ជាតិ
ការពន្យល់របស់ព្រឹទ្ធាចារ្យ ឆេង ផុន ទាក់ទងនឹងមូលហេតុនៃបាត់អត្តសញ្ញាណជាតិ ព្រឹទ្ធាចារ្យ ឆេង ផុន ត្រូវបានចាត់ទុកជាមរត៌កមនុស្សរស់របស់កម្ពុជា ប៉ុន្តែពេលនេះលោកបានទទួលមរណភាពហើយ។ រូបថត ហ្វេសប៊ុក
× អ្វីទៅដែលហៅថា អត្តសញ្ញាណជាតិ ? តើកើតពីពេលណា ?បាត់ពីពេលណា ? បាត់អ្វីខ្លះ ?នៅសល់អ្វីខ្លះ ? នៅកន្លែងណា ? ធ្វើដូចម្ដេចឲ្យបានកើតឡើងវិញ ?
សារព័ត៌មានថ្មីៗ សូមធ្វើការដកស្រង់ប្រសាសន៍របស់ព្រឹទ្ធាចារ្យ ឆេង ផុន ពីក្នុងសៀវភៅ៤០ សំណួរ និង ៤០ ចម្លើយ (១៩៩៦) របស់មជ្ឈមណ្ឌលវប្បធម៌និងវិបស្សនា ដូចខាងក្រោម៖
ជនជាតិទាំងឡាយ នៅលើពិភពលោកយើងនេះ សុទ្ធតែមានលក្ខណៈទូទៅ និងលក្ខណៈដោយឡែកពីគ្នា ។ ភិនភាគដោយឡែកខាងក្រៅ និងលក្ខណៈដោយឡែកខាងក្នុង (ចិត្តគំនិត) គ្រឿងសំគាល់ដោយឡែក នេះហើយដែលសំគាល់អត្តសញ្ញាណជាតិមួយ ឬជាអត្តសញ្ញាណរបស់បុគ្គលម្នាក់ ៗ ។
ស្នាដៃសិល្បៈទាំងឡាយ ពូជអំបូរជាតិសាសន៍ អក្សរ ភាសា ទំនៀមទំលាប់ប្រពៃណី សាសនា ជំនឿផ្សេង ៗ ។ល។ និង ។ល។ សុទ្ធតែបញ្ជាក់ពីអត្តសញ្ញាណរបស់ជាតិនិមួយ ៗ ។
ពាក្យថា បាត់អត្តសញ្ញាណនោះ គឺបាត់កំណត់សំគាល់ដោយឡែកនេះ ឯងគឺបាត់ប្រវត្តិកំណើត បាត់ពណ៌សម្បុររបស់ខ្លួន ពិសេសគឺបាត់ចិត្តគំនិត ចរិយាមារយាទ ចរិតឫកពា សុជីវធម៌ សីលធម៌ គុណធម៌ គតិធម៌ ។
មូលហេតុ នៃការបាត់ គឺមានពីរ
១- កត្តាខាងក្រៅៈ ជនបរទេសមិនចង់ឲ្យយើងស្គាល់អត្តសញ្ញាណរបស់យើងទេ ព្រោះពិបាកប្រើពិបាកបោក ។ ពេលណា ៗ ក៏គេមានបំណងបំពាក់អត្តសញ្ញាណជាតិរបស់គេឲ្យយើងដែរ ។
២- កត្តាខាងក្នុងៈ គឺយើងប្រហែសមិនយកចិត្តទុកដាក់អប់រំកូនចៅយើង ឲ្យស្គាល់អត្តសញ្ញាណរបស់វប្បធម៌ខ្លួន (Identite culturelle) និងខ្វះភាពតំណវប្បធម៌ (Continuite culturelle) ។
វិធីស្រាយ៖
ខំប្រឹងស្វែងយល់ខ្លួនឯង ស្វែងស្គាល់ខ្លួនឯង ឆ្លើយដាក់ខ្លួនឯងឲ្យបានច្រើនជាងឆ្លើយដាក់អ្នកដទៃ ។
ចូរកុំបន្ធូរបន្ថយ សន្ដោសទោសកំហុសខ្លួនឯងច្រើនពេក ។
ចង់ចាញ់ចង់ឈ្នះគ្នាឯងខ្លាំងពេក គឺបរទេសទេជាអ្នកឈ្នះនិងជាអ្នកចំណេញរហូត ។
© រក្សាសិទ្ធិដោយ thmeythmey.com