កីឡាអន្តរជាតិ
អន្តរជាតិ
ឈានដល់អាយុ៨១ឆ្នាំ កីឡាករវ័យចាស់ជាងគេនៅអង់គ្លេសស្វែងរកក្លិបថ្មី
×
លោក Dickie Borthwick មិនដែលចង់ចូលនិវត្តន៍នោះឡើយ។ ឆ្នាំនេះ លោកឈានចូលដល់វ័យ៨១ឆ្នាំហើយ ដោយបានចូលលេងកីឡាបាល់ទាត់ចាប់តាំងពីឆ្នាំ១៩៤៩មក។ នារយៈពេល៤០ឆ្នាំចុងក្រោយនេះ លោកបានលេងឲ្យឈុតវ័យចាស់នៃក្លិប Wyke Rangers នៅតំបន់ Dorset ចក្រភពអង់គ្លេស ប៉ុន្តែឈុតនេះត្រូវបានរំសាយ ដូច្នេះលោកបានប្រកាសរកក្លិបថ្មី។
លោក Dickie Borthwick បានជាប់រហស្សនាមថា ជាខ្សែបម្រើស្លាបដែលមានវ័យចំណាស់ជាងគេបំផុតប្រចាំក្រុង Dorset។ ក្នុងការលេងបាល់ទាត់អស់រយៈពេល៦៧ឆ្នាំកន្លងមកនេះ លោកបានអះអាងថា លោកបានស៊ុតបាល់បញ្ចូលទីជាង៤០០គ្រាប់។ បច្ចុប្បន្ន លោកកំពុងស្វែងរកក្លិបថ្មី បន្ទាប់ពីក្លិបវ័យចាស់ Wyke Rangers ត្រូវបានរំសាយ។
ក្នុងបទសម្ភាសមួយជាមួយកាសែត The Mirror លោក Dickie បានបញ្ជាក់ថា បច្ចុប្បន្ន មិនសូវមានឈុតវ័យចំណាស់នោះឡើយ ហើយក្លិបជាច្រើនត្រូវបានរំសាយចោល។ «ខ្ញុំនៅតែចង់លេងបាល់ និងបង្ហាញបច្ចេកទេសថ្មីៗ»។ លោកបានអះអាងយ៉ាងដូច្នេះ មុននឹងបន្ថែមថា លោកជាកីឡាករដ៏សុភាពម្នាក់ ហើយមិនដែលមានបញ្ហាអ្វីនៅលើទីលាននោះឡើយ។
លោកបានបន្ថែមថា លោកចូលចិត្តលេងក្នុងការប្រកួតដើម្បីសកម្មភាពសប្បុរសធម៌ Charity Match ដោយពេលខ្លះ លោកក៏បានលេងក្នុងឈុតយុវជនអាយុក្រោម១៦ឆ្នាំផងដែរ។
លោកបានបញ្ជាក់ផងដែរថា លោកបានរួចផុតពីជំងឺមហារីកកាលពីពេលថ្មីកន្លងមកនេះ។ ក្រៅពីធ្វើម្ហូបអាហារដោយខ្លួនឯង លោកពិតជាចង់បន្តសកម្មភាពនៅលើទីលានខ្លាំងបំផុត។ តាមរយៈបណ្តាញសារព័ត៌មាន លោក Dickie បានផ្ញើរសារដើម្បីទាក់ទាញក្លិបថ្មីថា លោកឈប់ជក់បារី ផឹកតែច្រើន និងញ៉ាំបបរមួយចាននៅរៀងរាល់មុនការប្រកួត៕
© រក្សាសិទ្ធិដោយ thmeythmey.com