អន្តរជាតិ
សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​ដាស់តឿន​លោក Duterte «​កុំ​ចោល​មិត្ត​ចាស់ ស្រវា​ថ្មី​»
21, Dec 2016 , 10:09 am        
រូបភាព
​មន្ត្រីជាន់ខ្ពស់​ព្រឹទ្ធសភា​ហ្វីលីពីន​លោក Ralph Recto បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ប្រធានាធិបតី Rodrigo Duterte អនុវត្ត​គោលនយោបាយ​ការបរទេស​ឯករាជ្យ ដោយ​មិនត្រូវ​ទោរទន់​ខ្លាំងពេក​លើ​មហាអំណាច​ណាមួយ និង​បោះបង់​ប្រទេស​ដទៃទៀត​ឡើយ​។ លោក Ralph Recto ទទូច​ដូចនេះ ស្រប​ពេលដែល​ប្រធានាធិបតី Duterte មាន​និន្នាការ​ងាក​រក​មហាអំណាច​ចិន និង​ចាប់ផ្ដើម​បែរខ្នង​ដាក់​អាមេរិក​ជា​សម្ព័ន្ធមិត្ត​ចាស់វស្សា​។​



«​កុំ​ចោល​មិត្ត​ចាស់ ស្រវា​ថ្មី​» នេះ​ជា​ពាក្យ​រម្លឹក​ដាស់តឿន​រប​ស់លោក Ralph Recto ជា​ប្រធាន​មតិ​ភាគតិច​នៃ​ព្រឹទ្ធសភា​ហ្វីលីពីន​ចំពោះ​រដ្ឋាភិបាល​លោក Rodrigo Duterte ជុំវិញ​ការអនុវត្ត​នយោបាយ​ការបរទេស​ឯករាជ្យ​។ លោក Ralph Recto បានស្នើ​ឲ្យ​រដ្ឋាភិបាល​រក្សា​ឯករាជ្យភាព​ប្រទេស ដោយ​មិនត្រូវ​ពឹងផ្អែក​ខ្លាំង​លើ​មិត្តភក្តិ​ថ្មី​ចិន ឬក៏​មិត្ត​ចាស់​អាមេរិក​នោះឡើយ​។​

​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២០ ខែធ្នូ លោក Ralph Recto អះអាងថា ការរក្សា​តុល្យភាព​រវាង​ប្រទេស​ជា​មិត្ត មិនមែន​មានន័យថា ហ្វីលីពីន​ត្រូវ​បោះបង់​សម្ព័ន្ធមិត្ត​ចាស់​ដើម្បី​ទទួលយក​មិត្តភក្តិ​ថ្មី​ឡើយ​។ ដោយ​សំដៅលើ​អាកប្បកិរិយា​បច្ចុប្បន្នរ​បស់​រដ្ឋបាល​លោក Duterte ប្រធាន​មតិ​ភាគតិច​រូបនេះ​និយាយ​ចំៗ​ថា វា​មិនមែនជា​រឿង​ល្អ​ដែល​ត្រូវយក​ចិន ជំនួស​អាមេរិក​នោះ​។ ប៉ុន្តែ​ហ្វីលីពីន​ត្រូវ​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​វិញ​ប្រសើរ​ជាង​។​

​បើតាម​សារព័ត៌មាន Rappler មន្ត្រីជាន់ខ្ពស់​នីតិបញ្ញត្តិ​រូបនេះ​បាន​ចោទ​ជា​សំណួរ​ថា​៖ «​តើ​បាន​ប្រយោជន៍​អ្វី​មកវិញ ដែល​ត្រូវ​រត់ចោល​ក្រញាំ​ឥន្ទ្រី​អាមេរិក និង​ងាក​ទៅ​ក្រសោប​នាគ​ចិន ឬ​ខ្លាឃ្មុំ​រុស្សី​នោះ​?»

​ការចេញ​សេចក្ដីថ្លែងការណ៍​ដាស់តឿន​របស់​ប្រធាន​មតិ​ភាគតិច​ព្រឹទ្ធសភា​ហ្វីលីពីន ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន Perfecto Yasay និយាយថា ក្រុង​ម៉ានីល នឹងមិន​តវ៉ា​លើ​របាយការណ៍​បង្ហាញថា ក្រុង​ប៉េកាំង កំពុងតែ​ធ្វើ​យោ​ធូប​នីយកម្ម​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ​។ ជួន​ពេល​គ្នា​នោះ ប្រធានាធិបតី Duterte បែរជា​ចង់​បណ្ដេញ​ទាហាន​អាមេរិក​ចេញពី​ទឹកដី​ហ្វីលីពីន​ទៅទៀត​។​

​ទាក់ទិន​នឹង​រឿងនេះ លោក Ralph Recto បាន​ទទូច​ឲ្យ​លោក Duterte បន្ត​ទទួលយក​ជំនួយ​មនុស្សធម៌ និង​ការឆ្លើយតប​គ្រោះមហន្តរាយ​របស់​អាមេរិក ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការការពា​រ​ជាតិ​រួម (EDSA)​។ លោក​បន្ថែមថា បើទោះជា​ទំនាក់ទំនង​ទ្វេភាគី​ហ្វីលីពីន និង​អាមេរិក ផ្លាស់ប្ដូរ​យ៉ាងម៉េច​ក៏ដោយ ការបន្ត​ទទួល​ជំនួយ​របស់​អាមេរិក នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ប្រជាជន​ហ្វីលីពីន​។

​តាមពិតទៅ គោលនយោបាយ​ឯករាជ្យ​របស់​ប្រធានាធិបតី Duterte ធ្វើ​ឲ្យ​មានរឿង​ចម្រូងចម្រាស​ជាច្រើន​។ ជាមួយ​គោលនយោបាយ​នេះ លោក បាន​ងាក​ចេញ​ឆ្ងាយ​ពី​អាមេរិក តែ​បែរជា​ងាក​ទៅជិត​ស្និទ្ធ​ជាមួយ​ចិន និង​រុស្សី​ទៅវិញ​។ អតីត​ប្រមុខ​ការទូត​ហ្វីលីពីន Albert del Rosario អះអាង នយោបាយ​ការបរទេស​សព្វថ្ងៃនេះ នឹង​នាំ​ឲ្យ​ហ្វីលីពីន​ធ្លាក់ចូល​កណ្ដាប់ដៃ​ចិន​មិន​ខាន​៕


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
  Ralph Recto
© រក្សាសិទ្ធិដោយ thmeythmey.com