អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រតិភូ​បោះឆ្នោត​សម្រេច​រើស​លោក ដូ​ណា​ល់ ត្រាំ ជា​ប្រធានាធិបតី​ជា​ផ្លូវការ​
21, Dec 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ប្រតិភូ​បោះឆ្នោត​ដែល​ត្រូវបាន​ជ្រើសរើស​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃ ៨ ខែវិច្ឆិកា​កន្លងមកនេះ បានសម្រេច​រើសយក លោក ដូ​ណា​ល់ ត្រាំ ជា​ប្រធានាធិបតី​អាមេរិក​ជា​ផ្លូវការ​ក្នុងពេល​ជួបជុំគ្នា​នៅ​ថ្ងៃ ១៩ ធ្នូ​។ លោក ដូ​ណា​ល់ ត្រាំ រូបនេះ​នៅតែ​ក្លាយជា​ប្រធានាធិបតី​ទី ៤៥ របស់​អាមេរិក​ទោះ​មានការ​ជំទាស់​និង​ប្រឆាំង​ច្រើន​ទាំង​ក្នុង​បក្ស និង​ក្រៅ​បក្ស​កន្លងមក​យ៉ាងណាក្តី​។​


​ក្រោយ​ឆ្លងកាត់​ព្យុះភ្លៀង​ដោយ​ប្រឈម​ចលនា​ប្រឆាំង​ពាសពេញ​ប្រទេស​ក្រោយ​ជាប់ឆ្នោត​នៅ​ថ្ងៃ ៨​ខែវិច្ឆិកា​កន្លងមក លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​ប្រតិភូ​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥​ជា​ផ្លូវការ​ហើយ​។ គ្មាន​ឧបសគ្គ​អ្វី​រារាំង​លោក​ទៀតឡើយ ហើយ​លោក​ក៏​ត្រៀម​ស្បថ​ចូលកាន់​តំណែង​ថ្ងៃ ២០ មករា​ដែរ​។​
 
​ការជ្រើសរើស​លោក ដូ​ណា​ល់ ត្រាំ  ជា​ប្រធានាធិបតី​ជា​ផ្លូវការ​នេះ​ធ្វើឡើង​រយៈពេល​៦​សប្តាហ៍​ក្រោយពេល​បោះឆ្នោត ហើយ​វា​ធ្វើឡើង​ស្របពេល​ដែល​ក្រុម​នយោបាយ​មួយចំនួន​នៅ​បន្ត​ប្រឹងប្រែង​បញ្ចុះបញ្ចូល​ឲ្យ​ប្រតិភូ​បោះឆ្នោត​ប្តូរ​ចិត្ត​ឈប់​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ។​
 
​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ដែល​កើតទុក្ខ​មិន​សុខចិត្ត​ព្រោះ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ចាញ់ឆ្នោត​នោះ បាន​ស្វះស្វែង​បញ្ចុះបញ្ចូល​ឲ្យ​ប្រតិភូ​បក្ស​សាធារណរដ្ឋ​ប្តូរ​ចិត្ត​ឈប់​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ​។ ប៉ុន្តែ ពួកគេ​ត្រូវ​ធ្វើយ៉ាងណា​បញ្ចុះបញ្ចូល​ឲ្យ​ប្រតិភូ​យ៉ាងហោចណាស់ ៣៧​នាក់ បោះបង់​ចូល​លោក ដូ​ណា​ល់ ត្រាំ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន កំណត់ លោក ដូ​ណា​ល់ ត្រាំ ទទួលបាន​ប្រតិភូ​គាំទ្រ​លើសពី​ចំនួន ២៧០ ដែលជា​ចំនួន​តម្រូវ​សម្រាប់​ការ​ឈ្នះ​តំណែង​ប្រធានាធិបតី​។ ប៉ុន្តែ​បើ​ងាក​ទៅ​មើល​លទ្ធផល​ឆ្នោត​ទូទៅ​ទូទាំង​សហរដ្ឋអាមេរិក លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឈ្នះ​លោក ដូ​ណា​ល់ ត្រាំ ប្រហែល​៣​លាន​សំឡេង​ឯណោះ​។​
 
​ក្រោយ​ការជ្រើសរើស​ជា​ផ្លូវការ​នេះ អនុ​ប្រធានាធិបតី​ដែល​ទើប​ជាប់ឆ្នោត​លោក Mike Pence បាន​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter របស់ខ្លួន​ដោយ​អបអរសាទរ​លោក ដូ​ណា​ល់ ត្រាំ ថែម​ទៀតផង​។​
 
 សូមបញ្ជាក់ថា ការជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥  របស់​អ្នកជំនួញ​ប្រែក្លាយជា​អ្នកនយោបាយ ដូ​ណា​ល់ ត្រាំ ជា​ព័ត៌មាន​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​បំផុត​សម្រាប់​ពិភពលោក​ក្នុង​ឆ្នាំ ២០១៦​នេះ​។ គ្មាន​អ្នកណាម្នាក់​ធ្លាប់​រំពឹងថា​រឿង​បែបនេះ​កើតឡើង​ទេ ប៉ុន្តែ​អ្វីៗ​ផ្លាស់ប្តូរ ហើយ​រឿង​មិនគួរ​កើត​បែរជា​កើត​រួចទៅហើយ​ដែរ​នៅ​សហរដ្ឋអាមេរិក​។ លោក​ដូ​ណា​ល់ ត្រាំ រំពឹងថា លោក​នឹង​អាច​គ្រប់គ្រង​អាមេរិក​បាន​ដល់​ទៅ​ពីរ​អាណត្តិ​ឯណោះ​៕
 

Tag:
 ​ដូ​ណា​ល់ ត្រាំ​
  ហ៊ី​ឡា​រី គ្លី​ន​តុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com