ជាតិ
សេដ្ឋកិច្ច
គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តែ ១ ចូលរួម​ដេញថ្លៃ​យក​ទុន​បង្វិល​ជា​ប្រាក់រៀល​របស់ NBC លើក​ទី ៣
20, Dec 2016 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​ការដេញថ្លៃ​លើក​ទី​៣​នេះ មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន ១​ប៉ុណ្ណោះ ដែល​ចូលរួម​ដេញថ្លៃ​យក​សាច់​ប្រាក់រៀល របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដែល​ទឹកប្រាក់​ដេញ​បាន​គឺ​ចំនួន ៨ ពាន់​លាន​រៀល ជាមួយ​អត្រា​ការប្រាក់ ៣ ភាគរយ​។ នេះ​បើតាម​លទ្ធផល​ដេញថ្លៃ ដែល NBC ប្រកាស​នៅ​ថ្ងៃទី​២០​ខែធ្នូ​។​



NBC បានដាក់​ឲ្យ​ដេញថ្លៃ​សាច់​ប្រាក់រៀល​របស់ខ្លួន​ចំនួន​៣ លើក​រួចមក​ហើយដោយ​គិត​ទាំង​លើក​នេះ​។ ទឹកប្រាក់​ដាក់​ឲ្យ​ដេញថ្លៃ​ទាំងបី​លើក​មាន​ចំនួន​ដូចគ្នា គឺ ៤០​ពាន់​លាន​រៀល​។ លើក​ទី​១ មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​៣​ចូលរួម ដែល​ទឹកប្រាក់​ដេញ​បាន​គឺ ១២​ពាន់​លាន​រៀល និង​លើក​ទី​២ មាន​គ្រឹះស្ថាន​ចំនួន​៣ ដេញ​បាន​ប្រាក់​សរុប ៨,៤ ពាន់​លាន​រៀល ជាមួយ​អត្រា​ការប្រាក់ ៣ ភាគរយ​ដូចគ្នា​។​

​លោក ហួត អេង​តុង ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការថយចុះ​នូវ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ចូលរួម​ដេញថ្លៃ​នេះ គឺ​មកពី​ការថយចុះ​តម្រូវការ​ប្រាក់​នៅ​រដូវ​កាល​នេះ​។ លោក​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ការរៀបចំ​ដេញថ្លៃ​នេះ​ល្អ​ហើយ តែ​ការចូលរួម​ដេញថ្លៃ​អត់​ទាន់​មាន​ច្រើន គឺ​មកពី​សេចក្ដីត្រូវការ​ប្រាក់រៀល​អត់​ទាន់​មាន​ច្រើន​។ តម្រូវការ​ប្រាក់រៀល គឺ​ទៅតាម​ពេល មិនមែន​ត្រូវការ​រហូត​ឯណា​។ គ្រឹះស្ថាន​ខ្លះ​គេ​មាន​ប្រាក់រៀល​ផ្គត់ផ្គង់​ដោយ​ខ្លួនគេ​»​។ បើតាម​លោក ហួត អេង​តុង តម្រូវ​ប្រាក់រៀល​របស់​គ្រឹះស្ថាន​ថយចុះ ក៏​ព្រោះ​ពេលនេះ​ជា​រដូវ​ប្រមូល​ផល​ស្រូវ ដែល​កសិករ​មាន​ថវិកា​ប្រើប្រាស់​ផ្ទាល់ខ្លួន​។​

​ការដាក់​ឲ្យ​ដេញថ្លៃ​ប្រាក់រៀល​នេះ គឺ​ស្ថិតក្នុង​ប្រតិបត្តិ​ការផ្ដល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) ដែល NBC ទើប​ដាក់​ឲ្យ​អនុវត្ត ដើម្បី​ជំរុញ​ការផ្ដល់​កម្ចី​ជា​ប្រាក់​ដល់​ពលរដ្ឋ ជាមួយ​អត្រា​ការប្រាក់​សមរម្យ​។ តាមរយៈ​ប្រតិបត្តិការ​នេះ NBC នឹង​ផ្ដល់​កម្ចី​ជា​ប្រាក់រៀល ជាមួយនឹង​អត្រា​ការប្រាក់ ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ចូលរួម​ដេញថ្លៃ ដោយ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងនោះ ត្រូវដាក់​ឧក​រណ៍​ដែល​អាច​ជួញដូរ​បាន (NCD)  ជា​វត្ថុ​ធានា​៕


Tag:
 ប្រាក់រៀល​
© រក្សាសិទ្ធិដោយ thmeythmey.com