អន្តរជាតិ
មេដឹកនាំ​ផ្ដាច់ការ​ហ្កំ​ប៊ី ក្រឡាស់សំដី​ទាត់ចោល​លទ្ធផល​បោះឆ្នោត​
10, Dec 2016 , 3:30 pm        
រូបភាព
​ប្រធានាធិបតី​ចាញ់ឆ្នោត​ហ្កំ​ប៊ី Yahya Jammeh បាន​គ្រ​ឡាស់​សំដី​របស់ខ្លួន​ដែល​សារភាព​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី ដែល​បេក្ខជន​បក្សប្រឆាំង​ជា​អ្នកទទួល​ជ័យជម្នះ​។ លោក Yahya Jammeh បាន​បដិសេធ​លទ្ធផល​បោះឆ្នោត​ថ្ងៃទី​១ ខែធ្នូ ដោយបាន​លើកឡើង​ពី «​ភាពមិនធម្មតា​» នៅក្នុង​ការបោះឆ្នោត និង​បានស្នើ​ឲ្យ​មានការ​បោះឆ្នោត​ថ្មី​មួយទៀត​ផងដែរ​។

 
​មួយ​សប្ដាហ៍​ក្រោយ​ប្រកាស​ទទួលស្គាល់​ការ​ចាញ់ឆ្នោត មេដឹកនាំ​ផ្ដាច់ការ​ហ្កំ​ប៊ី Yahya Jammeh បាន​ទាត់ចោល​លទ្ធផល​បោះឆ្នោត​នេះ​វិញ​។ លោក Yahya Jammeh ដែល​កាន់អំណាច​តាមរយៈ​ការធ្វើ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​១៩៩៤ បាន​អះអាង​ពី​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត​កាលពី​សប្ដាហ៍​មុន​។ ការប្រកាស​នេះ​ក៏​មានន័យថា ក្ដីសង្ឃឹម​របស់​ប្រជាជន​ហ្កំ​ប៊ី​ក្នុង​ការកសាង​អនាគត​ថ្មី ប្រហែលជា​ត្រូវ​រសាត់​ទៅវិញ​ដែរ​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​តាម​ទូរទស្សន៍​រដ្ឋ​នៅ​ថ្ងៃទី​៩ ខែធ្នូ លោក Yahya Jammeh និយាយថា​៖ បន្ទាប់ពី​ការស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់ ខ្ញុំ​ទាត់ចោល​លទ្ធផល​នៃ​ការបោះឆ្នោត​ថ្ងៃទី​១ ខែធ្នូ​។ ខ្ញុំ​សោកស្ដាយ​ចំពោះ​ការរកឃើញ «​ភាពមិនធម្មតា​» ធ្ងន់ធ្ងរ​ជាច្រើន ដែល​មិនអាច​ទទួលយកបាន អំឡុងពេល​នៃ​ការបោះឆ្នោត​នេះ​។​» ដោយសារ​បញ្ហា​នេះ ប្រធានាធិបតី​ចាញ់ឆ្នោត​រូបនេះ ក៏​ស្នើ​ឲ្យ​មានការ​បោះឆ្នោត​ថ្មី ដែលមាន​តម្លាភាព​។ 
 
​តាមរយៈ​សេចក្ដីថ្លែងការណ៍​ដដែល​នោះ មេដឹកនាំ​ផ្ដាច់ការ​រូបនេះ បានបង្ហាញ​ឯកសារ​មួយចំនួន​ដែលជា​ភស្តុតាង​នៃ​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត​។ លោក​អះអាងថា លទ្ធផល​ឆ្នោត ត្រូវបាន​បំប៉ោង​ទិន្នន័យ​ដើម្បី​បង្កើន​សំឡេងឆ្នោត​របស់​បេក្ខជន​ប្រឆាំង Adama Barrow ដែល​លោក Yahya Jammeh ផ្ទាល់​បាន​ហៅ​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​ទៅហើយនោះ​។ 
 
​ដោយឡែក​ខាង​លោក Adama Barrow ដែលជា​អ្នកឈ្នះឆ្នោត​វិញ ក៏​មិនទាន់មាន​ប្រតិកម្ម​អ្វី​ខ្លាំង​លើ​ការប្រកាស​របស់​ប្រ​ធានា​ធិ​បត​ចាញ់ឆ្នោត Yahya Jammeh ដែរ​។ បើតាម​សារព័ត៌មាន BBC លោក Mai Ahmad Fatty ដែលជា​ប្រធាន​ក្រុម​អន្តរកាល​របស់លោក Barrow បាន​និយាយថា ក្រុម​របស់លោក កំពុង​ពិភាក្សា​ពី​ជំហាន​បន្ទាប់ ប៉ុន្តែ​ប្រជាជន​បាន​បោះឆ្នោត​រួចហើយ​។ យើង​នឹង​បន្ត​រក្សា​សន្តិភាព និង​ស្ថិរភាព មិន​ឲ្យ​មាន​ហិង្សា​ឡើយ​។​
 
​សូម​រម្លឹកថា ភ្លាមៗ​ក្រោយ​ការបោះឆ្នោត មេដឹកនាំ​ដែល​កាន់តំណែង​អស់​ជាង ២​ទសវត្សរ៍ Yahya Jammeh ក៏បាន​ចេញមុខ​ទទួលស្គាល់​បរាជ័យ​រប​ស់​ខ្លួន​នៅតាម​វិទ្យុ​រដ្ឋ ដោយ​លោក​អះអាងថា លោក​ទទួលយក​ការសម្រេចចិត្ត​របស់​ប្រជាជន​ហ្កំ​ប៊ី​ដែល​ចង់​ឲ្យ​លោក​ចាក​ចេញពី​តំណែង​។ ចំណែក​ប្រជាជន​ហ្កំ​ប៊ី​វិញ ក៏បាន​រីករាយ​នឹង​ការប្រកាស​នេះដែរ ប៉ុន្តែ​ចុងក្រោយ​នេះ លោក Yahya Jammeh បែរជា​ទាត់ចោល​លទ្ធផល​បោះឆ្នោត និង​មិន​ព្រម​បោះបង់​អំណាច​ទៅវិញ​៕

Tag:
 ហ្កំ​ប៊ី​
  Yahya Jammeh
© រក្សាសិទ្ធិដោយ thmeythmey.com