អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​ហ្វីលីពីន មិន​តវ៉ា​លើ​របាយការណ៍​ដែល​ចោទ​ចិន​ថា​ធ្វើ​យោ​ធូប​នីយកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​
17, Dec 2016 , 5:30 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន និងលោកប្រធានាធិបតីចិន នាពេលហ្វីលីពីនបំពេញទស្សនកិច្ចទៅកាន់ចិន
លោកប្រធានាធិបតីហ្វីលីពីន និងលោកប្រធានាធិបតីចិន នាពេលហ្វីលីពីនបំពេញទស្សនកិច្ចទៅកាន់ចិន
ដោយ:
​បើទោះបី​ជាមាន​របាយការណ៍​របស់​ស្ថាប័ន​ជំនាញ​ក្រុង​វ៉ាស៊ីនតោន បង្ហាញថា ក្រុង​ប៉េកាំង កំពុងតែ​ធ្វើ​យោ​ធូប​នីយកម្ម​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ ក្រុង​ម៉ានីល មិន​ចាប់អារម្មណ៍​ឡើយ ពោលគឺ ក្រុង​ម៉ានីល មិនមាន​ការតវ៉ា​អ្វី​ឡើយ​។ នេះ​គឺជា​ការបញ្ជាក់​របស់​ប្រមុខ​ការទូត​ហ្វីលីពីន​លោក Perfecto Yasay​។



​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​សិង្ហ​បុរី​នៅ​ថ្ងៃទី​១៦​ធ្នូ លោក​រដ្ឋមន្ត្រីការបរទេស Perfecto Yasay បាន​បញ្ជាក់ថា រដ្ឋាភិបាល​ហ្វីលីពីន នឹងមិន​ចេញ​កំណត់ហេតុ​ការទូត​តវ៉ា​ទៅកាន់​ចិន​ឡើយ​។ លោក​សង្កត់ធ្ងន់ថា​៖«​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​ដែល​ចាំបាច់​ដើម្បី​បម្រើ​ប្រយោជន៍​ជាតិ​គេ​ចុះ​...​សម្រាប់​ហ្វីលីពីន យើង​មានការ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយនឹង​គ្នា ហើយ​ប្រទេស​ដទៃ អាចធ្វើ​យ៉ាងម៉េច​លើ​បញ្ហា​នេះ​ស្រេច​តែ​គេ​ចុះ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​សិង្ហ​បុរី Channel News Asia​

​នាឱកាស​ដដែល​នោះ លោក​ប្រមុខ​ការទូត ក៏បាន​បន្ថែមទៀត ហ្វីលីពីន មិនអាច​បញ្ឈប់​ចិន​បានឡើយ ហើយ​មានតែ​ការពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អ​ជាមួយនឹង​ចិន​នោះទេ​ដែល​ផ្តល់​ប្រយោជន៍​មកវិញ​នោះ​។ លោក ពន្យល់ថា ដោយសារតែ​ការពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ចិន អ្នកនេសាទ​ហ្វីលីពីន​បច្ចុប្បន្ន អាច​ទៅ​នេសាទ​នៅក្នុង​តំបន់​ក្បែរ​ថ្ម​ប៉ប្រះ​ទឹក Scarborough ដែល​ចិន បាន​បិទ​មិន​ឲ្យ​ចូល​តាំងពី​ឆ្នាំ​២០១២​នោះ​។

​សូម​ជម្រាប​ផងដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​រវាង​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ តំបន់​ដែល​ចំណុច​វិវាទ​ខ្លាំង​នៃ​សមុទ្រ​ចិន​ខាងត្បូង គឺ​នៅ​ប្រជុំ​កោះ​ស្ព្រា​ត​លី និង​ប្រជុំ​កោះ​ប៉ា​រ៉ា​ស្សែ​ល ដែល​ចិន បានទាមទារ​ស្ទើរតែ​ទាំងស្រុង​នៃ​តំបន់​ទាំងនោះ​ដោយយោង​តាម កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន​ទាមទារ​ដោយយោង​តាមច្បាប់​អន្តរជាតិ​នោះ​។​

​នៅ​ថ្ងៃទី​១៣ ធ្នូ​កន្លងទៅ ស្ថាប័ន​វិភាគ​អាមេរិក «​គំនិត​ផ្តួចផ្តើម​តម្លាភាព​ដែនសមុទ្រ​អាស៊ី (AMTI) បានចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​ពី​ការវិវត្ត​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយបាន​អះអាងថា ចិន បាន​ដំឡើង​សព្វាវុធ​ដែលជា​ប្រព័ន្ធ​ការពារ ដែលជា​ប្រភេទ​កាំភ្លើង​ធំ​ប្រឆាំងនឹង​យន្តហោះ​នៅក្នុង​មូលដ្ឋាន​មួយចំនួន​ក្នុង​កោះ​ស្ព្រា​ត​លី​។ ផ្អែក​តាម​រូបភាព​ដែល​ចាប់​ដោយ​ផ្កាយរណប AMTI បាន​ពន្យល់ថា សំណង់​ដែលជា​ប្រភេទ​ការដ្ឋាន​យោធា បាន​សាងសង់​រួចទៅហើយ​នៅ​តំបន់​កោះ ដែល​ក្រុម​អ្នកជំនាញ​ចាត់ទុកថា​ជាការ​ធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕


Tag:
 ​ហ្វីលីពីន​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com