សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
កិច្ចព្រមព្រៀង​ប្រេង​ពិភពលោក​របស់លោក Tillerson បាន​ទាក់ទាញ​ការយកចិត្តទុកដាក់​ពី​លោក ដូ​ណា​ល់ ត្រាំ
15, Dec 2016 , 8:59 am        
រូបភាព
ដោយ: VOA
​បទពិសោធន៍​របស់លោក Rex Tillerson ស្តីពី​ការចរចា​កិច្ចព្រមព្រៀង​ប្រេង​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លា​សម្រាប់​ក្រុមហ៊ុន​ប្រេង Exxon Mobile នៅលើ​ពិភពលោក​បានធ្វើ​ឲ្យ​អគ្គនាយក​ក្រុមហ៊ុន​ប្រេង​នេះ​ទទួលបាន​ការចាប់អារម្មណ៍​ពី​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ ដែល​បានតែងតាំង​លោក​កាលពី​ថ្ងៃ​អង្គារ​ជា​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​។​



​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ បាន​និយាយថា​៖ «​លោក Tillerson បាន​ស្គាល់​ពី​របៀប​ចាត់ចែង​សហគ្រាស​សាកលលោក​ដែលមាន​សារៈសំខាន់​ដើម្បី​ដឹកនាំ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ឲ្យ​បានទទួល​ជោគជ័យ‍​»​។​

​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅលើ​ប្រព័ន្ធ​សារ​Twitter ថា​៖ «​ចំណុច​ដែល​ខ្ញុំ​ចូលចិត្ត​លោក Rex Tillerson បំផុត​គឺថា លោក​មានបទពិសោធន៍​យ៉ាងច្រើន​បំផុត​ដើម្បី​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​បរទេស​គ្រប់​ប្រភេទ​ឲ្យ​បានទទួល​ជោគជ័យ‍​»​។​

​ភ្លាមៗ​នោះ លោក Reince Priebus នាយក​ខុទ្ទកាល័យ​សេត​វិមាន បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ MSNBC ថា លោក​Tillerson ជា​អ្នកការទូត​ដែល​អាចធ្វើ​ឲ្យ​ក្រសួងការបរទេស​បាន​ទទួលជោគជ័យ‍​»​។​

​លោក Priebus បាន​និយាយ​បន្តទៀតថា លោក Tillerson អាយុ​៦៤​ឆ្នាំ បាន​រក្សា​ទំនាក់ទំនង​ដ៏​ល្អ​នៅ​ទីកន្លែង​ជាច្រើន​ទូទាំង​ពិភពលោក​ដែល​មិនមែនជា​ទីកន្លែង​ងាយស្រួល​នៅក្នុង​ការធ្វើទំនាក់ទំនង​ក្នុងអំឡុងពេល​ដ៏​លំបាក​របស់​រដ្ឋបាល​នានា​។​

​កិច្ចព្រមព្រៀង​ប្រេង​ដ៏​ធំ​របស់លោក Tillerson ជាមួយ​ប្រទេស​រុស្ស៊ី អាចធ្វើ​ឲ្យ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ពី​ការទទួលបាន​ការតែងតាំង​របស់លោក​នៅក្នុង​ព្រឹទ្ធសភា​ដែល​នៅ​ទីនោះ​សមាជិក​ព្រឹទ្ធសភា​សំខាន់ៗ​ជាច្រើន​បាន​និយាយ​រួចទៅហើយ​ថា ពួកគេ​មានការ​រកាំចិត្ត​ពី​ចំណងទាក់ទង​ដ៏​ជិតស្និទ្ធ​របស់លោក​ជាមួយ​លោក Vladimir Putin ប្រធានាធិបតី​នៃ​ប្រទេស​រុស្ស៊ី​ដែល​កាលពី​ឆ្នាំ​២០១៣​បានផ្តល់​រង្វាន់​មិត្តភាព​ដល់​លោក Tillerson និង​ជនបរទេស​ជាច្រើន​ទៀត​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com