អន្តរជាតិ
ជប៉ុន ចង់​ឲ្យ​ឆ្កែ​ឈ្មោល​ជា​កាដូ​សម្រាប់​លោក ពូ​ទីន តែ​ត្រូវ​រុស្សី​បដិសេធ​
10, Dec 2016 , 10:30 pm        
រូបភាព
ប្រធានាធិបតី ពូទីន និងនាយករដ្ឋមន្ត្រី អាបេ ជាមួយនឹងឆ្កែញី Yume (រូបភាព Playbuzz)
ប្រធានាធិបតី ពូទីន និងនាយករដ្ឋមន្ត្រី អាបេ ជាមួយនឹងឆ្កែញី Yume (រូបភាព Playbuzz)
​ក្រុង​មូ​ស្គូ ទំនងជា​បាន​បដិសេធ​ទទួល​កាដូ​ជា​ឆ្កែ​ឈ្មោល​មួយ​ក្បាល​របស់​ក្រុង​តូ​ក្យូ សម្រាប់​ជា​អនុស្សាវរីយ៍​ដល់​ប្រធានាធិបតី​រុស្សី វ្ល៉ា​ឌី​មៀរ ពូ​ទីន ដែល​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នៅ​សប្ដាហ៍​ក្រោយ​។ ជំនួប​កំពូល​នេះ សំដៅ​ពង្រឹង​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​ឡើងវិញ ដែល​ល្អក់កករ​នាពេល​កន្លងមក ដោយសារ​ទំនាស់​ដែន​អធិបតេយ្យ​លើ​ប្រជុំ​កោះ​គូ​រី​ល​។

 
​ការប៉ុនប៉ង​របស់​ជ​ប៉ុន​ដែល​ចង់​អនុវត្ត​គោលនយោបាយ​ការបរទេស​ដោយ​ប្រើ​សត្វ​ឆ្កែ (Puppy Diplomacy) ជាមួយ​រុស្សី បាន​បរាជ័យ បន្ទាប់ពី​រុស្សី​មិន​ព្រម​ទទួល​ឆ្កែ​ឈ្មោល​មួយ​ក្បាល ដែល​ជប៉ុន​ប្រុង​យក​ធ្វើជា​កាដូ​សម្រាប់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុង​ជំ​នូ​ប​ជាមួយ​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ ។ លោក ពូ​ទីន និង​លោក អា​បេ នឹង​ជួបគ្នា​នៅ​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៦ ខែធ្នូ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា ពីដំបូង​ឡើយ រដ្ឋាភិបាល​លោក អា​បេ គ្រោង​នឹង​ជូន​ឆ្កែ​ឈ្មោល Akita ជា​កាដូ​សម្រាប់​លោក ពូ​ទីន ។ ជប៉ុន ចង់​ឲ្យ​ឆ្កែ Akita ទៅ​មេដឹកនាំ​រុស្សី ដើម្បី​ធ្វើជា​ដៃគូ​ជាមួយ​ឆ្កែ​ញី Yume ដែល​ជប៉ុន​បានប្រគល់​ឲ្យ​លោក ពូ​ទីន កាលពី​ឆ្នាំ​២០១២​។ ប៉ុន្តែ សមាជិកសភា​ម្នាក់​របស់​ជប៉ុន និយាយថា រុស្សី បាន​បដិសេធ​សំណើ​នេះ​ទៅហើយ​។​
 
​លោក Koichi Hagiuda សមាជិកសភា​ជប៉ុន​បាន​សរសេរ​លើ Blog របស់លោក​ថា​៖ «​យើង​បានទទួល​ព័ត៌មាន​ពី​សម​ភាគី​រុស្សី ហើយ​ជា​រឿង​មិនល្អ​នោះ គឺ​ក្ដីសង្ឃឹម​របស់​យើង​ដែល​ចង់យក​សត្វ​ឆ្កែ​ធ្វើជា​កាដូ​នោះ ត្រូវ​រលាយ​អស់ហើយ​។ យ៉ាងណាក្ដី សមាជិកសភា​រូបនេះ មិនបាន​បញ្ជាក់​ពី​មូល​ហេតុដែល​រុស្សី​បដិសេធ​សំណើ​នេះឡើយ​។ 
 
​ប្រធានាធិបតី ពូ​ទីន ជា​មនុស្ស​ស្រឡាញ់​ចូលចិត្ត​សត្វ​។ ជារឿយៗ គេ​សង្កេតឃើញ​រូបថត​របស់លោក ជាមួយនឹង​សត្វ​ជាច្រើន​ដូចជា សត្វ​សេះ ត្រី​ដូ​ល​ហ្វី​ន និង​សត្វ​ខ្លាឃ្មុំ​ជាដើម​។ ក្រៅពី​ឆ្កែ​ញី Yume លោក​ក៏​ជា​ម្ចាស់​សត្វ​ចៀម Buffy ដែលជា​ប្រភេទ​ចៀម​មកពី​ប៊ុល​ហ្ការី​។ នាយករដ្ឋមន្ត្រី​ប៊ុល​ហ្ការី ជា​អ្នក​ប្រគល់​សត្វ​ចៀម​នេះ​ឲ្យ​លោក ពូ​ទីន នៅក្នុង​ឆ្នាំ​២០១០​។​
 
​ងាក​មក​ជំនួប​កំពូល ពូ​ទីន​-​អា​បេ វិញ មេដឹកនាំ​ទាំងពីរ នឹង​ពិភាក្សាគ្នា​លើ​ប្រធានបទ​សំខាន់​ជាច្រើន​ទាក់ទិន​នឹង​បញ្ហា​សន្តិសុខ​ដូចជា ការចាប់ផ្ដើម​ការចរចា​សន្តិសុខ​ឡើងវិញ ក៏ដូចជា​ការចាប់ផ្ដើម​សមយុទ្ធ​ជើង​ទឹក​រួមគ្នា ដែល​ជាប់គាំង​តាំងពី​ការ​លេប​យក​តំបន់​គ្រី​មៀរ​បស់​រុស្សី​មក​។ លើសពីនេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយចំនួន ក៏​នឹងត្រូវ​ចុះហត្ថលេខា​អំឡុង​ជំនួប​នេះ​ផងដែរ​៕

Tag:
 ជប៉ុន​
  រុស្សី​
  វ្ល៉ា​ឌី​មៀរ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com