កីឡាអន្តរជាតិ
អន្តរជាតិ
Cristiano Ronaldo ប្រជែង​ឈ្នះ Messi លើក​ពាន Ballon d’Or លើក​ទី​៤
13, Dec 2016 , 12:27 pm        
រូបភាព
កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បាន​យកឈ្នះ​គូប្រជែង Lionel Messi ដើម្បី​លើក​ពាន Ballon d’Or ជា​លើក​ទី​បួន កាលពី​រាត្រី​ថ្ងៃទី ១២ ខែធ្នូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ។​



​ខ្សែប្រយុទ្ធ​ឆ្នើម សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣១​ឆ្នាំ​រូបនេះ បាន​នាំ​មុន​សំឡេងគាំទ្រ​លើ​ដៃគូ​ប្រជែង​ដ៏​សំខាន់ Messi ដែល​គ្រង​ពាន​នេះ ៥ ដង និង​តាម​ពីក្រោយ​ដោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Antoine Griezmann បាន​ត្រឹម​លេខ ៣ ពី​ការបោះឆ្នោត​ចុង​ក្រោយពី​សំណាក់​អ្នកសារព័ត៌មាន​ទាំង​១៧៣​រូប នៅ​ទូទាំង​ពិភពលោក​។​
 
Ronaldo បាន​ជួយ​ឲ្យ Real Madrid ឈ្នះ​ពាន​កំពូល​ប្រចាំ​ទ្វីបអឺរ៉ុប Champions League កាលពី​រដូវ​កាល​មុន និង​ជួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​លើក​ពាន Euro ២០១៦ ផងដែរ​។​
​យ៉ាងណាក៏ដោយ Ronaldo នៅ​ខ្វះ​តែម្តង​ទៀត​ប៉ុណ្ណោះ នឹង​អាច​តាម​ទាន់​កំណត់ត្រា​របស់​កំពូល​ខ្សែប្រយុទ្ធ Lionel Messi ដែល​គ្រង​ជើងឯក Ballon d’Or នេះ​ដល់​ទៅ​ប្រាំ​ដង​។​
 
​អតីត​ខ្សែប្រយុទ្ធ​របស់​បិសាច​ក្រហម Manchester United រូបនេះ មិន​ធ្លាប់​រំពឹងថា ខ្លួន​នឹង​ឈ្នះ​ពាន​នេះ​ជា​លើក​ទី ៤ ឡើយ​។ «​ខ្ញុំ​មិន​ធ្លាប់​គិតក្នុងចិត្ត​ថា អាច​ឈ្នះ​ពាន​បាល់​មាស​នេះ​ជា​លើក​ទី​បួន​ទេ​។ ខ្ញុំ​ពិតជា​រីករាយ និង​មាន​អារម្មណ៍​ថា​មាន​មោទនភាព​ខ្លាំ​ណាស់​»​។ Ronado និយាយ​ដូច្នេះហើយ ក៏​បន្ថែម​យ៉ាងនេះ​ទៀតថា​៖« ខ្ញុំ​មានឱកាស​ដើម្បី​អរគុណ​ដល់​មិត្ត​រួម​ក្រុម​ទាំងអស់​ក៏ដូចជា​ក្រុម​ជម្រើសជាតិ និង​ក្លិប Real Madrid ដែល​បាន​ជួយ​ខ្ញុំ​ដើម្បី​ឈ្នះ​ពានរង្វាន់​ឯកត្តជន​មួយ​នេះ​»​។​
 
CR7 ឈ្នះ​ពាន Ballon d’Or លើកដំបូង​នៅ​ឆ្នាំ​២០០៨ និង​បន្តបន្ទាប់​ក្នុង​ឆ្នាំ ២០១៣, ២០១៤ និង​ចុងក្រោយ​ឆ្នាំ​២០១៦​នេះ​៕

 

 



© រក្សាសិទ្ធិដោយ thmeythmey.com