សុវត្តិភាព ចរាចរណ៍
អ្នកស្លាប់ និង​របួស​ជាង​៧​ពាន់​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​១១​ខែ​
10, Dec 2016 , 3:39 pm        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​រយៈពេល​១១​ខែ​មកនេះ អ្នកស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​ជាង​៧​ពាន់​នាក់ ដែល​តួលេខ​នេះ​មានការ​ថយចុះ​ប្រើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៥​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។​


 
​អគ្គ​ស្នងការរង​នគរបាលជាតិ​លោក ហ៊ឹម យ៉ាន បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​១១​ខែ​នេះ បាន​កើតឡើង​ចំនួន ៣៣៣៨​លើក បើ​ធៀប​នឹង​ឆ្នាំ​២០១៥ មាន​ចំនួន ៣៧៨៩​លើក ពោលគឺ​ថយចុះ​ចំនួន ៤៥១​លើក ស្មើនឹង​១២​ភាគរយ​។ ចំណែក​អ្នកស្លាប់​នៅក្នុង​ឆ្នាំ​២០១៦​នេះ មាន​ចំនួន ១៥៧៦​នាក់ ថយចុះ​ចំនួន ២៥៩​នាក់ ស្មើនឹង ១៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ មាន​អ្នកស្លាប់ ១៨៣៥​នាក់​។ រីឯ​អ្នករបួស​វិញ មាន​ចំនួន ៥៩៦២​នាក់ គឺ​ថយចុះ​ចំនួន ៥៩៦​នាក់ ស្មើនឹង ៩​ភាគរយ បើ​ធៀប​កាលពី​ឆ្នាំមុន មាន​ចំនួន ៦៥៥៨​នាក់​។ 
 
​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាង​៣​ពាន់​លើក​នេះ បាន​កើតឡើង​នៅតាម​រាជធានី​ភ្នំពេញ ៣៤១​លើក​, ព្រះសីហនុ ២៦៦​លើក​, កំពត ២០៦​លើក​, ពោធិ៍សាត់ ២០២​លើក និង​ខេត្ត​ដែល​កើតមាន គ្រោះ ថ្នាក់​តិចជាងគេ មាន​៖ ព្រះវិហារ ៤២​លើក​, ស្ទឹងត្រែង ៥៣​លើក​, ឧ​ត្ត​រ​មានជ័យ ៥៦​លើក​, មណ្ឌលគិរី ៥៧​លើក​, ប៉ៃលិន ៥៩​លើក​។​
 
​ដោយឡែក​កត្តា​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ទី​១.​វ៉ា​ជែង​, ទី​២.​បត់​ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន និង​ទី​៣.​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ជាដើម​។ នេះ​បើតាម​លោក ហ៊ឹម យ៉ាន ដែល​បាន​បញ្ជា​ឲ្យ​នគរបាល​ត្រូវ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ខ្ជាប់ខ្ជួន ជាពិសេស​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​ប្រជាពលរដ្ឋ និង​សហគមន៍​ឲ្យ​យល់​កាន់តែច្បាស់​ពី​គ្រោះថ្នាក់​នេះ​៕

Tag:
 គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com