កីឡាជាតិ
អត្ថបទពាណិជ្ជកម្ម
ប្រាក់ មុន្នី​ឧ​ត្ត​ម​៖ បាល់ទាត់​កុមារ​តូយ៉ូតា​ជា​កត្តា​ជួយ​អភិវឌ្ឍន៍​បាល់ទាត់​កម្ពុជា​ឲ្យ​រីកចម្រើន​
12, Dec 2016 , 11:33 am        
រូបភាព
ដោយ:
​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ប្រាក់ មុន្នី​ឧ​ត្ត​ម បានចាត់ទុក​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពានរង្វាន់​បាល់ទាត់​កុមារ​តូយ៉ូតា​កម្ពុជា (Toyota Mekong Football Challenge) ជា​កត្តា​ជួយ​ទាក់ទាញ​កុមារ​កម្ពុជា​ឲ្យ​ចូលរួម​លេង​កីឡាបាល់ទាត់​កាន់តែច្រើន ជាពិសេស​ជួយ​អភិវឌ្ឍន៍​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​។ ព្រឹត្តិការណ៍​បាល់ទាត់​កុមារ​តូយ៉ូតា​ឆ្នាំនេះ​មាន​២៤​សាលា​ចូលរួម ដោយ​ចាប់ផ្តើម​ប្រកួត​ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៦​។​

​ទោះបី​បច្ចុប្បន្ន​វិស័យ​កីឡាបាល់ទាត់​កម្ពុ​ជាមាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ ប៉ុន្តែ​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា បានចាត់ទុក​ព្រឹត្តិការណ៍​ការប្រកួត​បាល់​ទាត់​កុមារ​តូយ៉ូតា​កម្ពុជា​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​តូយ៉ូតា​។ វា​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​ល្អ​ក្នុង​ការជួយ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត ព្រោះ​វា​អាចជួយ​ទាក់ទាញ​កីឡាករ​វ័យក្មេង​ឲ្យ​ចូលរួម​លេង​បាល់ទាត់​កាន់តែច្រើន​។​



​ខ្សែប្រយុទ្ធ​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា វា​ពិតជា​ល្អ ព្រោះ​អី​វា​ជា​លើក​ទី​១​ហើយ​ដែល​ក្រុមហ៊ុន​តូយ៉ូតា​បាន​បង្កើត​ពានរង្វាន់​ឲ្យ​ក្មេងៗ​គាត់​បាន​លេង ណាមួយ​ខ្ញុំ​គិត​ឃើញថា វិស័យ​កីឡាបាលទាត់​ពីមុន​ក៏​រីកចម្រើន​ដែរ ប៉ុន្តែ​វា​មិនសូវមាន​សន្ទុះ​ដូច​ពេលនេះ​។ ដូច្នេះ​ខ្ញុំ​គិតថា ក្មេងៗ​ឥឡូវ​ចាប់ផ្តើម​ចាប់អារម្មណ៍​មកលេង​កីឡាបាល់ទាត់ ហើយ​ពេលដែល​តូយ៉ូតា​រៀបចំ​បែបនេះ​វារឹតតែ​ធ្វើ​ឲ្យ​ក្មេងៗ​ចង់​ចូលរួម​កាន់តែខ្លាំង អ៊ីចឹង​ខ្ញុំ​គិតថា ការធ្វើ​អ៊ីចឹង គឺ​ធ្វើ​ឲ្យ​វិស័យ​កីឡាបាល់ទាត់​យើង​ឆាប់​រីកចម្រើន​ទៅ​ថ្ងៃ​ខាងមុខ​»​។​

​ជាមួយគ្នានេះ តាមរយៈ​បទពិសោធន៍​របស់ខ្លួន​ដែល​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​តាំងពី​នៅ​ក្មេង ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​រូបនេះ​យល់ឃើញថា ការចូល​ហ្វឹកហាត់​ក៏ដូចជា​លេង​បាល់ទាត់​ទាំង​ខ្លួន​នៅ​ក្មេង​ជា​កត្តា​មួយ​ដ៏​ល្អ​ក្នុងការ​អភិវឌ្ឍន៍​ជំនាញ​របស់ខ្លួន​ឲ្យ​កាន់តែ​រីកចម្រើន​។​

«​នៅពេល​គាត់​ចូលរួម​ហ្វឹកហាត់​តាំងពីក្មេង​វា​ធ្វើ​ឲ្យ Skill របស់គាត់​មានន័យថា​កាន់តែ​ជំនាញ​។ អ៊ីចឹង​នៅពេល​គាត់​ធំ​ឡើង ហើយ​ទទួលបាន​ការហ្វឹកហាត់​គ្រប់គ្រាន់ គាត់​នឹងមាន​ការលេង​គ្រប់គ្រាន់​តាំងពីក្មេង​។ ដូច​ខ្ញុំ​អ៊ីចឹង​ខ្ញុំ​បានចាប់ផ្តើម​តាំងពី​អាយុ​១៤​ទៅ​១៥​ឆ្នាំ មានន័យថា​មាន​លក្ខណ​ចង់​យឺត តែបើ​ពួកគាត់​ចូល​ហ្វឹកហាត់​តាំងពីក្មេង​អ៊ឺ​ចឹ​ង គាត់​ប្រហែលជា​ល្អ​ជាង​ខ្ញុំ​»​។ នេះ​ជា​សំដី​របស់​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម​។



​ទន្ទឹមនឹងនេះ លោក គង់ នួន ប្រធាន​ក្រុមហ៊ុន​តូយ៉ូតា​ខេ​ម​បូ​ឌា​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​ការប្រកួត​ពានរង្វាន់​បាល់ទាត់​កុមារ​តូយ៉ូតា​កម្ពុជា​ធ្វើឡើង​ក្នុង​គោលបំណង​ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ដោយ​ចាប់ផ្តើម​ពី​ការបណ្តុះបណ្តាល​កុមារ និង​យុវជន​ថ្នាល​ដើម្បី​អភិវឌ្ឍន៍​នូវ​ជំនាញ​ឲ្យ​កាន់តែ​ប្រសើរឡើង ក៏ដូចជា​ជួយ​ឲ្យ​កីឡាករ​ទាំងនោះ​បានសម្រេច​គោលបំណង​ដែល​ចង់​ក្លាយជា​កីឡាករ​ឆ្នើម​។​

​ការប្រកួត​ពានរង្វាន់​បាល់ទាត់​កុមារ​តូយ៉ូតា​កម្ពុជា​ប្រចាំឆ្នាំ​២០១៦ ជា​លើក​ទី​២ ក្រោម​កិច្ចសហការ GFA Soriya Cambodia មាន​២៤​សាលា​ចូលរួម ពោល​គឺមាន​កើនឡើង​១២​សាលា​បើ​ប្រៀបធៀប​នៅ​នឹង​ឆ្នាំមុន​ដែល​មានតែ​១២​សាលា​ចូលរួម​។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​៣១ ខែធ្នូ ដែល​ត្រូវ​នឹង​ថ្ងៃ​នៃ​ការប្រកួត​ជើងឯក​ពានរង្វាន់​តូយ៉ូតា​ប្រចាំ​តំបន់​ទន្លេមេគង្គ​(Toyota Mekong Club 2016)​។

​ការប្រកួត​នេះ​ធ្វើឡើង​តាម​រូបមន្ត​ជម្រុះ ដោយ​បែង​ចែកជា​ពីរ​វគ្គ​ក្នុង​មួយ​វគ្គ​មាន​១២​សាលា ហើយ​វគ្គ​ទី​១​ធ្វើឡើង​នៅ​ថ្ងៃទី​១៨ ខែធ្នូ ចំណែក​វគ្គ​ទី​២​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែធ្នូ​។ ការប្រកួត​ជម្រុះ​ដែល​ធ្វើឡើង​នៅលើ​ទីលាន 3G ក្នុង​វគ្គ​នីមួយៗ​ត្រូវ​ជម្រុះ​៦​ក្រុម ដើម្បី​បាន​៦​ក្រុម​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៦៕ 




Tag:
 បាល់ទាត់​
  បាល់ទាត់​កុមារ​តូយ៉ូតា​
  ប្រាក់ មុន្នី​ឧ​ត្ត​ម
© រក្សាសិទ្ធិដោយ thmeythmey.com