ខ្មែរ​ក្រហម
ជាតិ
សាលាក្តី​ខ្មែរក្រហម​បំបែកសំណុំរឿង​លោក អោ អាន​
16, Dec 2016 , 10:59 pm        
រូបភាព
រូបថតដោយ៖ VOA
រូបថតដោយ៖ VOA
ដោយ:
​ភ្នំពេញ​៖ សហ​ចៅក្រម​ស៊ើបអង្កេត បាន​បិទ​បញ្ចប់​ការ​ស៊ើបសួរ​ជន​ត្រូវ​ចោទ​លោក អោ អាន ក្នុង​សំណុំរឿង ០០៤ និង ០០៤ វគ្គ១ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។ ក្រោយ​ស៊ើបសួរ​រយៈពេល​ជាង ៨​ឆ្នាំ​មក សហ​ចៅក្រម​ស៊ើបអង្កេត បានសម្រេច​ចេញ​ដីកា​បំបែក​នីតិវិធី​លោក អោ អាន ពី​សំណុំរឿង ០០៤ ទៅ​សំណុំរឿង ០០៤ វគ្គ២។



​សហ​ចៅក្រម​ស៊ើបអង្កេត បានបំបែក​នីតិវិធី​លោក អោ អាន ដោយសារជន​ត្រូវ​ចោទ​រូបនេះ មាន​សិទ្ធិ​ទទួល​សេចក្តីសម្រេច​ចោទ​ប្រឆាំង​លោក ដោយ​ឥត​ពន្យារពេល​យូរ​។ ម្យ៉ាងទៀត វា​ទុក​ឱកាស​ឲ្យ​ចៅក្រម​អាច​ចេញ​ដីកា​ដំណោះស្រាយ (​ដីកា​លើកលែង​ការចោទប្រកាន់ ឬ​ការបញ្ជូន​ជន​ត្រូវ​ចោទ​ទៅ​ជំនុំជម្រះ​) តាម​វិធាន​ផ្ទៃក្នុង​សាលាក្តី​ខ្មែ​ក្រហម​ ក្នុង​រយៈពេល​មួយ​សមស្រប។​

​លើសពីនេះទៀត ដីកា​ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ជួយ​កាត់បន្ថយ​វិសាលភាព​នៃ​ការ​ស៊ើបសួរ​ប្រឆាំងលោក អោ អាន ផ្អែកតាម​វិធាន​ផ្ទៃក្នុង ៦៦ ស្ទួន​។  នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត​ស្តីពី ការបិទ​ការ​ស៊ើបសួរ​ប្រឆាំងនឹង​លោក អោ អាន និង​ការសម្រេច​បំបែកសំណុំរឿង ០០៤។​

​សហ​ចៅក្រម​ស៊ើបអង្កេត​បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី ១៦ ខែធ្នូ​នេះ បញ្ជាក់ទៀតថា នីតិវិធី​នេះ នឹង​នាំឲ្យ​​ការសម្រេចសេចក្តី​លើសំណុំរឿង​ប្រឆាំងនឹង​លោក​ទាន់ពេលវេលា ស្របពេល​ការ​ស៊ើបសួរ​ក្នុង​សំណុំរឿង ០០៤ ​សេសសល់​​កំពុង​បន្ត​នីតិវិធី។​

«​កិច្ច​ស៊ើបសួរ​លើ​ជន​ត្រូវ​ចោទ​ម្នាក់ទៀត​នៅក្នុង​សំណុំរឿង ០០៤  នៅតែ​បន្ត​ដំណើរការ​នោះ ទើប​យើង​យល់ឃើញថា ដើម្បី​ជា​ប្រយោជន៍​យុត្តិធម៌ គឺ​ត្រូវ​បំបែក​នីតិវិធី​ពាក់ព័ន្ធ​នឹង អោ អាន ចេញពី​សំណុំរឿង ០០៤»​។ សហ​ចៅក្រម​បញ្ជាក់បន្ថែម ខណៈ​ពួកគេ​បន្ត​នីតិវិធី​ជន​ត្រូវ​ចោទ​ម្នាក់ទៀត ក្នុង​សំណុំរឿង​០០៤​ដែរ​។​

​សហ​ចៅក្រម​បាន​បើក​ការ​ស៊ើបសួរ​ប្រឆាំង​លោក អោ អាន តាម​នីតិវិធី​ជា​បន្តបន្ទាប់ ក្រោយពី​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ បាន​បញ្ជូន​ដីកា​សន្និដ្ឋាន​រឿង​ឲ្យ​ពួកគេ​ស៊ើបសួរ ​លើក​ទី ៣ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០០៨ និង​ចុ​ងក្រោយ​នៅ​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៥​រហូតមក ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ដែល​លោកបាន​ប្រព្រឹត្ត​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩ ។​

​លោក អោ អាន ស្ថិតក្រោម​ការស៊ើបអង្កេតពី​មនុស្សឃាត​ដោយ​ចេតនា និង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០១៥ និង​ក្រោម​ការត្រួតពិនិត្យ​ពីបទ​ឧក្រិដ្ឋកម្ម​ថ្មី​បន្ថែមទៀត រាប់ទាំង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​ចាម នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០១៦។​

​បទ​ចោទ​លើ​លោក អោ អាន នោះ​ពាក់ព័ន្ធ​នឹង អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​ចាម​, ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ រួមមាន ការធ្វើ​មនុស្សឃាត ការសម្លាប់​រង្គាល ការរៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ការរំលោភ​លើផ្លូវ​ភេទ និង​ការ​ឃុំឃាំង​ក្នុងស្ថានភាព​អមនុស្សធម៌ ការរំលោភ​លើ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ ១៩៥៦ ជាដើម។ បទ​ចោទ​ឧក្រិដ្ឋកម្ម​ទាំងនោះ ប្រព្រឹត្តឡើង​ក្នុង​ការដ្ឋាន​ធ្វើ​ពលកម្ម​ដោយ​បង្ខំ​នៅ​ទំនប់​អន្លង់​ជ្រៃ​, ទីកន្លែង​សម្លាប់​មនុស្ស​គោក​ព្រីង មន្ទីរ​សន្តិសុខ​មិត្ត​សុ​ប​(​គរ​), មន្ទីរ​សន្តិសុខ និង​ទីកន្លែង​សម្លាប់​មនុស្ស​ទួល​បេង​, វត្ត​អ​ង្គួ​ញ​ដី​, មន្ទីរ​សន្តិសុខ​វត្ត​អូរ​ត្រកួន​, មន្ទីរ​សន្តិសុខ​វត្ត​បាធាយ​, ទីកន្លែង​សម្លាប់​មនុស្ស​ភ្នំ​ប្រុស មន្ទីរ​សន្តិសុខ​វត្ត​តា​មះ​, មន្ទីរ​សន្តិសុខ​ចម្ការ​ស្វាយចន្ទី​, មន្ទីរ​សន្តិសុខ​វត្ត​បារាយណ៍​ជាន់​ដែក, មន្ទីរ​សន្តិសុខ​វត្ត​ស្រងែ​ និង​ទីតាំង​ផ្សេងទៀត ក្នុង​ខេត្តកំពង់ចាម​៕


Tag:
 ​អោ អាន​
  ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com