អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាហ្វ្រិក​ខាងលិច ត្រៀម​ចាត់វិធានការ​គ្រប់យ៉ាង​បង្ខំ Jammeh ឲ្យ​ចេញពី​តំណែង​
20, Dec 2016 , 8:39 am        
រូបភាព
 
​មេដឹកនាំ​អាហ្វ្រិក​ខាងលិច​អះអាងថា ពួកគេ​នឹង​ព្យាយាម​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ជំរុញ​ឲ្យ​មានការ​ទទួលយក​លទ្ធ​ផល​បោះឆ្នោត​ថ្ងៃ ១​ធ្នូ ហើយ​ពួកគេ​ត្រៀម​ទៅ​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ថ្មី ហ្កំ​ប៊ី លោក Adama Barrow ដែរ​។ នេះ​បង្ហាញ​ពី​ជំហរ​របស់​អាហ្វ្រិក​ខាងលិច​ក្នុង​ការការពារ​ប្រធានាធិបតី​ថ្មី ប្រឆាំង​ប្រធានាធិបតី​ចាញ់ឆ្នោត Yahya Jammeh​។  


​មេដឹកនាំ​អាហ្វ្រិក​ខាងលិច បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ដាក់​សម្ពាធ​ជាថ្មី​លើ​មេដឹកនាំ​ផ្តាច់ការ​ក្រាញ​អំណាច​ហ្កំ​ប៊ី​លោក Yahya Jammeh ដែល​បដិសេធ​លទ្ធផល​បោះឆ្នោត​នោះ​។ សេចក្តីថ្លែងការណ៍​នោះ​បញ្ជាក់ថា ពួកគេ​នឹង​ការពារ​ប្រធានាធិបតី​ថ្មី​លោក  Adama Barrow និង​ទៅ​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​នៅ​ដើម​ឆ្នាំក្រោយ​ផងដែរ​។​
 
​យោងតាម​សារព័ត៌​មានបារាំង France 24 ក្នុង​កិច្ចប្រជុំ​កំពូល​សហគមន៍​សេដ្ឋកិច្ច​ប្រទេស​អាហ្វ្រិក​ខាងលិច នៅ​រដ្ឋធានី Abuja នៃ​ប្រទេស​នី​ហ្ស​រី​យ៉ា មេដឹកនាំ​អាហ្វ្រិក​ខាងលិច​ទាមទារ​ឲ្យ មេដឹកនាំ​ចាញ់ឆ្នោត Yahya Jammeh ត្រូវ​ចុះ​ចេញពី​តំណែង និង​ផ្ទេរអំណាច​ឲ្យ​មេដឹកនាំ​ទើប​ជាប់ឆ្នោត​។ ក្នុង​កិច្ចប្រជុំ​នេះ​មាន​ប្រធានាធិបតី​មកពី​ប្រទេស​ចំនួន ១១ តែ​លោក Jammeh មិន​ទៅ​ចូលរួម​ប្រជុំ​ឡើយ​។​
 
​ក្រៅពីនេះ មេ​ដឹក​នា​អាហ្វ្រិក​ខាងលិច​ក៏បាន​ឯកភាពគ្នា​ថា នឹង​បន្ត​ចាត់វិធានការ​គ្រប់បែបយ៉ាង​ដែល​អាច​ធ្វើបាន​ដើម្បី​ធានាថា លទ្ធផល​បោះឆ្នោត​ថ្ងៃ ១​ធ្នូ​នឹង​ត្រូវគោរព​និង​អនុវត្តតាម​។ 
 
​ហើយ​ក្រុម​ប្រទេស​អាហ្វ្រិក​ខាងលិច​នេះ​បានសម្រេច​បង្កើត​គណកម្មកា​រ​មួយ​ទទួលបន្ទុក​ធ្វើ​សន្ធានកម្ម​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា Muhammadu Buhari និង​មាន​ប្រធានាធិបតី​ហ្កា​ណា លោក John Dramani Mahama ជា​អនុប្រធាន​។  លោក John Dramani Mahama ជា​ប្រធានាធិបតី​ដែល​ទើប​ចាញ់ឆ្នោត​ដូចគ្នា តែ​លោក​បានប្រកាស​ទទួលស្គាល់​លទ្ធផល​កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ​។​
 
​ដោយឡែក កាលពី​ថ្មីៗ​នេះដែរ បណ្តា​មេដឹកនាំ​អាហ្វ្រិក​បាន​ព្យាយាម​សម្របសម្រួល​ឲ្យ​មានការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី​តាមផ្លូវ​ការ​ទូត​ដែរ​តែ​បរាជ័យ​។ លោកស្រី​ប្រធានាធិបតី លី​បេ​រី  Ellen Johnson Sirleaf អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រតិភូ​ជាន់ខ្ពស់​ប្រទេស​អាហ្វ្រិក​ចំនួន ៤ បាន​ស្កាត់​ជួប​មេដឹកនាំ​ហ្កំ​ប៊ី​ទាំងពីរ​នាក់ ប៉ុន្តែ​ពួកគេ​នៅតែ​បរាជ័យ​ក្នុងការ​បញ្ចុះបញ្ចូល​ឲ្យ Jammeh និង Barrow ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​ដើម្បី​ផ្ទេរអំណាច​។​
 
​ក្រៅពី​មានការ​ដាក់​សម្ពាធ​ពី​ប្រទេស​អាហ្វ្រិក​ខាងលិច អង្គការសហប្រជាជាតិ​ក៏បាន​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី Yahya Jammeh ឲ្យ​ផ្ទេរអំណាច​ផងដែរ​។ មន្ត្រី​អង្គការសហប្រជាជាតិ​ប្រចាំ​អា​ហ្រិ្វ​ក​ខាងលិច Mohammed Ibn Chambas បានដាក់​ឱសានវាត​ដល់​ប្រធានាធិបតី​ចាញ់ឆ្នោត​នេះ​។ នៅ​ថ្ងៃ ១៩ មករា លោក​ត្រូវ​ចេញពី​តំណែង បើ​មិន​ដូច្នោះ​ទេ​លោក​នឹងរង​ទណ្ឌកម្ម​។ 
 
​សូមបញ្ជាក់ លោក Jammedh ជា​មេដឹកនាំ​ផ្តាច់​ការដែល​កាន់តំណែង​អស់​ពេល ២២​ឆ្នាំ​មកហើយ​។ លោក​បាន​ចាញ់ឆ្នោត​កាលពី​ថ្ងៃ ១​ខែធ្នូ​កន្លងទៅ​។ ក្រោយ​ដឹង​លទ្ធផល លោក​បាន​ចេញមុខ​ទទួលស្គាល់​បរាជ័យ​រប​ស់​ខ្លួន​នៅតាម​វិទ្យុ​រដ្ឋ ដោយ​លោក​អះអាងថា លោក​ទទួលយក​ការសម្រេចចិត្ត​របស់​ប្រជាជន​ហ្កំ​ប៊ី​ដែល​ចង់​ឲ្យ​លោក​ចាក​ចេញពី​តំណែង​។ លោក​បញ្ជាក់ថា លោក​មិន​តវ៉ា​រឿង​លទ្ធផល​ទេ ហើយ​លោក​នឹង​ចាក​ចេញទៅ​រស់នៅ​ចម្ការ​សាង​ជីវភាព​ថ្មី​វិញ ក្រោយ​ផ្ទេរអំណាច​ខែមករា​ខាងមុខនេះ​។ ប៉ុន្តែ​មួយ​សប្តាហ៍​ក្រោយមក មេដឹកនាំ​រូបនេះ​បាន​ក្រឡាស់សម្តី​ភ្លាម​ដោយ​លុបចោល​លទ្ធផល​បោះឆ្នោត និង​ទាមទារ​បោះឆ្នោត​ជាថ្មី​៕

Tag:
 Yahya Jammeh
  Adama Barrow
  អាហ្វ្រិក​ខាងលិច
© រក្សាសិទ្ធិដោយ thmeythmey.com