អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ផ្តល់​ជំនួយឥតសំណង​១៤​លាន​ដុល្លារ​ឲ្យ​ហ្វីលីពីន​ទិញ​អាវុធ និង​៥០០​លាន​ដុល្លារ​បន្ថែមទៀត​ជា​កម្ចី​រយៈពេល​វែង
21, Dec 2016 , 8:19 am        
រូបភាព
លោកអគ្គរដ្ឋទូតចិន Zhao Jianhua  និងប្រធានាធិបតីហ្វីលីពីន Rodrigo Duterte
លោកអគ្គរដ្ឋទូតចិន Zhao Jianhua និងប្រធានាធិបតីហ្វីលីពីន Rodrigo Duterte
ដោយ: ថ្មីៗ
 
 
​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន កាលពី ថ្ងៃទី​២០ ធ្នូ បាន​ឲ្យ​ដឹងថា ចិន បានផ្តល់​ជំនួយឥតសំណង​ជា​អាវុធ​ធុន​ស្រាល និង​ទូក​ល្បឿន​លឿន​ក្នុងតម្លៃ​ប្រមាណ​១៤​លាន​ដុ​លា្ល​រ​ឲ្យ​ហ្វីលីពីន​ដើម្បី​ជាការ​គាំទ្រ​ប្រតិបត្តិការ​បោសសម្អាត និង​បង្ក្រាប​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte​។

 
​លោក​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន Delfin Lorenzana បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​លោក​បានផ្តល់​អំណោយ Christmas ទៅកាន់​ទាហាន​របួស​នៅ​ថ្ងៃទី​២០ ធ្នូ​ថា ចិន បានផ្តល់​បញ្ជី​ដែលជា​សម្ភារ​យោធា​ឲ្យ​ហ្វីលីពីន ហើយ រដ្ឋាភិបាល​ហ្វីលីពីន នឹង​ពិនិត្យ​ដើម្បី​ស្វែងរក​ថា​តើ​អ្វីដែល​រដ្ឋាភិបាល​ត្រូវការ​។ លោក សង្កត់ធ្ងន់ថា​៖«​យើង​អាច​ទទួលបាន អាវុធ​ធុន​តូច ទូក​ល្បឿន​លឿន​...​ព្រោះ​១៤.៤​លាន​ដុល្លារ មិន​ច្រើន​ប៉ុន្មាន​នោះទេ​។ យើង នឹង​ព្យាយាម​បញ្ចប់​កិច្ចព្រមព្រៀង​នេះ​នៅ​ចុង​ឆ្នាំនេះ​តែម្តង​...​។​» នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ប្រមុខ​ការពារជាតិ​ហ្វីលីពីន លើកឡើងថា ជំនួយ​របស់​ចិន​នេះ ត្រូវបាន​បញ្ជាក់​តាមរ​យៈ​អគ្គរដ្ឋទូត​ចិន លោក Zhao Jianhua ក្នុងជំនួប​ជាមួយនឹង​លោក​ប្រធានាធិបតី Rodrigo Duterte នៅ​យប់​ថ្ងៃ​ចន្ទ ក្នុង​វិមាន​ប្រធានាធិបតី​នោះ​។ ប្រមុខ​ការពារជាតិ​រូបនោះ ក៏បាន​បន្ថែមទៀតថា ក្រុង​ប៉េកាំង ក៏បាន​ព្រម​ផ្តល់​កម្ចី​ប្រមាណ​៥០០​លាន​ដុល្លារ​ដល់​ហ្វីលីពីន​សម្រាប់​សម្ភារ​ផ្សេងទៀត​ផងដែរ​។ 
 
​អ្វី​គួរកត់សម្គាល់​នោះ ការប្រកាស​ផ្តល់ជំនួយ​អាវុធ​របស់​ក្រុង​ប៉េកាំង ធ្វើឡើង​ក្រោយពី​សភា​អាមេរិក បានអនុម័ត​សម្រេច​ផ្អាក​លក់​កាំភ្លើង​ជាច្រើន​ម៉ឺន​ដើម​មក​ឲ្យ​ហ្វីលីពីន ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​ថ្មី​ហ្វីលីពីន បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ខ្លាចក្រែង​យក​អាវុធ​ទាំងនោះ ដើម្បី​បន្ត​សកម្ម​បង្ក្រាប​គ្រឿងញៀន​កាន់​ធ្ងន់ធ្ងរ​ទៀត​នោះ​៕ 

Tag:
 ហ្វីលីពីន​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com