អន្តរជាតិ
លោកស្រី ស៊ូ​ជី ពេញចិត្ត​ខ្លាំង​ដែល​រដ្ឋមន្ត្រី​មិន​ពុករលួយ​
10, Dec 2016 , 3:42 pm        
រូបភាព
​ពី​ទឹកដី​សិង្ហ​បុរី មេដឹកនាំ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បានបង្ហាញ​ការសប្បាយ​ចិត្ត​ជុំវិញ​សកម្មភាព​របស់​រដ្ឋាភិបាល​លោកស្រី​នា​រយៈពេល​៩​ខែ​ចុង​ក្រោយនេះ ព្រោះ​លោកស្រី​អាច​ជម្នះ​ការ​ប្រឈម​ទាំងឡាយ​បាន​។ បើទោះជា​រដ្ឋាភិបាល​ថ្មី​មិនទាន់​បានធ្វើ​អ្វី​គួរ​ឲ្យ​កត់សម្គាល់ លោកស្រី ស៊ូ​ជី បាន​និយាយថា ភាពជោគជ័យ​នៃ​ការដឹកនាំ​របស់លោក​ស្រី គឺ​មី​យ៉ាន់​ម៉ា​អាចធ្វើ​ដំណើរ​ឆ្ពោះទៅមុខ ដោយ​មិន​ចាំ​មាន​វត្តមាន​លោកស្រី​ឡើយ​។​

 
​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​សិង្ហ​បុរី ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បានលើកឡើង​ពី​កត្តា​ដើម្បី​កំណត់​ជោគជ័យ​នៃ​ការដឹកនាំ​ប្រទេស​របស់លោក​ស្រី​។ ហើយ​លោកស្រី​ក៏បាន​ការវិវត្ត​នៃ​ស្ថានការណ៍​នានា​នៅក្នុង​ប្រទេស ជាពិសេស​ស្ថានភាព​ហិង្សា​លើ​ជន​មួ​ស្លី​ម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​រដ្ឋ Rakhine ដែល​បង្ក​ជាការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​អន្តរជាតិ​។​
 
​ឆ្លៀតពេល​នៃ​កិច្ចសម្ភាសន៍​ដដែល​នេះ អ្នកសារព័ត៌មាន​សិង្ហ​បុរី​ក៏បាន​សួរ​លោកស្រី ស៊ូ​ជី ថា តើ​លោកស្រី​ពេញ​ចិត្តនឹង​ស្ថានការណ៍​នយោបាយ​ក្នុងស្រុក​ក្នុងពេល​៩​ខែ​កន្លងទៅ​ឬទេ​? ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា ក៏បាន​ឆ្លើយថា លោកស្រី​មិនដែល​គិតពី​រឿង​សប្បាយចិត្ត ឬ​មិន​សប្បាយចិត្ត​ឡើយ ដ្បិត​លោកស្រី​ដឹងថា បញ្ហា​ប្រឈម​ជាច្រើន​នឹង​កើតឡើង​មិន​ខាន តែ​លោកស្រី​ក៏បាន​ជម្នះ​រាល់​ឧបសគ្គ​ជាច្រើន​ហើយ​ដែរ​។ 
 
​លោកស្រី ស៊ូ​ជី ដែលជា​រដ្ឋមន្ត្រីការបរទេស​ដែរនោះ បញ្ជាក់ថា អ្វីដែល​ធ្វើ​ឲ្យ​លោកស្រី​រីករាយ​ខ្លាំង គឺ​រដ្ឋមន្ត្រី​ទាំងអស់​មិន​ពុករលួយ​អ្វី​ឡើយ​។ «​វា គឺ​ពិតជា​សំខាន់​ណាស់​។ ប្រជាជន​ទូទៅ​ក៏បាន​ទទួលស្គាល់​លើ​រឿងនេះ​ដែរ ប៉ុន្តែ​នៅមាន​មន្ត្រី​ថ្នាក់ក្រោម​ខ្លះ មិនទាន់​ធ្វើ​អ្វី​ដូច​បំណង​របស់​យើង​នៅឡើយ​ទេ​។​» នេះ​ជាការ​បញ្ជាក់បន្ថែម​លោកស្រី ស៊ូ​ជី ក្នុង​បទ​សម្ភាស៍​ជាមួយ​ទូរទស្សន៍ Channel NewsAsia ដែល​ផ្សាយ​នៅ​ថ្ងៃទី​៨ ខែធ្នូ​។ 
 
​ទាក់ទិន​នឹង​បញ្ហា​ពុករលួយ​នេះ ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១ រូបនេះ​លើកឡើង​ដែរ​ថា អំពើពុករលួយ មិនទាន់​ជ្រួតជ្រាប​ក្នុងសង្គម​មី​យ៉ាន់​ម៉ា​នៅឡើយ​ទេ ហើយ​នេះ​ជា​រឿង​ល្អ​មួយ​។ លោកស្រី​បន្តថា ប្រជាជន​មី​យ៉ាន់​ម៉ា​បានចាត់ទុក​អំពើពុករលួយ​ជា «​ដំណើរការ​នៃ​ជីវិត​» តែ​ពួកគេ​មិន​ចាត់ទុក​វា​ជា «​ផ្លូវ​នៃ​ជីវិត​» របស់​ពួកគេ​ឡើយ​។ ដូច្នេះ នេះ​ជា​រឿង​គួរ​ឲ្យ​លើក​ចិត្ត​មួយ​។  
 
​សូមបញ្ជាក់ថា ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី ទើបតែ​បញ្ចប់​ទស្សនកិច្ច​ផ្លូវការ​នៅ​សិង្ហ​បុរី​។ លោកស្រី បាន​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​នៅក្នុង​ប្រទេស​ជាពិសេស​ការប៉ះទង្គិចរ​វាង​ក្រុម​ឧទ្ទាម និង​កងកម្លាំង​យោធា​ជាដើម ហើយ​ចុងក្រោយ​គឺ​អំពើហិង្សា​នៅ​រដ្ឋ Rakhine ។ សហគមន៍​អន្តរជាតិ​បានដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​យ៉ាងខ្លាំង ចំណែក​សមាជិក​អាស៊ាន​ខ្លះទៀត ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​លើ​បញ្ហា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង​ផងដែរ​៕

Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com