អន្តរជាតិ
ចិន​ដាំ​ដើមឈើ និង​ផ្កា​ឱសថ​ចម្រុះ​ជាង​១​ពាន់​ប្រភេទ​សម្រាប់​ព្យាបាល​ទ័ព និង​ប្រជាជន​
10, Dec 2016 , 8:00 pm        
រូបភាព
ដោយ:
​ហៃ​ណាន​, ចិន​៖ ចិន​បាន​ដាំ​ដុះ​ដើមឈើ និង​ផ្កា​តំបន់​ត្រូពិច​ចម្រុះ​ប្រមាណ ១៦០០​ប្រភេទ លើ​ផ្ទៃដី​ទំហំ​ចំនួន ២២២​ហិកតា ក្នុង​សួន​ឱសថ​ស៊ី​ឡុង (Xinglong Tropical Medicinal Botanical Garden) ភាគខាងត្បូង​ប្រទេស​ចិន សម្រាប់​ពិសោធន៍​ឱសថ​ព្យាបាល​សុខភាព​កងទ័ព និង​ពលរដ្ឋ​ទូទៅ រួមទាំង​ឱសថ​លើក​សម្ផស្ស​ផង​។​


 
​លោក វ័រ ឈាន មគ្គ​ទេស​ក៏​ណែនាំ​ក្នុង​សួន​ឱសថ​ស៊ី​ង​ឡុង បាន​ឲ្យ​ដឹងថា សួន​ឱសថ​តំបន់​ត្រូពិច​នេះ គឺជា​កន្លែង​ស្រាវជ្រាវ និង​ផលិត​វិទ្យាសាស្ត្រ​ឱសថ​សម័យ​ទំនើប និង​បុរាណ​ចិន​ដ៏​សំខាន់​មួយ​សម្រាប់​ព្យាបាល​ទ័ព និង​ពលរដ្ឋ​ចិន កាលពី​សម័យ​សង្គ្រាម​។​
 
​យុវជន​រាង​ខ្ពស់​ស្តើង​រូបនេះ បន្ត​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន និង​ភ្នាក់ងារ​ទេសចរ​កម្ពុជា ពេល​ទស្សនកិច្ច​ទៀតថា សួន និង​មន្ទីរពិសោធន៍​ឱសថ​ដែល​ស្ថិតក្រោម​គំនិត​ផ្តួចផ្តើម​គំនិត​របស់​សាស្ត្រាចារ្យ​ឱសថ​ចិន​ម្នាក់ ត្រូវបាន​រដ្ឋាភិបាល​ចិន​គាំទ្រ តាំងពី​ឆ្នាំ ១៩៥៧​មកម្ល៉េះ​។​
 
​ពូជ​ដើមឈើ និង​ផ្កា​តំបន់​ត្រូពិច​ចម្រុះ​ស្ទើរ​គ្រប់​ប្រភេទ​ដែល​កំពុង​ចេញ​ផ្លែផ្កា​ក្រអូប​សាយ​ពេល​ធ្លាក់​ខ្យល់មូសុង​ទាំងនេះ មាន ដើម​បេង ក្រញូង ដើម​ធ្នង់ ផងដែរ​។ ក្រៅពី​កន្លែង​ដាំ​ដុះ​ឱសថ សួន​ដែល​ស្ថិត​ជាប់​ជើងភ្នំ Xinglong ក្នុង​ខេត្ត​ភាគខាងត្បូង​ប្រទេស​ចិន​នេះ គឺជា​កន្លែង​ទេសចរណ៍​ផងដែរ​។​
 
​ទេសចរ​ម្នាក់​ត្រូវ​ចំណាយ​ថវិកា​ជាង ១០​យ័ន ស្មើនឹង ១​ដុល្លារ​អាមេរិក ទិញ​សំបុត្រ​ចូល​ទស្សនា​សួន​ឱសថ​ដែលមាន​ដើម​រុក្ខា​ត្រជាក់​ត្រឈឹងត្រឈៃ និង​ស្តង់​ពិព័រណ៍​លក់​ឱសថ​ក្នុង​សួន​តែម្តង ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៥​រសៀល ជា​រៀងរាល់ថ្ងៃ​។​
 
​យ៉ាងណា លោក វ័រ ឈាន ពុំ​អាច​បញ្ជាក់​ពី​ចំនួន​ភ្ញៀវទេសចរ​ប៉ុន្មាន​នាក់​ក្នុង​មួយថ្ងៃៗ​ឡើយ​។ 
 
Xinglong Tropical Medicinal Botanical Garden ស្ថិតក្នុង​ទីក្រុង​ស៊ី​ង​ឡុង ចម្ងាយ​ប្រមាណ ១៦០ គីឡូម៉ែត្រ​ពី​ទីក្រុង Haikou ដែល​ជាទី​រួម​ខេត្ត​ហៃ​ណាន និង​ជាង ៩០​គីឡូម៉ែត្រ​ពី​ទីក្រុង​សាន់​យ៉ា​ដែល​ប៉ូល​ទេសចរណ៍​សំខាន់​ភាគខាងត្បូង​ប្រទេស​ចិន​៕










































Tag:
 ហៃ​ណាន​
  ឱសថ
© រក្សាសិទ្ធិដោយ thmeythmey.com