សេដ្ឋកិច្ច
NBC កំណត់​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បញ្ចេញ​កម្ចី​ប្រាក់រៀល ឲ្យ​បាន​យ៉ាងតិច ១០​ភាគរយ
11, Dec 2016 , 9:00 am        
រូបភាព
ដោយ:
​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់ ត្រូវបាន​តម្រូវ​ឲ្យ​បញ្ចេញ​កម្ចី​ជា​ប្រាក់រៀល ឲ្យ​បាន​យ៉ាងតិច ១០​ភាគរយ​នៃ​ទំហំ​កម្ចី​សរុប​របស់ខ្លួន​។  នេះ​បើតាម​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) នៅ​ថ្ងៃទី​១​ខែធ្នូ​។


 
​ប្រកាស​នេះ​បានចែង​យ៉ាង​ដូច្នេះ​ថា​៖«​គ្រឹះស្ថាន​ទាំងអស់​ត្រូវមាន​ឥណទាន​ជា​រូបិយវត្ថុ​ជាតិ យ៉ាងតិច​១០​ភាគរយ​នៃ​សំពៀត​ឥណទាន​សរុប​»​។​
 
​ការកំណត់​របស់ NBC ដូចនេះ គឺ​ដើម្បី​ជំរុញ​ការផ្ដល់​ឥណទាន​ជា​រូបិយវត្ថុ​ជាតិ និង​បង្កើន​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ​នៅក្នុង​ចរន្ត​សេដ្ឋកិច្ច​។ នេះ​បើតាម​ប្រកាស​ខាងលើ ដែល​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ត្រូវ​ចែង​ពី​ការផ្ដល់​ឥណទាន​ជា​រូបិយវត្ថុ​ជាតិ​ក្នុង​យុទ្ធសាស្ត្រ និង​គោលនយោបាយ​របស់ខ្លួន​។​
 
​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់  ដែល​ស្ថិតនៅក្រោម​អាណាព្យាបាល​របស់ NBC ត្រូវអនុវត្ត​ការកំណត់​ខាងលើ ចាប់ពី​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំនេះ និង​អនុវត្ត​ឲ្យ​បាន​ពេញលេញ​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩ ។ ប្រកាស​ដដែល​នេះ​បញ្ជាក់​យ៉ាងដូច​នេះ និង​បានចែង​ទៀតថា ធនាគារជាតិ​អាច​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បង្កើន​ការផ្ដល់​ឥណទាន​ជា​រូបិយវត្ថុ​ជាតិ​បន្ថែមទៀត ស្របតាម​ការ​ចាំ បាច់​៕

Tag:
 ឥណទាន​
 NBC
© រក្សាសិទ្ធិដោយ thmeythmey.com