អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីរ៉ង់​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ក្រុមហ៊ុន​ប៊ូ​អ៊ីង​៨០​គ្រឿង​
13, Dec 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ដឹក​អ្នកដំណើរ ៨០​គ្រឿង​ពី​ក្រុមហ៊ុន​ប៊ូ​អ៊ីង ដែលមាន​តម្លៃ​សរុប​១៦,៦ ពាន់​លាន​ដុល្លា​អាមេរិក​។ យន្តហោះ​ទាំងអស់​នឹងត្រូវ​បញ្ជូន​ទៅ​អ៊ីរ៉ង់​ក្នុង​រយៈពេល ១០​ឆ្នាំ ប៉ុន្តែ​យន្តហោះ​ដំបូង​នឹងត្រូវ​បញ្ជូនទៅ​នៅ​ឆ្នាំ ២០១៨​ខាងមុខ​។


​អ៊ីរ៉ង់​បាន​បញ្ជា​ទិញ​យន្តហោះ​ដឹក​អ្នកដំណើរ​ពី​ក្រុមហ៊ុន​ប៊ូ​អ៊ីង ចំនួន ៨០​គ្រឿងក្នុង​ទំហំ​ទឹកប្រាក់​សរុប ១៦,៦ ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​ជាការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត​មួយ​ជាមួយ​ក្រុមហ៊ុន​អាមេរិក ក្រោយ​អ៊ីរ៉ង់​រួច​ផុតពី​ទណ្ឌកម្ម​ពាក់ព័ន្ធ​សំណុំរឿង​នុយក្លេអ៊ែរ​នោះ​។​
 
​យោងតាម​សារព័ត៌មាន New York Times  ក្នុងចំណោម​យន្តហោះ​ទាំង ៨០ គ្រឿង​នេះ​មាន​ប្រភេទ​យន្តហោះ​ប៊ូ​អ៊ីង 737 ចំនួន ៥០​គ្រឿង និង​យន្តហោះ​ប៊ូ​អ៊ីង ៧៧៧ ចំនួន ៣០​គ្រឿង​ផងដែរ​។ យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ប៊ូ​អ៊ីង​នេះ​នឹងត្រូវ​បញ្ជូនទៅ​អ៊ីរ៉ង់​តាម​កិច្ចព្រមព្រៀង​ក្នុង​រយៈពេល ១០​ឆ្នាំ ហើយ​យន្តហោះ​ជំហាន​ដំបូង​នឹង​ទៅដល់​អ៊ីរ៉ង់​នៅ​ឆ្នាំ ២០១៨​ខាងមុខនេះ​។ 
 
​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​លោក Abbas Akhoundi ដែល​បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង បង្ហាញ​អារម្មណ៍​សុទិដ្ឋិនិយម​ចំពោះ​ការបង្កើត​កិច្ចព្រមព្រៀង​នេះ ហើយ​លោក​អះអាងថា​កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​បង្កើត​ការងារ ៨០០០​កន្លែង​ដល់​ប្រជាជន​អ៊ីរ៉ង់​ទៀត​។​
 
​លោក​បន្តថា​៖​​«​កិច្ចព្រមព្រៀង​នេះ​ជា​សារ​មួយ​ច្បាស់​ផ្ញើ​ទៅកាន់​ពិភពលោក​ដែល​បញ្ជាក់ថា យើង​គាំទ្រ​សន្តិភាព សន្តិសុខ និង​ការលូតលាស់​របស់​អ៊ីរ៉ង់​ពឹងផ្អែក​លើ​នយោបាយ​ឈ្នះៗ​»​។​
​ខាង​ក្រុមហ៊ុន ប៊ូ​អ៊ីង​ឯណោះ​វិញ ក៏​កោតសរសើរ​ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​នេះដែរ​ដោយ​បញ្ជាក់ថា វា​បាន​បង្កើត​ការងារ​រាប់ម៉ឺន​ដល់​ប្រជាជន​អាមេរិក​តាមរយៈ​ការផលិត​យន្តហោះ​ដឹក​អ្នកដំណើរ​សម្រាប់​ប្រទេស​អ៊ីរ៉ង់​។ 
 
​ការចុះ​កិច្ច ព្រមព្រៀង​នេះ​ទិញ​លក់​យន្តហោះ​ជាមួយ​ក្រុមហ៊ុន​ប៊ូ​អ៊ីង​នេះ​កើតឡើង ក្រោយ​ពេលដែល​អ៊ីរ៉ង់​សម្រេចបាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​មហាអំណាច​ប្រាំ​បូក​មួយ​។ ទណ្ឌកម្ម​ដែល​ដាក់​ប្រឆាំង​អ៊ីរ៉ង់​ត្រូវ​ដកចេញ ជា​ថ្នូរ​នឹង​ការអនុញ្ញាត​ឲ្យ​ភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​ត្រួត​ពិនិត្យមើល​រោងចក្រ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​រយៈពេល ២០​ឆ្នាំ​ទៅមុខ​ដើម្បី​ធានាថា អ៊ីរ៉ង់​មិនមាន​មហិច្ឆតា​ផលិត​អាវុធ​នុយក្លេអ៊ែរ​ទេនោះ​៕ 
 

Tag:
 អ៊ីរ៉ង់​
  ប៊ូ​អ៊ីង​
  កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com