កីឡាអន្តរជាតិ
អន្តរជាតិ
Big Sam ជាជម្រើសទី១ ដើម្បីជំនួសកៅអី Pardew នៅ Crystal Palace
× អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Sam Allardyce ឬហៅថា Big Sam អាចជាបេក្ខភាពទីមួយដើម្បីជំនួសតំណែង លោក Alan Pardew ដែលត្រូវក្រុម Crystal Palace បញ្ចប់ពីកៅអីអ្នកចាត់ការទូទៅកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC។
ក្លិប Crystal Palace កំពុងសំឡឹងរកអ្នកចាត់ការក្លឹបថ្មី បន្ទាប់ពីលោក Alan Pardew ត្រូវបាន បញ្ឈប់តំណែងក្រោយដឹកនាំក្រុមមិនបានល្អសោះ។ ក្រុមដែលមានមូលដ្ឋាននៅក្រុងឡុងន៍ឈ្នះតែម្តងប៉ុណ្ណោះ ក្នុងចំណោម ១១ប្រកួតចុងក្រោយ។ សព្វថ្ងៃ Crystal Palace ស្ថិតនៅចំណាត់ថ្នាក់១៧ នៃតារាងពិន្ទុក្របខ័ណ្ឌ Premier League និងស្ថិតនៅលើតំបន់ត្រូវកាត់ចោលតែមួយចំណាត់ថ្នាក់។
បន្ទាប់ពីការបញ្ចប់តំណែងនេះ Crystal Palace កំពុងពិចារណាលើបេក្ខភាពលោក Sam Allardyce សម្រាប់តំណែងអ្នកចាត់ការទូទៅថ្មីនេះ។ អតីតអ្នកចាត់ការក្លឹបញញួរ West Ham United ក្លាយជាជម្រើសឈានមុខគេ ខណៈលោកក៏កំពុងតែនៅទំនេរពីការងារ ក្រោយបញ្ចប់ការងារនៅក្រុមជម្រើសជាតិអង់គ្លេសនោះ។
សូមរម្លឹកថា Big Sam វ័យ៦២ឆ្នាំនេះ ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអង់គ្លេសបានតែមួយប្រកួតប៉ុណ្ណោះហើយត្រូវបញ្ឍប់វិញ។ លោក ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ហៅកាត់ថា FA បញ្ចប់តំណែង បន្ទាប់ពីរកឃើញថាបានប្រើតួនាទីខុសដើម្បីចរចាលើកិច្ចព្រមព្រៀងមួយដែលមានតម្លៃជាង៥សែនដុល្លាអាមេរិក និងផ្តល់ដំបូន្មានពីរបៀបផ្ទេរកីឡាករ កាលពីខែកញ្ញាកន្លងទៅ៕
Tag:
Sam Allardyce
Crystal Palace
Alan Pardew
© រក្សាសិទ្ធិដោយ thmeythmey.com