កីឡាជាតិ
ជាតិ
សហព័ន្ធ​​កីឡាប្រដាល់​កម្ពុជា​នឹង​រៀបរាប់​ពី​ស្ថានភាព​របស់ខ្លួន​ឲ្យ Pacquiao ស្តាប់​
13, Dec 2016 , 3:15 pm        
រូបភាព
ដោយ:
​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បាន​អះអាងថា​មិនទាន់មាន​គម្រោង​ជាក់លាក់​ណាមួយ​សម្រាប់​ដំណើរ​ទស្សនកិច្ច​កម្ពុជា​រយៈ​ពីរ​ថ្ងៃ​របស់​ស្តេច​ប្រដាល់សកល​ជនជាតិ​ហ្វីលីពីន Manny Pacquiao នៅឡើយ​ទេ​។ កីឡាករ Pacquiao និង​លោក​ប្រធាន​ធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌើ​ទើ​តេ (Rodrigo Duterte) នឹង​មកដល់​កម្ពុ​ជានា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៣ ខែធ្នូ នេះ​។​



​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​រួមទាំង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មិនទាន់មាន​គម្រោង​ជាក់លាក់​ណាមួយ​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ផ្លូវការ​ជាមួយ​ស្តេច​ប្រដាល់សកល Manny Pacquiao នៅឡើយ​ទេ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា ទោះបី​មាន​គម្រោង​ជួប​សំណេះសំណាល​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​នៅថ្ងៃនេះ​ក៏ដោយ​។

​សម្រាប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​ស្តេច​ប្រដាល់​រូបនេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក៏ដូចជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​មិនបាន​ផ្តោត​សំខាន់​ទៅលើ​ការចុះ​កិច្ច​ព្រម​ណាមួយ​នោះឡើយ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការចែករំលែក​បទពិសោធ​ន៍ និង​ការជួប​សំណេះសំណាល​ឲ្យ​ស្គាល់គ្នា​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្វី​ដែលជា​ក្តី​រំពឹង​របស់​ថ្នាក់ដឹកនាំ​កីឡា​ទាំងពីរ គឺ​ការរៀបរាប់​ពី​សកម្មភាព​កីឡា​កម្ពុជា​ឲ្យ​ស្តេច​រូបនេះ​បានដឹង ហើយ​លោក​សង្ឃឹមថា Pacquiao នឹង​និយាយ​ពី​ប្រវត្តិ​របស់ខ្លួន​ឲ្យ​កីឡាករ​កម្ពុជា​បានដឹង​ផងដែរ​។

​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ជំហាន​ដំបូង ធ្វើយ៉ាងណា​យើង​ត្រូវ​សំណេះសំណាល​ឲ្យ​ស្គាល់គ្នា​សិន បន្ទាប់មក​យើង​នឹង​រៀបរាប់​ពី​សកម្មភាព​ប្រដាល់​របស់​យើង​ឲ្យ​គេ​ស្តាប់ ដើម្បី​ទទួល​ការចែករំលែក​បទពិសោធ​ពី​គេ ព្រោះ​គេ​ជា​ស្តេច​ប្រដាល់​។ ចំណែក​ការ​សំណើសុំ​អ្វី​ទៅដល់​គេ​នោះ គឺជា​ជំហាន​ទី​២»​។​

​គួរ​បញ្ជាក់ថា ស្តេច​ប្រដាល់​សាកល​សញ្ជាតិ​ហ្វីលីពីន Manny Pacquiao និង​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៤ ខែធ្នូ​។ ដំណើរ​ទស្សនកិច្ច​នេះ លោក ឌើ​ទើ​តេ​(Duterte)​នឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ព្រះបរមរាជវាំង នឹង​បន្ត​ចូល​គោរព​រូបសំណាក​ព្រះ​បរម​រតន​កោដ្ឋ​នៅ​ព្រឹក​ថ្ងៃទី​១៤ ធ្នូ​។

​ចំណែក​នៅ​ល្ងាច​ថ្ងៃទី​១៤ ខែធ្នូ លោក ឌើ​ទើ​តេ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយនឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មុននឹង​ចាកចេញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​សិង្ហ​បុរី​នា​វេលា​ម៉ោង​៩​និង​២៥​នាទី​យប់​ថ្ងៃទី​១៤ ខែធ្នូ​៕


Tag:
 ​តែម ម៉ឺន​
  ប្រដាល់​
  Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com