ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យូ សុធា​រី ព្យាយាម​បន្សល់​ស្នាដៃ​នៅលើ​ផែនដី លើសពី​ឆ្អឹង​របស់គាត់​
18, Dec 2016 , 2:01 pm        
រូបភាព
ដោយ:
​កញ្ញា យូ សុធា​រី កំពុង​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​«​គោលនយោបាយ​អភិវឌ្ឍ​ន៍​អន្តរជាតិ​» នៅ រដ្ឋ North Carolina តាមរយៈ​អាហារូបករណ៍​របស់ Open Society Foundation និង​សកល វិទ្យាល័យ Duke នៃ​សហរដ្ឋអាមេរិក​។ សុធា​រី ប្តេជ្ញា​យកចំណេះ​ដឹង​ទាំង​នោះមក​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កំណើត​វិញ​។​

 
​នៅពេលដែល យូ សុធា​រី ចាក​ចេញពី​កម្ពុជា​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៦​នេះ ដើម្បី​បន្ត​ការសិក្សា​នៅ​សហរដ្ឋអាមេរិក ស្ថានភាព​ជីវិត​របស់​សុធា​រី បានល្អ​ប្រសើរ​ច្រើនជាង​ពេលដែល​កញ្ញា​ចាក​ចេញពី​ស្រុកកំណើត​នៃ​ក្រុង​ស្ទឹងសែន​ក្នុង​ឆ្នាំ​២០០៨​។ នៅពេលនោះ សុធា​រី ដែលជា​កូនស្រី​អ្នកលក់​បន្លែ​ម្នាក់ មាន​ត្រឹមតែ​កង់​មួយ និង​ប្រាក់កាស​បន្តិចបន្តួច​ជាប់​នឹង​ខ្លួន ដើម្បី​បន្ត​ការសិក្សា​នៅក្នុង​រាជធានី​ភ្នំពេញ​។ ការដែល កញ្ញា​អាយុ​២៥​ឆ្នាំ អាចមាន​សមត្ថភាព​ប្រឡង​ជាប់​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ​នៃ​ប្រទេស​មហាអំណាច​នោះ នោះ​ក៏​ព្រោះតែ​កញ្ញា​មាន​ដើមទុន​នៃ​ការតស៊ូ​ព្យាយាម​ក្នុងឋានៈ​ជា​និស្សិត​ក្រីក្រ​អស់​រយៈពេល​៨​ឆ្នាំ​មក​ដែរ​។​


 
​មានឈ្មោះ​ជាប់​ជា​និស្សិត​អាហារូបករណ៍​ផ្នែក​ច្បាប់​ក្នុង​ឆ្នាំ​២០០៨ នៅក្នុង​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ក៏ពិតមែន ប៉ុន្តែ សុធា​រី ត្រូវ​ប្រើ​ជីវិត​ជា​និស្សិត​ក្រីក្រ​។ រស់នៅក្នុង​បន្ទប់​ជួល​ជាមួយ​កម្មការិនី​រោងចក្រ​ដែលជា​មិត្តភក្តិ​មកពី​ភូមិកំណើត​ជាមួយ គឺជា​ជម្រើស​តែមួយគត់​របស់​សុធា​រី ដើម្បី​ផ្តើម​ជិវិត​និស្សិត​នៅ​ភ្នំពេញ​។ ទោះយ៉ាងណា​ក៏ដោយ បើទោះជា​មាន​មនុស្ស​មួយចំនួន​ហាក់​មិនសូវ​ឲ្យ​តម្លៃ សុធា​រី ដែលជា​និស្សិត​ក្រីក្រ​ក៏ដោយ សុធា​រី នៅតែ​ទទួលបាន​ការគាំទ្រ​ពី​មិត្តភក្តិ​មួយចំនួន​ផ្សេងទៀត ដែល​នៅចាំ​យកចិត្តទុកដាក់ និង​ជួយ​យកអាសារ សុធា​រី នៅពេល​ឈឺ​ថ្កាត់ ឬក៏​ត្រូវការ​ប្រាក់កាស​បន្ទាន់​ជាដើម​។ អំពើ​ល្អ​របស់​មិត្តភក្តិ​មួយក្រុម​ចុងក្រោយ​នេះហើយ ដែល​បាន​លើកទឹកចិត្ត សុធា​រី ហើយ​បាន​បំផុសគំនិត​សុធា​រី ឲ្យ​ចូលរួម​ធ្វើ​ការងារ​សង្គម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ម្យ៉ាង​រួមចំណែក​ក្នុងការ​កសាង​អំពើ​ល្អ​នៅក្នុង​សង្គម និង​ម្យ៉ាងទៀត​ដើម្បី​សុធា​រី អាចជួយ​អ្នក​ដែល​ទន់ខ្សោយ​ជាង​កញ្ញា​ផង​។​
 
​សុធា​រី បាន​រៀបរាប់​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​មាន​មិត្ត​មួយចំនួន​ដែលជា​កូនកាត់​ចិន កូនកាត់​វៀតណាម និង​ខ្មែរ​អ៊ីស្លាម​ផង​។ ពួកគេ​ឲ្យ​ខ្ញុំ​ខ្ចីប្រាក់ ខ្ចី​សៀវភៅ​រៀន និង​ជួយ​មើលថែទាំ​ខ្ញុំ​។ ពួកគេ​ធ្វើ​ឲ្យ​ខ្ញុំ​យល់ថា ធ្វើជា​មនុស្ស​មិនត្រូវ​វាយតម្លៃ​តែ​សម្បក​ក្រៅ​ឡើយ​»​។​


 
​ក្រ​មិន​ទៅធ្វើ​ការរក​លុយ តែ​បែ​ជា​មក​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ទៅវិញ​។ ការសម្រេចចិត្ត​បែបនេះ មាន​មិន​ច្រើន​ឡើយ​សម្រាប់​និស្សិត​ក្រីក្រ​ដូច សុធា​រី​។ អតីត​និស្សិត​ច្បាប់​រូបនេះ​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​រស់នៅ​ក្រោម​បរិយាកាស​នៃ​ការរើសអើង​, ការ​មិនឱ្យ​តម្លៃ និង​រស់នៅក្នុង​សង្គម​មួយ​ដែល​អ​យុ​តិ្ត​ធម៌​សម្រាប់​កូនអ្នកក្រ​ដូច​ខ្ញុំ នេះ​ជា​មូល​ហេតុដែល​ខ្ញុំ​ធ្វើ​ការងារ​សង្គម ដើម្បី​ចូលរួម​ផ្លាស់ប្តូរ​សង្គម​ដែល​អ​យុ​តិ្ត​ធម៌​មួយ​នេះ​»​។​
 
​ដោយ​ដិតដាម​នឹង​ពិសោធន៍​ជីវិត​ផ្ទាល់ខ្លួន និង​ពិសោធន៍​ជាច្រើន​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផង សុធា​រី បាន​តម្រង់​ខ្លួន​ខ្លាំង​ឆ្ពោះទៅរក​ការងារ​ណា​ដែលជា​ការចូលរួម​កាត់​បន្ថយ​អយុត្តិធម៌​សង្គម រហូតដល់​កញ្ញា​ជ្រើសរើស​មុខវិជ្ជា​ថ្នាក់អនុបណ្ឌិត​នៅ​សហរដ្ឋអាមេរិក​ដែល​ទាក់ទង​នឹង គោលនយោបាយ​អភិវឌ្ឍ​ន៍​អន្តរជាតិ ដែល​នឹងធ្វើ​ឲ្យ​សុធា​រី ក្លាយជា​អ្នកជំនាញ​បង្កើត​គោលនយោបាយ​លើកស្ទួយ​ស្ត្រី​ទៀតផង​។​
 
​សុធា​រី ពន្យល់ថា​៖«​ការសិក្សារ​មុខវិជ្ជា​នេះ​គឺ​ដើម្បី​ធ្វើការ​តស៊ូ​មតិ​លើ​គោលនយោបាយ​មួយចំនួន​របស់​រដ្ឋាភិបាល ដែល​បានដាក់​គោលនយោបាយ​មិន​ឆ្លើយតប​នឹង​អ្វីដែល​ស្រី្ត​គួរតែ​ទទួលបាន ដូចជា​ការកំណត់​ថវិកាជាតិ​សម្រាប់​អភិវឌ្ឍន៍​ធនធាន​ស្ត្រី​នៅតែមាន​កម្រិត​តិចតួច​, វិសមភាព​យេនឌ័រ​នៅតែ​បន្ត​កើតមាន​, ការរើសអើង និង​ការប្រើ​អំពើហិង្សា​លើ​ស្ត្រី​នៅតែ​បន្ត​កើតមាន​»​។​


 
​និយាយ​ដល់​ការទទួលបាន​អាហារូបករណ៍​សិក្សា​នៅ​បរទេស សម្រាប់​សុធា​រី ចំណេះដឹង​ទូទៅ​ខ្ពង់ខ្ពស់ កម្រិត​ភាសា​អង់គ្លេស​ល្អ វា​គឺជា​ទុន​មួយផ្នែក​ហើយ ប៉ុន្តែ​ឆន្ទៈ ឬ​សេចក្តីក្លាហាន មិន​រារែក ក្នុងការ​ដាក់ពាក្យ​ប្រឡង​យក​អាហារូបករណ៍ ក៏​ជា​ផ្នែក​សំខាន់​មួយទៀត​ដែរ​។​
 
«​បើ​ថា ខ្ញុំ​ពូកែ គឺ​ខ្ញុំ​មិន​ពូកែ​ដល់​បេក្ខជន​ដទៃទៀត​ទេ​។ តែ​ខ្ញុំ​គិតថា ចំណុចខ្លាំង​ក្នុងការ​ដាក់​អាហារូបករណ៍​របស់ខ្ញុំ គឺ​ខ្ញុំ​មាន​ឆន្ទៈ​ក្នុង​ការដាក់​អាហារូបករណ៍​»​។ នេះ​គឺជា​ការសន្និដ្ឋាន​របស់​កូន​កសិករ យូ សុធា​រី  ដែល​ធ្លាប់​ប្រឡង​ធ្លាក់​អាហារូបករណ៍​ចំនួន​ពីរដង​រួចទៅហើយ​។ សុធា​រី បន្តទៀត​យ៉ាង​ដូច្នេះ​៖«​បើ​ចង់​ធ្វើ​អ្វីមួយ ត្រូវ​តាំងចិត្ត​ខំ​ធ្វើ កុំ​បោះបង់​វា​ចោល​។ បើទោះជា​ត្រូវ​ចំណាយពេល​តិច ឬ​ច្រើន​ក៍ដោយ ប៉ុន្តែ​កុំ​បោះបង់​វា​ចោល​»​។ 
 
​មាន​សំណួរ​មួយចំនួន​ដែល សុធា​រី តែងតែ​សួរ​ខ្លួនឯង​ថា «​តើ​ខ្ញុំ​ជា​នរណា​? ខ្ញុំ​ចង់បាន​អ្វី​? តើ​ខ្ញុំ​ចង់​សម្រេច​អ្វី​នៅក្នុង​មួយជីវិត​នេះ​? តើ​នៅ​ចុងបញ្ចប់​នៃ​ជីវិត ខ្ញុំ​ចង់​បន្សល់ទុក​អ្វី​នៅលើ​ភពផែនដី​នេះ ក្រៅពី​ឆ្អឹង​របស់ខ្ញុំ​»?



© រក្សាសិទ្ធិដោយ thmeythmey.com