អន្តរជាតិ
ក្រសួង៖«ឧបករណ៍ស្រាវជ្រាវក្រោមទឹករបស់អាមេរិក»ដែលចិនរឹបអូសនៅសមុទ្រចិនខាងត្បូងបានដល់ដៃអាមេរិកវិញហើយ ប្រភពរូបភាព៖ គេហទំព័រក្រសួងការពារជាតិអាមេរិក
× រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃ២០ ធ្នូនេះ បានប្រគល់«ឧបករណ៍ស្រាវជ្រាវក្រោមទឹក»របស់អាមេរិក ដែលខ្លួនបានរឹបអូបនៅក្នុងដែនសមុទ្រចិនខាងត្បូងទៅឲ្យក្រុងវ៉ាស៊ីនតោនវិញហើយ។ ការប្រគល់ឧបករណ៍ស្រាវជ្រាវក្រោមទឹកដែលហៅកាត់ថា «UUV (unmanned underwater vehicle)» នេះធ្វើឡើង ក្រោយពីមានទាំងការប្រទាំងប្រទើស និងការចរចាគ្នាដុតដៃដុតជើងនោះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនដែលផ្សាយតាមគេហទំព័រអនឡាញរបស់ខ្លួននោះ ចិន បានប្រគល់ឧបករណ៍ស្រាវជ្រាវក្រោមទឹករបស់អាមេរិក ដែលខ្លួនបានរឹបអូសនៅក្នុងដែនជម្លោះសមុទ្រចិនខាងត្បូងទៅឲ្យអាមេរិកវិញដោយរលូននៅរសៀលថ្ងៃទី២០ ធ្នូនេះហើយ។ សេចក្តីថ្លែងការណ៍ដដែលនោះ ក៏បានបញ្ជាក់ដែរថា ការប្រគល់ឲ្យនោះ ធ្វើឡើងក្រោមការពិគ្រោះយោបល់ ដោយមេត្រីភាពរវាងភាគទាំងពីរ។
សូមជម្រាបផងដែរថា នៅថ្ងៃទី១៦ ធ្នូកន្លងទៅ អាមេរិក បានប្រតិកម្មខ្លាំង ដោយថែមទាំងចោទចិនថាបានរឹបអូបរបស់ដែលជាសកម្មសិទ្ធិរបស់ខ្លួនដោយខុសច្បាប់ទៀតផង។ ក្រសួងការពារជាតិអាមេរិក បានចេញថ្លែងការណ៍មួយដោយបានបញ្ជាក់ថា៖«ក្រសួងការពារជាតិ(អាមេរិក) ទទូចឲ្យឲ្យចិនប្រគល់ឧបករណ៍រុករកក្រោមទឹកដែលរឹបអូសដោយខុសច្បាប់នៅក្នុងសមុទ្រចិនខាងត្បូងជាបន្ទាន់»។
តាមរយៈសេចក្តីថ្លែងការណ៍ដដែលនោះ ក្រសួង ក៏បានពន្យល់ថា ឧប្បទ្ទវហេតុ បានកើតឡើងនៅក្នុងដែនទឹកអន្តរជាតិ នៅភាគខាងជើងនៃមូលដ្ឋានទ័ពអាកាសរបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីននោះទេ។ ហើយសកម្មភាពរបស់ឧបករណ៍នោះ ធ្វើឡើងដោយសិទ្ធិអធិបតេយ្យរបស់ខ្លួននោះទេ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Yang Yujun នៅល្ងាចថ្ងៃទី១៧ ធ្នូ ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយពន្យល់ថា ទាហានជើងទឹកចិន បានរកឃើញឧបករណ៍មួយដោយមិនស្គាល់អត្តសញ្ញាណនៅថ្ងៃព្រហស្បតិ៍កន្លងទៅ។ លោក បានបន្ថែមទៀតថា៖«ដើម្បីទប់ស្កាត់មិនឲ្យមានការគំរាមកំហែងពីឧបករណ៍នោះលើសុវត្ថិភាពនាវាចរណ៍ យោធាជើងទឹកចិន បានអនុវត្តចំណាត់ការឆ្លើយតបបែបវិជ្ជាជីវៈក្នុងគោលដៅស៊ើបអង្កេត និងពិនិត្យថាជាឧបករណ៍អ្វីពិតប្រាកដ»៕
Tag:
ចិន
អាមេរិក
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com