ជាតិ
ពលរដ្ឋក្រីក្រ​នៅ​ស្រុក​បន្ទាយស្រី​ទទួលបាន​ផ្ទះ៥០ខ្នង​ពី​កាកបាទក្រហម​កូរ៉េ
24, Dec 2016 , 10:34 am        
រូបភាព
សៀមរាប៖ តាមរយៈ​សហគមន៍ ដា​អ៊ី​ល (DAIL) កាកបាទក្រហម​កូរ៉េ បានផ្តល់​ការសាងសង់​ផ្ទះ​ថ្មី និង​ជួសជុល​ចំនួន៥០ខ្នង ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុងភូមិ​អូរ​ម្នាស់ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។ ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ផ្ទះ​ទាំងនោះ សុទ្ធសឹង​ជា​ជនក្រីក្រ និង​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន។



ដោយ​មើលឃើញ​ពី​ភាពខ្វះខាត​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ខាងលើ កាកបាទក្រហម​កូរ៉េ​តាមរយៈ​សហគមន៍ ដា​អ៊ី​ល ដែល​ធ្វើ​សកម្មភាព​ជួយ​ជនក្រីក្រ​នៅ​ខេត្តសៀមរាប បានផ្តល់​ថវិកា​ជួយ​សង់ផ្ទះ​ដល់​ពួកគេ។ ពួកគេ​ទាំងនោះ​ភាគច្រើន​ជា​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម និង​ខ្លះទៀត​មាន​ជីវភាព​ខ្វះខាត និង​មាន​សមាជិកគ្រួសារ​ច្រើន។

កាកបាទក្រហម​កូរ៉េ​តាមរយៈ​សកម្មភាព​មនុ​ស្ស​ធម៌​របស់ខ្លួន ក្រៅពី​ការជួយ​សាងសង់​ផ្ទះ និង​ជួសជុល​ដល់​ពលរដ្ឋ​កម្ពុជា​ហើយ​នោះ ក្នុងនោះ​ក៏មាន​ការផ្តល់ជូន​ដូចជា​ការចិញ្ចឹម​សត្វ​មាន់ ទា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​រក​ចំណូល​បន្ថែម ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ក្នុងសង្គម​ផងដែរ។

សហគមន៍​ដា​អ៊ី​ល មាន​ស្នាក់ការ​ស្ថិតនៅ​ភូមិ​ភ្នំ​ក្រោម ឃុំ​ចុង​ឃ្នៀ​ស សង្កាត់​សៀមរាប ក្រុង​សៀមរាប។ ជាង១០ឆ្នាំ​មកហើយ​ដែល​សហគម៍​របស់​កូរ៉េ​មួយ​នេះ​បាន​ជួយ​ដល់​សហគមន៍​ក្នុង​ខេត្តសៀមរាប ទៅលើ​ស្រុក-ក្រុង​ចំនួន៣ មាន​ក្រុង​សៀមរាប ស្រុក​ពួក និង​ស្រុក​បន្ទាយស្រី។ ក្រៅពី​ខេត្តសៀមរាប សហគមន៍​នេះ​ក៏មាន​ស្នាក់ការ​មួយទៀត​នៅ​រាជធានី​ភ្នំពេញ ដោយបាន​ជួយ​ដល់​កុមារ​ក្រីក្រ ដូចជា​ការផ្តល់​អាហារូបត្ថម្ភ អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ និង​ការសាងសង់​ផ្ទះ ក៏ដូចជា​ផ្តល់​មុខរបរ​ចិញ្ចឹម​មាន់ ទា ។ល៕



Tag:
 សហគមន៍​ដា​អ៊ី​ល
© រក្សាសិទ្ធិដោយ thmeythmey.com