អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រជាជន​ជប៉ុន​បារម្ភ​ពី​ការកើនឡើង​ឧក្រិដ្ឋកម្ម ក្រោយ​សភា​អនុម័ត​ច្បាប់​ស្ដីពី​កាស៊ីណូ​
16, Dec 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​សភា​ជប៉ុន នៅ​ថ្ងៃទី​១៥ ខែធ្នូ បានអនុម័ត​ច្បាប់​ស្ដីពី​កាស៊ីណូ​ដ៏​ចម្រូងចម្រាស បើទោះជា​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​ការកើនឡើង​ឧក្រិដ្ឋកម្ម និង​ការ​ញៀន​ល្បែង​របស់​ប្រជាជន​ក្ដី​។ ច្បាប់​ដែល​មិនសូវមាន​ប្រជាប្រិយភាព​នេះ មាន​គោលដៅ​ទាក់ទាញ​ការវិនិយោគ​លើ​ឧស្សាហកម្ម​ទេសចរណ៍ បន្ថែម​លើ​ឧស្សាហកម្ម​ល្បែងស៊ីសង​ដែលមាន​ស្រាប់​ដូចជា​ការ​ប្រណាំងសេះ និង​ការប្រណាំង​កង់​ជាដើម​។​

 
​បន្ទាប់​ឆ្លងកាត់​ដំណាក់កាល​សភា​ជាន់ខ្ពស់​រួចមក សេចក្ដីព្រាងច្បាប់​ស្ដីពី​កាស៊ីណូ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ បានទទួល​ភ្លើង​ខៀវ​ពីស​ភា​ជាន់​ទាប​ហើយ​។ សមាជិកសភា​ជាន់​ទាប បានអនុម័ត​ច្បាប់​ចម្រូងចម្រាស​នេះ​នៅ​ថ្ងៃទី​១៥ ខែធ្នូ ហើយ​ច្បាប់​នេះ​នឹង​បើកផ្លូវ​ដល់​ការអភិវឌ្ឍ​រមណីយដ្ឋាន​កំសាន្ត​ដែល​រួមបញ្ចូល​ទាំង​សណ្ឋាគារ កាស៊ីណូ និង​មជ្ឈមណ្ឌល​ទិញ​ទំនិញ​នៅ​ជាមួយគ្នា​តែម្ដង​។​
 
​រដ្ឋាភិបាល​ជប៉ុន​សង្ឃឹម​ថា ក្រោយ​ការអនុម័ត​នេះ ក្រុមហ៊ុន​ល្បែងស៊ីសង​ធំៗ​លើ​ពិភពលោក​នឹង​ងាក​មក​វិនិយោគ​រកស៊ី​លើទឹក​ដី​ជប៉ុន​។ នាពេល​កន្លងមក ក្រុមហ៊ុន​អន្តរជាតិ​ដូចជា Wynn Resorts, MGM Resorts និង Caesars ជាដើម​សុទ្ធតែ​ធ្លាប់​បង្ហាញ​ចំណាប់​រកស៊ី​លើ​វិស័យនេះ​ទាំងអស់​។ ក្រុមហ៊ុន​ល្បែងស៊ីសង​ទាំងនោះ ចង់បាន​ទីតាំង​ថ្មី​សម្រាប់​ជំនួញ​របស់​ពួកគេ ជាពិសេស​ទីតាំង​ដែល​នៅក្បែរ​ចិន​តែម្ដង​។​
 
​ទន្ទឹមនឹង​គ្នា​នេះដែរ សារព័ត៌មាន The Japan Times ផ្សាយ​ថា សាធារណមតិ​ជប៉ុន​ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​របស់ខ្លួន​ជុំវិញ​ការអនុម័ត​របស់​សភា​ជាន់​ទាប​នេះដែរ​។ បច្ចុប្បន្ននេះ សង្គម​ជប៉ុន​ក៏​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ងប់ងុល​ខ្លាំង​របស់​ប្រជាជន​លើ​ល្បែងស៊ីសង​ស្របច្បាប់​ដូចជា Pachinko និង​សកម្មភាព​ស៊ីសង​ផ្សេងទៀត​រួមទាំង​ការប្រណាំង​សេះ ប្រណាំងទូក និង​ប្រណាំង​កង់​ជាដើម​។​
 
​ប្រជាជន​ជាច្រើន ហាក់​នៅ​សង្ស័យ​លើ​ការអនុញ្ញាត​ឲ្យ​ការបើក​កាស៊ីណូ​ក្លាយជា​រឿង​ស្របច្បាប់​នោះ​។ ការស្ទង់មតិ​របស់រ​បស់​ទូរទស្សន៍ NKH បង្ហាញថា ប្រជាជន​៤៤​ភាគរយ​ជំទាស់​នឹង​ច្បាប់​នេះ ទល់នឹង​ការគាំទ្រ​ដែល​មានតែ​១២​ភាគរយ ខណៈដែល​៣៤​ភាគរយ​ផ្សេងទៀត មិនមាន​ជំហរ​ដាច់ស្រេច​លើ​បញ្ហា​នេះឡើយ​។ ចំណែក​នៅ​វេទិកាសភា​វិញ ក្រុម​បក្សប្រឆាំង​ក៏បាន​បោះឆ្នោត​ជំទាស់​ដែរ តែ​គ្មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​បង្អាក់​ឡើយ​។​
 
​តាមពិតទៅ គម្រោង​ធ្វើ​ឲ្យ​ស្របច្បាប់​នៃ​ការបើក​កាស៊ីណូ​នេះ ក្លាយជា​រឿងចម្រូងចម្រាស​អស់​ពេល​១៥​ឆ្នាំ​មកហើយ​។ ក្រុម​ប្រឆាំងនឹង​ផែនការ​នេះ​បានលើកឡើង​ពី​ការព្រួយបារម្ភ​លើ​ការកើនឡើង​នៃ​ការ​ញៀន​ល្បែង ក៏ដូចជា​ឧក្រិដ្ឋកម្ម​ក្នុងប្រទេស​ផងដែរ​។ តែ​ក្រុម​អ្នកគាំទ្រ​និយាយ​ដែរ​ថា ការបើក​កាស៊ី​ណួ នឹង​ជួយ​សេដ្ឋកិច្ច​ប្រទេស និង​ទាក់ទាញ​ទេសចរ ចំណែកឯ​រដ្ឋាភិបាល​វិញ​ក៏​អះអាង​ដែរ​ថា ខ្លួន​ព្យាយាម​គ្រប់គ្រង​វិស័យនេះ មិន​ឲ្យ​មាន​ផលប៉ះពាល់​ឡើយ​៕  
 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com