អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ងាក​រក​អ្នកជំនួញ​ធំៗ​សម្រាប់​តំណែង​រដ្ឋមន្ត្រីការបរទេស​
10, Dec 2016 , 7:30 pm        
រូបភាព
​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ នៅតែ​មិនទាន់​រកបាន​បេក្ខជន​សក្តិសម​សម្រាប់​តំណែង​រដ្ឋមន្ត្រីការបរទេស​នៅឡើយ​ទេ ខណៈ​លោក​ចាប់ផ្ដើម​ផាត់​ចេញ​បុគ្គល​ខ្លះ​ចេញពី​បញ្ជី​បេក្ខជន​សម្រាប់​តំណែង​សំខាន់​នេះ​។ លោក ដូ​ណា​ល់ ត្រាំ ក៏បាន​សំឡឹង​រក​បេក្ខភាព​ផ្សេងទៀត​រួមទាំង​ម្ចាស់​ក្រុមហ៊ុន​ធំៗ​នៅ​អាមេរិក ដើម្បី​ពិចារណា​រក​បេក្ខភាព​ដែល​អាច​គ្រប់គ្រង​ក្រសួងការបរទេស​បាន​។​

 
​មកទល់ពេលនេះ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​ពី​បេក្ខភាព​ជាច្រើន​រួចហើយ​សម្រាប់​តំណែង​នៅក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី ក៏ដូចជា​រដ្ឋបាល​ថ្មី​របស់លោក ដែល​នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា​ខាងមុខ​។ ប៉ុន្តែ​លោក ដូ​ណា​ល់ ត្រាំ ហាក់​មានការ​លំបាក​ក្នុងការ​ជ្រើសរើស​បេក្ខភាព​សម្រាប់​រដ្ឋមន្ត្រីការបរទេស ដ្បិត​មាន​ឥស្សរជន​ជាច្រើន ដែល​អាច​កាន់តំណែង​នេះ​បាន​។​
 
​នៅពេលនេះ លោក ដូ​ណា​ល់ ត្រាំ ចាប់ផ្ដើម​សម្រិតសម្រាំង​បេក្ខជន​សម្រាប់​តំណែង​ប្រមុខ​ការទូត​នេះ ដោយ​បេក្ខជន​ខ្លះ​ក៏បាន​ប្រកាស​ដកខ្លួន​ចេញពី​ការ​ប្រជែង​តំណែង​នេះដែរ​។ អតីត​ភិ​បាល​ក្រុង New York លោក Rudy Giuliani បានសម្រេច​ចិត្ត​មិន​ប្រជែង​កៅអី​រដ្ឋមន្ត្រីការបរទេស​ឡើយ ដ្បិត​លោក ត្រាំ ក៏​កំពុង​ស្វែងរក​បេក្ខភាព​ដទៃទៀត ក្រៅពី​បុគ្គល​បួនរូប​ដែល​ក្រុមការងារ​របស់លោក​ជ្រើសរើស​រួចហើយ​។​
 
​បេក្ខភាព​បី​រូប​ផ្សេងទៀត​ដែល​គេ​រំពឹងថា អាច​កាន់តំណែង​ប្រមុខ​ការបរទេស​មាន អតីត​បេក្ខជន​ប្រធានាធិបតី Mitt Romney, អតីត​ប្រមុខ CIA ឧ​ត្ត​សេនីយ៍ David Petraeus និង​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Tennessee លោក Bob Corker ។ នាពេល​ចុង​ក្រោយនេះ លោក ត្រាំ ក៏បាន​ពង្រីក​ការស្វែងរក​បេក្ខភាព​តំណែង​សំខាន់​លើ​ក្រុម​សមាជិកសភា និង​បណ្ដា​អ្នកជំនួញ​ធំៗ​នៅ​អាមេរិក​។​
 
​នាយក​ក្រុមហ៊ុន Exxon Mobil Corp លោក Rex Tillerson និង លោក Alan Mulally អតីត​នាយក​ប្រតិបត្តិ​មកពី​ក្រុមហ៊ុន Ford Motor Co និង Boeing Co កំពុងស្ថិត​ក្នុង​រ៉ា​ដា​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ទាំងអស់​។ សារព័ត៌មាន The Wall Street Journal បាន​ស្រង់​ប្រភពពី​មន្ត្រី​នៃ​ក្រុមការងារ​លោក ត្រាំ ថា​លោក Tillerson មាន​ភាគរយ​ខ្ពស់​ជាងគេ​សម្រាប់​តំណែង​រដ្ឋមន្ត្រីការបរទេស​។ 
 
​ការ​សំឡឹង​រក​បេក្ខភាព​រដ្ឋមន្ត្រីការបរទេស​ពី​ក្នុងចំណោម​អ្នកជំនួញ​ធំៗ ត្រូវគេ​មើលឃើញថា ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ដែល​ចង់បាន​អ្នកមាន​បទពិសោធន៍​ដឹកនាំ ទៅគ្រប់​គ្រង​ក្រសួងការបរទេស​។ រឿង​ស្រដៀង​គ្នា​នេះ កើតឡើង​នៅឯ​មន្ទីរ​បញ្ច​កោណ ដោយ​លោក ត្រាំ បានជ្រើសរើស​ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍ James Mattis សម្រាប់​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​ផងដែរ​។ លោក James Mattis ជា​អតីត​មេទ័ព​អាមេរិក​អំឡុង​សង្គ្រាម​នៅ​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​៕ 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com