ជាតិ
អាជ្ញាធរ និង​ខ្មែរ​ឥ​សា្ល​ម​នៅតែ​ខ្វែងគំនិត​គ្នា​រឿង​សង់​ផ្លូវ​កាត់​របង​វិហារ​បឹងកក់​
19, Dec 2016 , 1:56 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ និង​សាសនិក​ខ្មែរឥស្លាម នៅតែ​ខ្វែងគំនិត​គ្នា​លើ​គម្រោងសាង​សង់​ផ្លូវ​កាត់​របង​វិហារ​ឥស្លាម​បឹងកក់ ដោយ​អាជ្ញាធរ​ចង់​សង់​ផ្លូវ​កាត់​របង​វិហារ តែ​តំណាង​សាសនិកឥស្លាម​ស្នើឲ្យ​អាជ្ញាធរ​សង់​ផ្លូ​វ​វាង​ជាប់​របង​វិហារ​វិញ​។​



​គម្រោង​ផ្លូវ​កាត់​វិហារ​ឥស្លាម​បឹងកក់ នៅតែ​ជា​សំណុំរឿង​ដ៏​ចម្រូងចម្រាស់​។ អាជ្ញាធរ និង​តំណាង​សាសនិក​ខ្មែរឥស្លាម​ពុំ​ឯកភាពគ្នា​លើ​គម្រោង​សង់​ផ្លូវ​ថ្មី​ឡើយ បើទោះបីជា​ពួកគេ​មានបំណង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​តំបន់​នេះ​ដូចគ្នា​ក្តី​។​

​លោក អ៉ះ​ម៉ាត់ យ៉ះ​យ៉ា តំណាង​ខ្មែរឥស្លាម​ម្នាក់​ដែល​ធ្លាប់​ចាញ់ក្តី​ពីបទ​បរិហាកេរ្តិ៍​លោក អូស្មាន ហាស្សាន់ ពាក់ព័ន្ធ​បញ្ហា​នេះ​កន្លងទៅ បាន​លើក​ហេតុផល​ដដែល​ថា វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់ និង​បង្ក​ភាព​អានាធិបតេយ្យ​ដល់​បរិវេណ​វិហារ​ដែលជា​ទី​សក្ការបូជា​របស់​សាសនា​ឥស្លាម​។​

​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង​យុវនីតិសម្បទា​រូបនេះ ចាត់ទុក​រឿង​ធ្វើ​ផ្លូវ​កាត់​វិហារ​បឹងកក់ ខាងក្រោយ​សណ្ឋាគារ​ភ្នំពេញ កំពុង​ក្លាយជា​រឿងចម្រូងចម្រាស ដោយសារ​ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម​ម្ខាង​គាំទ្រ​ឲ្យ​ធ្វើ និង​ម្ខាង​ទៀត​ជំទាស់ ។​

«​អត់​មាន​របស់​នេះ ជា​របស់​អ្នកណាម្នាក់​ទេ គឺ​វា​ជា​របស់​សាសនិក​ឥ​សា្ល​ម​។ បើ​ដីឯកជន អាជ្ញាធរ​ធ្វើ​ចុះ​»​។ តំណាង​អ្នកជំទាស់​យ៉ាង​ម៉ឺងម៉ាត់​លើ​គម្រោង​ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ​បង្ហាញ​ផែនការមេ​ផ្លូវ​វាង​ឲ្យ​បានច្បាស់លាស់​សិន មុនពេល​ពួកគេ​ដោះស្រាយ​បញ្ហា​ទាំងនេះ អំឡុង​អាជ្ញាធរ​ភ្នំពេញ ចុះ​វាស់វែង​កំណត់​ដី​ផ្លូវ នៅ​ថ្ងៃទី​១៩ ខែធ្នូ​នេះ​។​

​សំឡេង លោក អ៉ះ​ម៉ាត់ យ៉ះ​យ៉ា​៖




​ជាការ​ឆ្លើយតប​នឹង​សំណូមពរ លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​រាជធានី​ភ្នំពេញ បានលើកឡើង​ផ្អែក​ការសិក្សា​ថា អាជ្ញាធរ​លំបាក​សង់​ផ្លូវ​វាង ព្រោះ​វា​មិន​អាចជួយ​រំដោះ​ការកកស្ទះ​ចរាចរណ៍​បានឡើយ​។​

​បន្ថែម​លើ​មតិផ្ទុយ​លោក អ៉ះ​ម៉ាត់ យ៉ះ​យ៉ា តំណាង​អាជ្ញាធរ​រូបនេះ បានបង្ហាញ​ពី​សារប្រយោជន៍​បើកផ្លូវ​កាត់​វិហារ​បឹងកក់​ថ្មី​ថា វា​នឹង​សម្រួល​ចរាចរណ៍​ម្តុំ​បឹងកក់ និង​ម្តុំ​ស្តុ​ប​កា​ណា​ឌី​យ៉ា (BKC) និង​រំដោះ​ជំនន់​ទឹកភ្លៀង ព្រោះ​អាជ្ញាធរ​នឹង​សង់​ផ្លូវ​ថ្មី​ដែល​ទទឹង ២០​ម៉ែត្រ ទ្រូងផ្លូវ ១៦ ចិញ្ចើមផ្លូវ​ម្ខាងៗ ២​ម៉ែត្រ និង​បណ្តោយ​ជាង ២០០ ម៉ែត្រ ហើយ​គេ​នឹង​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​តាម​បណ្តោយ​ផ្លូវ​ថ្មី​ដែរ​។​

​លោក​បាន​និយាយប្រាប់​ក្រុម អ្នកសារព័ត៌មាន​អំឡុងពេល​ចុះ​វាស់វែង​ដី​ផ្លូវ​ក្នុង​វិហារ​បឹងកក់ នៅថ្ងៃនេះ​ថា​៖«​បើ​យើង​ធ្វើតាម​ច្រក​ដែលមាន​ស្រាប់​នេះ តើ​យើង​អាច​បត់​ចេញរួច​ទេ​?...​យើង​ត្រូវ​គិតថា យើង​សង់​ផ្លូវ​នេះ​សំខាន់​»​។  បើតាម​លោក សារិន វណ្ណា អាជ្ញាធរ​នឹង​ទូទាត់​ដោះដូរ ដី​បឹងកក់​ខាងក្រោយ​វិហារ​ឥស្លាម​សង​ស្មើគ្នា​ឲ្យ​សាសនិក​ឥស្លាម​វិញ​ដែរ​។​

​សំឡេង​លោក សារិន វណ្ណា​៖




​ជុំវិញ​បញ្ហា​នេះដែរ លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​បដិសេធ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន ពេលលោកចុះត្រួតពិនិត្យការវាស់វែងដី។ ​លោក​គ្រាន់តែ​និយាយថា អាជ្ញាធរ​នឹង​បន្ត​អញ្ជើញ​តំណាង​សាសនិក​ខ្មែរឥស្លាម​ចូលរួម​ប្រជុំ​ថែមទៀត មុន​ចាប់ផ្តើម​អនុវត្ត​គម្រោង ខាងមុខ​។​

​តាម​ការរៀបចំ​ពី​ប្រវត្តិ​ដី​វិហារ​បឹងកក់ គឺ​ដើមឡើយ​នៅ​ជំនាន់​សង្គមរាស្ត្រនិយម អតីត​ព្រះ​ហា​ក្សត្រ​ខ្មែរ សម្តេច ព្រះ​នរោត្តម សីហនុ បានប្រគល់​ដី​​ឲ្យ​សហគមន៍​ខ្មែរឥស្លាម​។ ក្រោយ​របប​ខ្មែរក្រហម ដី​នេះ​គឺ​គ្រប់គ្រង​ដោយ​ឯកជន និង​ជា​បា​កម្សាន្ត ក្នុងអំឡុង​ឆ្នាំ​៩០​។ ជា​បន្តបន្ទាប់ ដី​វិហារ​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម​ទាមទារ​មក​គ្រប់គ្រង​ឡើងវិញ និង​បច្ចុប្បន្ន​មាន​ប្លង់​ចំនួន​ពីរ ដាច់ដោយឡែក​ពីគ្នា​។ ប្លង់ដី​មួយចំណែក គ្រប់គ្រង​ដោយ លោក អូស្មាន ហាស្សាន់ ប្រធាន​មូលនិធិ​អភិវឌ្ឍន៍​មូ​ស្លិ​ម​កម្ពុជា និង​ប្លង់​មួយទៀត គ្រប់គ្រង​ដោយ​លោក វ៉ាន់ ម៉ាត់ ប្រធាន​សមាគម​ខ្មែរឥស្លាម​កម្ពុជា​៕




Tag:
 វិហារ​បឹងកក់​
  អូស្មាន ហាស្សាន់​
  អ៉ះ​ម៉ាត់ យ៉ះ​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com