ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP នឹង​ពិភាក្សា​ពី​ការចុះឈ្មោះ​បោះឆ្នោត​នៅក្រៅ​ប្រទេស​ជាមួយ ​CPP
10, Dec 2016 , 1:04 pm        
រូបភាព
ភ្នំពេញ​៖ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា គ្រោង​លើកសំណើ​រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត​នៅក្រៅ​ប្រទេស ទៅ​ពិភាក្សា​ជាមួយ​គណបក្សកាន់អំណាច ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចំណាកស្រុក​ក្រៅប្រទេស​អាច​ចុះឈ្មោះ​បោះឆ្នោត​បាន មុន​ការបោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយតប​ថា បើ​ចង់​ឲ្យ​មានការ​ចុះឈ្មោះ​បោះឆ្នោត​នៅក្រៅ​ប្រទេស​នោះ លុះត្រា​តែមាន​ការធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ជាមុនសិន​។​


 
​បើទោះជា​ការចុះឈ្មោះ​បោះឆ្នោត​បាន​បិទ​បញ្ចប់​ហើយ​ក្តី តែ​អវត្តមាន​ពលរដ្ឋ​នៅក្រៅ​ប្រទេស​ច្រើន​នោះ គឺ​នៅតែ​ជា​ក្តីកង្វល់​របស់​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ឯកឧត្តម កឹម សុខា ដែល​ទើបតែ​ទទួលបាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ ក្រោម​ការអន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ យល់ឃើញថា ការចុះឈ្មោះ​បោះឆ្នោត​រយៈពេល​៣​ខែ​កន្លងមកនេះ នៅមាន​ភាព​រាំងស្ទះ​សម្រាប់​ពលរដ្ឋ​ចំណាកស្រុក​ក្រៅប្រទេស ដែល​ពួកគេ​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការវិល​មក​ចុះឈ្មោះ​បោះឆ្នោត​បានឡើយ​។ ត្រង់ចំណុច​នេះ​ប្រធានស្តីទី​បក្សប្រឆាំង​រូបនេះ អះអាងថា លោក​នឹង​លើកសំណើ​រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត​នៅក្រៅ​ប្រទេស ទៅ​ពិភាក្សា​ជាមួយ​គណបក្សកាន់អំណាច ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ទាំងនេះ ផ្ដល់ឱកាស​ឲ្យ​ពួកគេ​អាច​ចុះឈ្មោះ​បាន សម្រាប់​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាងមុខ​។​
 
​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៦៨ នៃ​ទិវា​សិទ្ធិមនុស្ស​អន្ដរជាតិ ក្រោម​ប្រធានបទ «​សិទ្ធិ​ក្នុងការ​បោះឆ្នោត​» នៅ​ថ្ងៃទី​១០ ធ្នូ​នេះ ឯកឧត្តម កឹម សុខា បានបញ្ជាក់​ដូច្នេះ​ថា​៖«​គណបក្ស​ទាំងពីរ​នេះ​គួរតែ​អង្គុយ​ជាមួយគ្នា រៀបចំ​ធ្វើ​ច្បាប់ ឬ​វិសោធនកម្ម​ច្បាប់បោះឆ្នោត ដើម្បី​ឲ្យ​មាន​កន្លែង​ចុះឈ្មោះ​បោះឆ្នោត​នៅ​កន្លែង​ណា​ដែល​ខ្មែរ​យើង​មាន​ចំនួន​ច្រើន​នៅ​ទៅនោះ ដើម្បី​ងាយស្រួល​ឲ្យ​ពួកគាត់​បោះឆ្នោត​បាន​។ នេះ​ជា​ប្រយោជន៍​ទាំងអស់គ្នា​ទេ​…​។ ដូចនេះ​ខ្ញុំ​ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​ដៃគូ នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពិនិត្យ​លទ្ធភាព​ធ្វើ​ច្បាប់ ឬ​វិសោធនកម្ម​ច្បាប់​ណា ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​យើង ដែលមាន​សិទ្ធិ​បោះឆ្នោត អាចមាន​សិទ្ធិ​បោះឆ្នោត​តាម​លទ្ធភាព​ដែល​យើង​ត្រូវ​ធ្វើជា​ដំណាក់ៗ​…​។​
 
​សំឡេង​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​៖


 
​ជាការ​ឆ្លើយតប​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បង្ហើរ​សម្ដី​ហាក់​មិន​ខុសពី​ឯកឧត្តម កឹម សុខា ឡើយ ដោយ​លោក​ថា បើ​ចង់​ឲ្យ​មានការ​ចុះឈ្មោះ​បោះឆ្នោត​នៅក្រៅ​ប្រទេស​នោះ លុះត្រា​តែមាន​ការធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ជាមុនសិន​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​លោក សុខ ឥសាន បានបញ្ជាក់​ដូច្នេះ​ថា​៖«​វា​ជា​សិទ្ធិ​របស់​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត ។ តែ​សិទ្ធិ​វិសោធនកម្ម​ច្បាប់​ចុះឈ្មោះ​បោះឆ្នោត​នៅក្រៅ​ប្រទេស​នេះ លុះត្រា​មានការ​អនុម័ត​ពី​ខាង​តំណាងរាស្ត្រ​គណបក្ស​យើង​ទាំង​៦៨​សិន​ទើប​អាចធ្វើ​បាន​។ តែ​អ្វីដែល​សំខាន់​នោះ​គឺ​ត្រូវ​អាស្រ័យ​លើ​មេដឹកនាំ​គណបក្ស​សម្ដេច ហ៊ុន សែន ថា​តើ​សម្ដេច​គាត់​នឹង​ពិភាក្សា ហើយ​យល់ព្រម​ដែរ​ទេ ព្រោះ​យើង​ចាំតែ​ធ្វើតាម​ការណែនាំ​របស់​មេ​បក្ស​ប៉ុណ្ណោះ​»​។ 
 
​បន្ថែម​ពីលើ​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​ព្រលយ​ពាក្យ​ពញ្ញាក់​អារម្មណ៍​គណបក្សប្រឆាំង​វិញ​បែបនេះ​ថា​៖« កន្លងមក​តែងតែមាន​ការរិះគន់​ជាច្រើន​ពី​ខាង​គណបក្សប្រឆាំង​មកលើ​មន្ត្រី​តាម​ស្ថានទូត​នៅក្រៅ​ប្រទេស​។ ដូច្នេះ​គណបក្ស​យើង​ខ្លាច​តែ​ខាង​គណបក្សប្រឆាំង​មាន​បញ្ហា​ទៅវិញ​ទេ ព្រោះ​បើសិនជា​ចង់​ចុះឈ្មោះ​បោះឆ្នោត​នៅក្រៅ​ប្រទេស គឺ​មានតែ​ដាក់​នៅតាម​ស្ថានទូត ហើយ​ពួកគេ​(CNRP)​ដឹង​ស្រាប់​ថា មន្ត្រី​ទូត​ក្រៅប្រទេស​គឺ​ចេញពី​ការជ្រើសតាំង​ពី​រដ្ឋាភិបាល ដូច្នេះ​គណបក្សប្រឆាំង​អាច​នឹងមាន​ការរិះគន់​ថា ការចុះឈ្មោះ ការបោះឆ្នោត​នៅ​ការិយាល័យ​ក្រៅប្រទេស​នោះ មិនមាន​ភាពយុត្តិធម៌ កេង​បន្លំ​ឆ្នោត​ជាដើម​ទៀត​»​។​
 
​គួរ​បញ្ជាក់ថា ការចុះឈ្មោះ​បោះឆ្នោត​រយៈពេល​៣​ខែ​កន្លងមកនេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន ៧,៨៧៣,១៩៤ ប៉ុណ្ណោះ ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​គ្រប់​បោះឆ្នោត​ចំនួន ៩,៦៦៤,២១៦ លាន​នាក់​។ បើតាម​សមាជិក​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​គជ​ប លោក សូ សុផាត មូល​ហេតុដែល​ពលរដ្ឋ​ចុះឈ្មោះ​មិន​គ្រប់​ចំនួន​តាម​ការប៉ាន់ស្មាន​ស្ថិតិ​នោះ បណ្ដាលមកពី​ពលរដ្ឋ​ដែល​ចំណាកស្រុក​បម្រើ​ការងារ​នៅក្រៅ​ប្រទេស​ទាំង​ស្របច្បាប់ និង​ខុសច្បាប់​នោះ​មាន​ចំនូ​ន​ជាង​១​លាន​នាក់​។ ចំណែក​ពលរដ្ឋ​ពលរដ្ឋ​មិនអាច​ទៅ​ចុះឈ្មោះ​បាន​នោះ មកពី​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ជាប់ពន្ធនាគារ​។ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅតាម​មន្ទី​ពេទ្យ​។ ជន​ចាស់ជរា​ឬ​ជនពិការ​ដែល​ពិបាកធ្វើ​ដំណើរការ និង​ករណី​ទទួលមរណភាព​៕

Tag:
 កឹម សុខា​
 ​បោះឆ្នោត​
 CNRP
 CPP
© រក្សាសិទ្ធិដោយ thmeythmey.com