អន្តរជាតិ
នយោបាយអន្តរជាតិ
រុស្ស៊ីត្អូញត្អែរថា អាមេរិកនិងរុស្ស៊ីជិតបាត់បង់អស់រាល់មធ្យោបាយទាក់ទងគ្នា
×
ការប្រឈមមុខគ្នាខ្លាំងរវាងលោកខាងលិចនិងរុស្ស៊ីកើនឡើងខ្លាំងមកដល់ពេលបច្ចុប្បន្ន ដោយសារការលូកលាន់ចូលក្នុងបញ្ហាជម្លោះអ៊ុយក្រែននិងជម្លោះស៊ីរីរបស់រុស្ស៊ី។ អ្វីដែលគួរឲ្យបារម្ភ រុស្ស៊ីអះអាងស្ទើរតែរាល់មធ្យោបាយទំនាក់ទំនងនិងការសន្ទនាជាមួយអាមេរិកបច្ចុប្បន្នជាប់គាំងអស់ហើយ។
រដ្ឋាភិបាលក្រេមឡាំង បានអះអាងថា ទំនាក់ទំនងនិងការសន្ទនារវាងអាមេរិកនិងរុស្ស៊ីស្ទើរតែបាត់បង់ទាំងស្រុងហើយមកដល់ពេលបច្ចុប្បន្ន។ មធ្យោបាយទំនាក់ទំនងរវាងមហាអំណាចទាំងពីរបាត់បង់ ខណៈដែលភាគីទាំងពីរបន្តប្រឈមមុខដាក់គ្នាខ្លាំងលើបញ្ហាជាច្រើនរួមទាំងសង្គ្រាមស៊ីវិលស៊ីរី និងជម្លោះអ៊ុយក្រែនផងដែរ។
យោងតាមសារព័ត៌មាន AFP អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Dmitry Peskovបានថ្លែងដូច្នេះថា៖ «រាល់ការសន្ទនាគ្រប់កម្រិតដែលបានអនុវត្តកន្លងមកជាមួយអាមេរិកជាប់គាំងស្ទើរអស់ហើយ។ យើងមិនបានទាក់ទងជាមួយគ្នាសោះ»។
ការបាត់បង់អស់មធ្យោបាយទំនាក់ទំនងរវាងមហាអំណាចទាំងពីរនេះបង្ហាញឲ្យឃើញពីការប្រឈមមុខគ្នាខ្លាំងរវាងរុស្ស៊ីនិង អាមេរិក។ ហើយវាក៏ជាបញ្ហាធំក្នុងការឈានទៅដោះស្រាយបញ្ហាអន្តរជាតិរួមគ្នាដែរ ព្រោះភាគីទាំងពីរសុទ្ធតែលូកលាន់ក្នុងបញ្ហាជម្លោះស៊ីរីដូចគ្នា។
មួយទៀតរដ្ឋបាលក្រុងវ៉ាស៊ីនតោនបានដាក់កំហុសលើរុស្ស៊ីពាក់ព័ន្ធការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែតនិងការលូកលាន់ចូលក្នុងការបោះឆ្នោតអាមេរិកដោយជួយលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតនោះ។
ទោះជាមានការលើកឡើងដូច្នេះក្តី ខាងក្រុងវ៉ាស៊ីនតោន បានអះអាងផ្ទុយគ្នាថា មកដល់ពេលនេះអាមេរិកនៅបន្តទាក់ទងជាមួយរុស្ស៊ីតាមផ្លូវការទូតដើម្បីផ្តោតលើការដោះស្រាយបញ្ហាក្នុងវិស័យជាច្រើន។
អ្នកនាំពាក្យក្រសួងការបរទេសលោក John Kirby បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ទី ២១ ធ្នូថា អាមេរិកនៅតែបន្តទាក់ទងជាមួយរុស្ស៊ី។ ហើយលោកលើឧទាហរណ៍ការជជែកគ្នាតាមទូរសព្ទរវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃែរី ជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃអង្គារកន្លងទៅដោយផ្តោតលើបញ្ហាស៊ីរីនោះ។
យ៉ាងណាក៏ដោយ គេរំពឹងថាទំនាក់ទំនងរុស្ស៊ីនិងអាមេរិកដែលធ្លាក់ចុះដល់កម្រិតប្រកាសអាសន្ននេះអាចនឹងផ្លាស់ប្តូរវិញ ក្រោយលោក បារ៉ាក់ អូបាម៉ា ចាកចេញពីតំណែងនៅខែមករាឆ្នាំក្រោយ។ នេះក៏ដោយសារ លោក ដូណាល់ ត្រាំ ដែលនឹងឡើងមកជំនួសលោក អូបាម៉ា មាននិន្នាការក្នុងការលើកស្ទួយ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីនោះ៕
Tag:
បារ៉ាក់ អូបាម៉ា
ដូណាល់ ត្រាំ
Dmitry Peskov
John Kirby
© រក្សាសិទ្ធិដោយ thmeythmey.com