អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Duterte ប្រាប់​អាមេរិក​ឲ្យ​បង់ប្រាក់ បើ​ចង់​បន្ត​វត្តមាន​យោធា​លើទឹក​ដី​ហ្វីលីពីន​
19, Dec 2016 , 10:55 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន-Rodrigo-Duterte-នាឱកាសទស្សនកិច្ចនៅកម្ពុជា
ប្រធានាធិបតីហ្វីលីពីន-Rodrigo-Duterte-នាឱកាសទស្សនកិច្ចនៅកម្ពុជា
 
 
​ជាថ្មី​ម្ដងទៀត ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ព្រមាន​លុបចោល​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​ទាហាន​អាមេរិក​មាន​មូលដ្ឋាន​លើទឹក​ដី​ហ្វីលីពីន​។ លោក Duterte បានដាក់​លក្ខខណ្ឌ​ឲ្យ​អាមេរិក ត្រូវ​បង់ថ្លៃ​ស្នាក់នៅ​ឲ្យ​រដ្ឋបាល​របស់លោក បើ​អាមេរិក​ចង់​មានវត្តមាន​លើទឹក​ដី​ហ្វីលីពីន​តទៅទៀត​។ ការលើកឡើង​របស់លោក Duterte ហាក់​ផ្ទុយ​ពី​ការទាមទារ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ដែល​ចង់​ឲ្យ​ប្រទេស​មាន​មូលដ្ឋាន​អាមេរិក បង់ប្រាក់​ឲ្យ​អាមេរិក​វិញ​។​

 
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​គំរាម​បណ្ដេញ​ទាហាន​អាមេរិក​ចេញពី​ទឹកដី​របស់ខ្លួន ដោយ​លោក​បាន​ព្រមាន​លុបចោល​កិច្ចព្រមព្រៀង (VFA: Visiting Forces Agreement) ដែល​អនុញ្ញាត​ឲ្យ​កងកម្លាំង​អាមេរិក​ស្នាក់​នៅលើ​ទឹកដី​ហ្វីលីពីន​មិន​អចិន្ត្រៃយ៍​។ លោក បាន​ប្រាប់​ឲ្យ​ទាហាន​អាមេរិក​ចាប់ផ្ដើម​វេច​បង្វេច និង​ចាក​ចេញពី​ប្រទេស​របស់លោក​។​
 
​អំឡុងពេល​ចូលរួម​ខួបកំណើត​របស់​សមាជិក​ព្រឹទ្ធសភា Manny Pacquiao នៅ​ថ្ងៃទី​១៧ ខែធ្នូ លោក Duterte បញ្ជាក់ថា កិច្ចព្រមព្រៀង (VFA) ដែល​ត្រូវបាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​១៩៩៨ គ្រាន់តែ​ជា​កិច្ចសន្យា​ព្រមព្រៀង​ដោយ​រដ្ឋាភិបាល​ប៉ុណ្ណោះ ដូច្នេះ​លោក​មាន​សិទ្ធិ​លុបចោល​បាន​។ ប៉ុន្តែ​បើ​អាមេរិក​ចង់​ឲ្យ​ទាហាន​របស់ខ្លួន​ស្នាក់នៅ​បន្ត ឬក៏​ចង់​ដាក់​មូលដ្ឋាន​នោះ អាមេរិក​ត្រូវតែ​បង់ថ្លៃ​ចំណាយ​ឲ្យ​ហ្វីលីពីន​។​
 
​សារព័ត៌មាន​ហ្វីលីពីន Rappler ផ្សាយ​ថា ប្រធានាធិបតី​ហ្វីលីពីន​ទាមទារ​ដូចនេះ ព្រោះ​លោក​ខឹង​អាមេរិក​ដែល​មិន​ផ្ដល់ជំនួយ​ថ្មី​ទៀត ក្រោម​ហេតុផល​ព្រួយបារម្ភ​ជុំវិញ​ការបង្ក្រាប​គ្រឿងញៀន​រប​ស់លោក​ដែល​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​មកហើយ​។ យ៉ាងណាក្ដី លោក Duterte ក៏​ប្រកាស​ដែរ​ថា លោក​សប្បាយចិត្ត​ដែល​អាមេរិក​ផ្ដាច់ជំនួយ ដ្បិត​ហ្វីលីពីន​ក៏​អាច​រស់​ដោយ​ខ្លួនឯង​បានដែរ​។​
 
​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង VFA ជា​កិច្ចព្រមព្រៀង​មួយ​រវាង​រដ្ឋាភិបាល​ហ្វីលីពីន និង​រដ្ឋាភិបាល​អាមេរិក​។ កិច្ចព្រមព្រៀង​នេះ បាន​គូសបញ្ជាក់​ពី​គោលការណ៍​អនុវត្ត​របស់​កងទ័ព​អាមេរិក ដែលមាន​វត្តមាន​លើទឹក​ដី​ហ្វីលីពីន​។ កិច្ចព្រមព្រៀង​នេះ ក៏​ជា​មូលដ្ឋាន​នៃ​ការធ្វើ​សម​យុ​ទ្អ​យោធា​រួមគ្នា​រវាង​អាមេរិក និង​ហ្វីលីពីន​ដែរ តែ​លំ​ហាត់​យោធា​មួយចំនួន​ត្រូវបាន​លោក Duterte បញ្ជា​ឲ្យ​ផ្អាក​អស់ហើយ​ដែរ​។​
 
​មិន​ត្រឹមតែ​មិន​ចង់​បណ្ដេញ​ទាហាន​អាមេរិក​ឡើយ លោក Duterte ថែមទាំង​បង្អាប់​ទាហាន​អាមេរិក និង​លើកសរសើរ​ទាហាន​ហ្វីលីពីន​ទៀតផង​។ លោក​អះអាងថា ទាហាន​អាមេរិក​តែង​ចង់បាន​បន្ទាយ​មាន​ម៉ាស៊ីនត្រជាក់ និង​អាហារ​ដែល​ខ្លួន​ចូលចិត្ត តែ​ទាហាន​ហ្វីលីពីន​មិនដែល​ទាមទារ​អ្វី​ឡើយ និង​បរិភោគ​អ្វីដែល​ត្រូវបាន​ផ្ដល់​ឲ្យ​តែប៉ុណ្ណោះ​។ លោក​អួតថា ទាហាន​ហ្វីលីពីន​ក្លាហាន​ជាង និង​ពូកែ​ស៊ូទ្រាំ​ជាង​ទាហាន​អាមេរិក​៕
 
 
 

Tag:
 ហ្វីលីពីន​
  អាមេរិក​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com