កីឡាអន្តរជាតិ
អន្តរជាតិ
ឈានដល់​អាយុ​៨១​ឆ្នាំ កីឡាករ​វ័យចាស់​ជាងគេ​នៅ​អង់គ្លេស​ស្វែងរក​ក្លិប​ថ្មី​
16, Dec 2016 , 8:39 am        
រូបភាព
ដោយ: ធីតា
 
 
​លោក Dickie Borthwick មិនដែល​ចង់​ចូលនិវត្តន៍​នោះឡើយ​។ ឆ្នាំនេះ លោក​ឈានចូល​ដល់​វ័យ​៨១​ឆ្នាំ​ហើយ ដោយបាន​ចូល​លេង​កីឡាបាល់ទាត់​ចាប់តាំងពី​ឆ្នាំ​១៩៤៩​មក​។ នា​រយៈពេល​៤០​ឆ្នាំ​ចុង​ក្រោយនេះ លោក​បាន​លេង​ឲ្យ​ឈុត​វ័យចាស់​នៃ​ក្លិប Wyke Rangers នៅ​តំបន់ Dorset ចក្រភព​អង់គ្លេស ប៉ុន្តែ​ឈុត​នេះ​ត្រូវបាន​រំសាយ ដូច្នេះ​លោក​បានប្រកាស​រក​ក្លិប​ថ្មី​។​

 
​លោក Dickie Borthwick បាន​ជាប់​រហស្សនាម​ថា ជា​ខ្សែបម្រើ​ស្លាប​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បំផុត​ប្រចាំ​ក្រុង Dorset​។ ក្នុង​ការលេង​បាល់ទាត់​អស់​រយៈពេល​៦៧​ឆ្នាំ​កន្លងមកនេះ លោក​បាន​អះអាងថា លោក​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ជាង​៤០០​គ្រាប់​។ បច្ចុប្បន្ន លោក​កំពុង​ស្វែងរក​ក្លិប​ថ្មី បន្ទាប់ពី​ក្លិប​វ័យចាស់ Wyke Rangers ត្រូវបាន​រំសាយ​។​
 
​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​កាសែត The Mirror លោក Dickie បាន​បញ្ជាក់ថា បច្ចុប្បន្ន មិនសូវមាន​ឈុត​វ័យ​ចំណាស់​នោះឡើយ ហើយ​ក្លិប​ជាច្រើន​ត្រូវបាន​រំសាយ​ចោល​។ «​ខ្ញុំ​នៅតែ​ចង់​លេង​បាល់ និង​បង្ហាញ​បច្ចេកទេស​ថ្មីៗ​»​។ លោក​បាន​អះអាង​យ៉ាង​ដូច្នេះ មុននឹង​បន្ថែមថា លោក​ជា​កីឡាករ​ដ៏​សុភាព​ម្នាក់ ហើយ​មិន​ដែលមាន​បញ្ហា​អ្វី​នៅលើ​ទីលាន​នោះឡើយ​។​
 
 
​លោក​បាន​បន្ថែមថា លោក​ចូលចិត្ត​លេង​ក្នុង​ការប្រកួត​ដើម្បី​សកម្មភាព​សប្បុរសធម៌ Charity Match ដោយពេល​ខ្លះ លោក​ក៏បាន​លេង​ក្នុង​ឈុត​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ​ផងដែរ​។​
 
​លោក​បានបញ្ជាក់​ផងដែរ​ថា លោក​បាន​រួច​ផុតពី​ជំងឺមហារីក​កាលពីពេល​ថ្មី​កន្លងមកនេះ​។ ក្រៅពី​ធ្វើ​ម្ហូបអាហារ​ដោយ​ខ្លួនឯង លោក​ពិតជា​ចង់​បន្តសកម្មភាព​នៅលើ​ទីលាន​ខ្លាំង​បំផុត​។ តាមរយៈ​បណ្តាញសារព័ត៌មាន លោក Dickie បាន​ផ្ញើរ​សារ​ដើម្បី​ទាក់ទាញ​ក្លិប​ថ្មី​ថា លោក​ឈប់​ជក់បារី ផឹក​តែ​ច្រើន និង​ញ៉ាំ​បបរ​មួយ​ចាន​នៅ​រៀងរាល់​មុន​ការប្រកួត​៕
 
 



Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com