អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​អូ​បា​ម៉ា​បាន​ប្រា​ប់លោក Putin ថា​ឲ្យ​ឈប់​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អាមេរិក​
19, Dec 2016 , 7:39 am        
រូបភាព
ដោយ: VOA
 ​លោក​ប្រធានាធិបតី​ស​.​រ​.​អា បា​រ៉ា​ក់ អូ​បា​ម៉ា និយាយថា​ក្រោយពេល​ក្រុមមន្ត្រី​រដ្ឋាភិបាល​បានដឹងថា​រុស្ស៊ី​បាន​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​របស់​គណកម្មកា​រ​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​រួចមក លោក​បាន​ប្រា​ប់លោក​ប្រធានាធិបតី Vladimir Putin ថា​ឲ្យ​ឈប់​ធ្វើបែបនេះ ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​នៃ​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់ G-២០ ក្នុងប្រទេស​ចិន​កាលពី​ខែកញ្ញា​។​

 
​ក្នុងអំឡុង​សន្និសីទ​ព័ត៌មាន​ចុងឆ្នាំ​របស់លោក​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​សុក្រ ដែល​អាចជា​សន្និសីទ​ព័ត៌មាន​ពេញលេញ​ចុងក្រោយ​របស់លោក​ក្នុង​តំណែង​ជា​ប្រធានាធិបតី​នោះ លោក​អូ​បា​ម៉ា​បាន​ថ្លែងថា ក្រុមមន្ត្រី​ស៊ើប​ការសម្ងាត់​របស់​ស​.​រ​.​អា បានដឹង​អំពី​ទំហំ​នៃ​ការ​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​ធ្វើឡើង​ដោយ​រុស្ស៊ី​ទៅក្នុង​គណកម្មការ​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ កាលពី​៦​ខែ​មុន​។ លោក​ប្រធានាធិបតី​បាន​ថ្លែងថា ការព្រួយបារម្ភ​ចម្បង​របស់លោក គឺ​ធានាថា​ការវាយប្រហារ​តាម​អ៊ីនធឺណិត នឹងមិន​កើនឡើង ហើយ​នឹងមិន​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ពិតប្រាកដ​។ ដើម្បី​ធានាថា​រឿងនេះ​មិនកើត​ឡើង លោក​អូ​បា​ម៉ា​បាន​ថ្លែងថា​នៅពេលដែល​លោក​បានឃើញ​លោក Putin ក្នុងប្រទេស​ចិន លោក​មាន​អារម្មណ៍​ថា​វិធី​ដែលមាន​ប្រសិទ្ធិភាព​បំផុត គឺ​និយាយ​ជាមួយ​លោក Putin ផ្ទាល់​តែម្តង ហើយ​ប្រាប់​លោក​ថា​ឲ្យ​ឈប់​ធ្វើអំពើ​បែបនេះ ហើយ​ថា​នឹងមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បើសិនជា​លោក​មិន​ឈប់​ទេនោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com