កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo លើក​ទឹកចិត្ត​ដល់​កុមារ​ស៊ី​រី​ថា «​កុំ​អស់​ក្តីសង្ឃឹម​»
24, Dec 2016 , 9:39 pm        
រូបភាព
Cristiano Ronaldo ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ និង​ក្លិប Real Madrid បាន​ផ្ញើ​សារលើកទឹកចិត្ត​ដល់​កុមារ​រងគ្រោះ​នៅ​ស៊ី​រី ថា កុំ​ឲ្យ​អស់សង្ឃឹម ជាមួយនឹង​ការសន្យា​ជួយ​សម្រាល​បញ្ហា​ពួកគេ​។​



​តាមរយៈ​វីដេអូ​ឃ្លី​ប ៣០​វិនាទី កីឡាករ​ខ្សែប្រយុទ្ធ​ល្បីល្បាញ ដែល​នាំ​ឲ្យ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល ទទួលបាន​ពានរង្វាន់ EURO ឆ្នាំ​២០១៦ និង​ជា​ម្ចាស់​ពាន Ballon d’Or រូបនេះ បាន​និយាយ​ជា​ភាសា​អង់គ្លេស ទៅកាន់​កុមារ​ដែល​កំពុង​រងគ្រោះ​ដោយសារ​សង្គ្រាម​នៅ​ស៊ី​រី ដោយ​មានន័យ​ដូច្នេះ​ថា​៖«​យើង​ដឹងថា​អ្នក​កំពុង​រង​ទុក្ខ ឈឺចាប់​។​ក្នុងនាម​ខ្ញុំ​ជា​កីឡាករ​បាល់ទាត់​ល្បី​ក្នុង​ពិភពលោក ខ្ញុំ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​របស់​អ្នក​។ ខ្ញុំ​ចង់​ប្រាប់ថា​អ្នក​(​កុមារ​)​កុំ​អស់សង្ឃឹម ពិភពលោក​នឹង​នៅ​ជាមួយ​អ្នក​។ យើង​យកចិត្តទុកដាក់​លើ​អ្នក ហើយ​ខ្ញុំ​នឹង​នៅ​ជាមួយ​អ្នកជា​និច្ច​»​។​

​សារ​នៃ​ក្តីសង្ឃឹម​នេះ ធ្វើឡើង​បន្ទាប់ពី Ronaldo បានផ្តល់​មូលនិធិ​សប្បុរសធម៌​តាមរយៈ​អង្គការ Save the Children ដើម្បី​ជួយ​ដល់​កុមារ​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម​នៅ​ស៊ី​រី ជាពិសេស​នៅ​ទីក្រុង Aleppo​។​

​គួរ​បញ្ជាក់ថា ប្រទេស​ស៊ី​រី បាន​ផ្ទុះ​សង្គ្រាមស៊ីវិល​ជា​យូរ​រ៉ាំ​រៃ​មក​ណាស់​ហើយ រវាង​ក្រុម​ពួក​ឧទ្ទាម និង​អ្នកគាំទ្រ​រដ្ឋាភិបាល ដែល​បណ្ដា​ឲ្យ​មនុស្ស​ស្លាប់​រាប់ម៉ឺន​នាក់ ជាពិសេស​នោះ គឺ​កុមារ​។ ក្រៅពីនេះ​ប្រជាជន​ស៊ី​រី​រាប់ពាន់នាក់ ក៏បាន​ភៀសខ្លួន​ទៅ​ជ្រកកោន​នៅ​ប្រទេស​ដទៃទៀត​ផងដែរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com