កីឡាអន្តរជាតិ
អន្តរជាតិ
អតីតមន្ត្រីការទូតកូរ៉េខាងជើង៖ ព្យុងយ៉ាងនឹងចូលតុចរចា ពេលក្លាយជាមហាអំណាចនុយក្លេអ៊ែរ
× អតីតមន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើង Thae Yong-ho ដែលរត់ចុះចូលកូរ៉េខាងត្បូង បានចេញមកទម្លាយព័ត៌មានថា ក្រុងព្យុងយ៉ាង កំពុងរៀបចំសាកល្បងគ្រាប់នុយក្លេអ៊ែរនៅឆ្នាំក្រោយ ទោះជាត្រូវបានសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មធ្ងន់ៗក៏ដោយ។ លោក Thae Yong-ho អះអាងដែរថា កូរ៉េខាងជើង ចង់បានតំណែងជាមហាអំណាចនុយក្លេអ៊ែរសិន មុននឹងវិលចូលតុចរចាវិញ។
លោក Thae Yong-ho អតីតមន្ត្រីការទូតលំដាប់ទី២ នៃស្ថានទូតកូរ៉េខាងជើងប្រចាំក្រុងឡុងដ៍ បាននិយាយថា ក្រសួងការបរទេសកូរ៉េខាងជើង បានផ្ញើឯកសារទៅកាន់ស្ថានបេសកកម្មរបស់ខ្លួននៅបរទេស ដោយប្រាប់ថា នឹងមានការធ្វើតេស្តនុយក្លេអ៊ែរលើកទី៦ នៅឆ្នាំ២០១៧ ។ បើដូច្នេះមែន នេះជាសញ្ញាបង្ហាញពីជំហរមិនងាករេរបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួន។
អតីតមន្ត្រីការទូតរូបនេះ បានប្រាប់សមាជិកសភាកូរ៉េខាងត្បូងក្នុងកិច្ចប្រជុំបិទទ្វារនៅថ្ងៃទី២៣ ខែធ្នូ ថា ឯកសារនោះស្នើឲ្យមានការប្រុងប្រៀបទុកមុន ព្រោះកូរ៉េខាងជើងស្វែងរកពេលវេលាដើម្បីសាកល្បងនុយក្លេអ៊ែរ អំឡុងពេលកូរ៉េខាងត្បូងបោះឆ្នោតប្រធានាធិបតី។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Yonhap ដែលបន្តថា នេះជាការចេញមុខលើកដំបូងរបស់លោក Thae Yong-ho ចាប់តាំងពីរត់មកកូរ៉េខាងត្បូងក្នុងខែកក្កដា។
លោក Thae Yong-ho ប្រាប់សមាជិកសភាកូរ៉េខាងត្បូងទៀតថា លោក គីម ជុងអ៊ុន ចង់ឲ្យកូរ៉េខាងជើង ត្រូវបានគេទទួលស្គាល់ជាមហាអំណាចនុយក្លេអ៊ែរដូចប៉ាគីស្ថាន ឬក៏ឥណ្ឌាអ៊ីចឹងដែរ។ លោកបន្តថា៖ «ហើយបន្ទាប់ពីត្រូវបានទទួលស្គាល់ហើយ កូរ៉េខាងជើងនឹងដោះស្រាយបញ្ហាដែលសេសសល់ជាមួយសហគមន៍អន្តរជាតិ»។
ការចរចា៦ភាគី គឺជាយន្តការតែមួយគត់ដែលដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង តែយន្តការនេះបានជាប់គាំងតាំងពីឆ្នាំ២០០៨ មកម្ល៉េះ។ មកទល់ពេលនេះ គេមិនទាន់ឃើញមានសញ្ញានៃការចាប់ផ្ដើមការចរចានេះឡើងវិញនោះទេ។ សមាជិកទាំង៦ មានចិនដែលជាម្ចាស់ផ្ទះកិច្ចចរចា កូរ៉ែខាងត្បូង ជប៉ុន អាមេរិក និងរុស្សី ព្រមទាំងកូរ៉េខាងជើងផ្ទាល់ផងដែរ។
គិតត្រឹមឆ្នាំ២០១៦ នេះ ក្រុងព្យុងយ៉ាង បានសាកល្បងនុយក្លេអ៊ែរចំនួន៦ដងមកហើយ ដែលរាល់លើកសុទ្ធតែត្រូវបានសហគមន៍អន្តរជាតិរិះគន់ និងដាក់ទណ្ឌកម្មយ៉ាងចាស់ដៃ។ កូរ៉េខាងជើងបានសាកល្បងនុយក្លេអ៊ែរលើកដំបូងក្នុងឆ្នាំ២០០៦ បន្ទាប់មកក្នុងឆ្នាំ២០០៩, ២០១៣ ហើយសាកល្បងដល់ទៅពីរដងក្នុងឆ្នាំ២០១៦ នេះ។ ក្រោយការធ្វើតេស្តលើកចុងក្រោយ ក្រុមប្រឹក្សាសន្តិសុខក៏សម្រេចដាក់ទណ្ឌកម្មដ៍ខ្លាំង ដែលសំដៅកាត់ផ្ដាច់ប្រភពហិរញ្ញវត្ថុរបស់កូរ៉េខាងជើង៕
© រក្សាសិទ្ធិដោយ thmeythmey.com