អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មុន​ចប់​អាណត្តិ អូ​បា​ម៉ា ហាមឃាត់​ការ​ខួង​ប្រេង​និង​ឧស្ម័ន​នៅ​ឆ្នេរ​ភាគ​ខាងជើង​ជា​អចិន្ត្រៃយ៍​
22, Dec 2016 , 9:19 am        
រូបភាព
 
 
​ប្រធានាធិបតី​ចប់​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​ចេញ​ការហាមឃាត់​ការ​ខួង​ប្រេង និង​ឧស្ម័ន​ជា​អចិន្ត្រៃយ៍​នៅ​តំបន់ឆ្នេរ​ដ៏​វែង​នៅ​ភាគ​ជើង​ប្រទេស ក្បែរ​តំបន់​អាក់​ទិ​ក​។ ការចេញ​បម្រាម​នេះ មាន​គោលដៅ​ការពារ​បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី​សម្បូរបែប​នៅ​តំបន់​នោះ​។ ប៉ុន្តែ​បម្រាម​នេះ ហាក់​ផ្ទុយ​ពី​នយោបាយ​ថាមពល​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ដែល​ចង់​បង្កើន​បរិមាណ​ថាមពល​សម្រាប់​បម្រុង​ទុក​។​

 
​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ល្បី​ថា​ស្រឡាញ់​បរិស្ថាន បានសម្រេច​ដកយក​ដី​ជាច្រើន​លាន​ហិច​តា​នៅ​តំបន់​អាក់​ទិ​ក និង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ជា​តំបន់​ការពារ និង​ហាមឃាត់​ការ​ខួង​ប្រេង និង​ឧស្ម័ន​។ តំបន់​ការពារ​នេះ នឹង​គ្រប់​ដណ្ដប់​លើ​តំបន់​ជាច្រើន​នៃ សមុទ្រ Chukchi និង Beaufort នៃ​តំបន់​ទឹកកក​អាក់​ទិ​ក និង​តំបន់​អន្លង់​ទឹក​ជ្រៅ​នៃ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ដែល​លាតសន្ធឹង​ពីរ​ដ្ឋ Massachusetts ដល់​រដ្ឋ Virginia ។​
 
​សេត​វិមាន​អាមេរិក​និយាយថា ការសម្រេចចិត្ត​របស់​ប្រធានាធិបតី គឺ​ដើម្បី​ការរស់នៅ​ប្រកបដោយ​និរន្តរ៍ភាព​នៃ​សេដ្ឋកិច្ច និង​ប្រព័ន្ធ​អេកូឡូស៊ី​របស់​តំបន់​អាក់​ទិ​ក​។ តម្រូវការ​ការពារ​វប្បធម៌​ជនជាតិដើម ការព្រួយបារម្ភ​លើ​ជីវិត​សត្វព្រៃ និង​ភាព​ងាយ​រងគ្រោះ​ពី​ផលប៉ះពាល់​នៃ​ការ​លេច​ធ្លាយ​ប្រេង ជា​មូលហេតុ​សំខាន់​ដែល​លោក អូ​បា​ម៉ា ប្រើ​សម្រាប់​ហាមឃាត់ មុន​លោក​ចប់​អាណត្តិ​នៅពេល​ខ្លី​ខាងមុខ​។​
 
​ទន្ទឹមគ្នា​នេះដែរ រដ្ឋាភិបាល​កាណាដា ក៏​បានចេញ​ចំណាត់ការ​ស្រដៀង​គ្នា​នេះដែរ មិនបាន​ហាមឃាត់​សកម្មភាព​រុករក​ប្រេង និង​ឧស្ម័ន​អចិន្ត្រយ៍​ដូច​អាមេរិក​ឡើយ ដោយ​ត្រួតពិនិត្យ​លើ​វិធានការ​រៀងរាល់​៥​ឆ្នាំ​ម្ដង​។ ចំណែក​សេត​វិមាន​ប្រកាសថា ការសម្រេចចិត្ត​របស់​លោក អូ​បា​ម៉ា លើ​រឿងនេះ នឹង​ស្ថិត​ជា​អចិន្ត្រៃយ៍ ដោយ​សម្អាង​លើ​ច្បាប់​ឆ្នាំ​១៩៥៣ ដែល​ផ្ដល់​អំណាច​ឲ្យ​ប្រធានាធិបតី ហាមឃាត់​ការជួល​តំបន់ឆ្នេរ​ជា​រៀងរហូត​។​
 
​បើតាម​សារព័ត៌មាន BBC ការសម្រេចចិត្ត​ការពា​រ​ដី​ជាច្រើន​លាន​ហិច​តា​ដែល​សម្បូរ​ប្រេង និង​ឧស្ម័ន ហាក់ដូចជា​ការបិទផ្លូវ​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ដែល​ចង់​ប្រើប្រាស់​ធនធាន​រ៉ែ​ប្រទេស​ឲ្យ​អស់​លទ្ធភាព​។ អំឡុងពេល​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត លោក ត្រាំ និយាយថា លោក​នឹង​ទាញយក​ប្រយោជន៍​ពី​ធនធាន​រ៉ែ​បម្រុង​ទុក​របស់​ប្រទេស សម្រាប់​បំពេញតម្រូវការ​ថាមពល​របស់​អាមេរិក​។​
 
​យ៉ាងណាមិញ វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ដែល​ប្រធានាធិបតី​ថ្មី​ចង់​កែប្រែ​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​ចាស់​នោះ ហើយ​ក្នុងករណី​លោក ត្រាំ ចង់​កែប្រែ​បម្រាម​នេះ អាច​ត្រូវ​ប្រឈមមុខ​ផ្លូវច្បាប់​ទៀតផង​។ ប៉ុន្តែ​វិទ្យាស្ថាន​ប្រេង​អាមេរិក​អះអាងថា គ្មាន​អ្វីដែល​អចិន្ត្រៃយ៍​ឡើយ ហើយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​អាច​លុបចោល​ការសម្រេច​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ផងដែរ​៕ 
 

Tag:
 អាមេរិក​
  បា​រ៉ា​ក់ អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com