយ​ចំណេះដឹង​ដល់​សាធារណជន​។  
 
​យ៉ាងណាក៏ដោយ ភិក្ខុ គូ សុភាព បាន​សង្កត់ធ្ងន់ថា ការលួចចម្លង​ក្នុងន័យ​រៀនសូត្រ គឺ​មិនមាន​បញ្ហា​ឡើយ ប៉ុន្តែ ការលួចចម្លង​គ្មាន​ការអនុញ្ញាត ដើម្បី​ធ្វើ​អាជីវកម្ម គឺ​មិនគួរ​ធ្វើ​ឡើយ ព្រោះនេះ​ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់​កម្មសិទ្ធិបញ្ញា​របស់​កម្ពុជា​៕         

Tag:
 គូ សុភាព​
 ​កម្មសិទ្ធិបញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com