សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ហ្វីលីពីន ទុករឿងសមុទ្រចិនខាងត្បូងមួយឡែកសិន ហើយងាកមកចាប់ដៃចិនធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម
× ក្រោយរដ្ឋបាលថ្មីហ្វីលីពីនរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌើទើតេ កាន់អំណាច ការប្រឈមមុខគ្នារវាងចិន និងហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង បានស្ងប់ស្ងាត់ និងមិនសូវឡើងកម្តៅ។ នេះ ក៏មិនមែនជារឿងចែដន្យដែរ។ តាមការបញ្ជាក់របស់ប្រមុខការទូតហ្វីលីពីន ក្រុងម៉ានីល ចង់ទុករឿងសមុទ្រចិនខាងត្បូងមួយឡែកសិន ហើយ ងាកផ្តោតលើការអភិវឌ្ឍទំនាក់ទំនងជាមួយមហាយក្សចិនលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងកិច្ចការនយោបាយដើម្បីកសាងទំនុកចិត្តគ្នាជាមុនសិន។
«មធ្យោបាយតែមួយគត់សម្រាប់ដំណើរឆ្ពោះទៅមុខ គឺ ត្រូវពង្រឹងវិស័យផ្សេងៗទៀតនៃទំនាក់ទំនងរបស់យើង(ហ្វីលីពីន និងចិន) និងត្រូវធានាឲ្យបានថាក្នុងដំណើរការនោះ អ្នកអាចបន្តការកសាងទំនុកចិត្ត ដែលនឹងអាចជួយបើកផ្លូវឲ្យអ្នកដោះស្រាយជម្លោះដោយសន្តិវិធីបាននៅថ្ងៃអនាគត»។ នេះគឺជាសេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រីការបរទេស Perfecto Yasay ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Channel News Asia ពាក់ព័ន្ធនឹងការវិវត្តចុងក្រោយនៃទំនាក់ទំនងហ្វីលីពីន និងចិន។
ក្នុងកិច្ចសម្ភាសន៍ដដែលនោះ លោកប្រមុខការទូតរូបនេះ បានបញ្ជាក់ដែរថា ការចរចាទ្វេភាគីលើបញ្ហាសមុទ្រចិនខាងត្បូង នឹងបន្តនៅពេលដែល ក្រុងប៉េកាំង អាចទទួលយកសាលក្រមសមុទ្រចិនខាងត្បូងរបស់តុលាការអន្តរជាតិក្រុងឡេនោះ។ ជាមួយនឹងការអះអាងពីការមិនបោះបង់ការចរចានោះ លោក Yasay ក៏បានលើកឡើងដែរថា បញ្ហាសមុទ្រចិនខាងត្បូង មិនកំណត់ទំនាក់ទំនងទាំងស្រុងរវាងហ្វីលីពីន និងចិនឡើយ។
លោកប្រមុខការទូត ថែមទាំងលើកជាសំណួរថា៖«អ្នកនឹងធ្វើបែបណា(លើបញ្ហាសមុទ្រចិនខាងត្បូង)? គួរតែប្រឈមនឹងការធ្វើសង្គ្រាមជាមួយចិន ដែលដឹងថាលទ្ធផលគ្មានអ្នកណាមួយឈ្នះឬ? គ្មាននរណាចង់បានសង្គ្រាមឡើយ»។
សូមជម្រាបផងដែរថា បញ្ហាសមុទ្រចិនខាងត្បូង គឺជាជម្លោះអធិបតេយ្យដែលរដ្ឋពាក់ព័ន្ធដូចជាព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងចិន។ ក្នុងចំណោមភាគីពាក់ព័ន្ធ ហ្វីលីពីន និងវៀតណាម ត្រូវបានមើលឃើញថា ជាដៃគូប្រជែងរបស់ចិនដ៏មានសក្តានុពល។ ជាពិសេសនោះ ក្នុងរដ្ឋបាលរបស់អតីតប្រធានាធិបតី ប៊ែរនីណូ អាហ្គីណូ ហ្វីលីពីន ប្រឈមជាមួយនឹងចិនទាំងផ្នែកច្បាប់ ការទូត និងយោធា។
នៅថ្ងៃទី១២ ខែកក្កដាកន្លងទៅ តុលាការមជ្ឈការអចិន្ត្រៃយ៍ក្រុងឡាអេ បានចេញសាលដីកាសមុទ្រចិនខាងត្បូងតាមបណ្តឹងរបស់ហ្វីលីពីនដែលប្តឹងដោយរដ្ឋបាលអតីតប្រធានាធីបតីប៊ែរនីណូ អាហ្គីណូ ដោយបានកាត់ក្តីថា ចិន បានបំពាននៅក្នុងសមុទ្រចិនខាងត្បូង ហើយការទាមទាររបស់ចិនក៏គ្មានមូលដ្ឋានអ្វីដែរ។ ហើយសាលក្រមនេះ ប្រាកដណាស់ ថា ចិន មិនទទួលស្គាល់ឡើយ ដ្បិត បើអនុវត្តតាមសាលក្រមនោះ ចិន នឹងត្រូវខាតបង់ ហើយចិន ក៏តែងតែបដិសេធបណ្តឹងនោះតាំងពីការចាប់ផ្តើមនីតិវធីនេះមកម្ល៉េះ៕
Tag:
ហ្វីលីពីន
ចិន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com