អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ត្រាំ សន្យាកែទម្រង់ UN ក្រោយUN អនុម័តដំណោះស្រាយប្រឆាំងអ៊ីស្រាអែល
× ភា្លមៗក្រោយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបោះឆ្នោតអនុម័តដំណោះស្រាយមួយប្រឆាំងការសង់លំនៅដ្ឋានខុសច្បាប់លើដីប៉ាឡេស្ទីន ប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានប្រកាសរៀបចំការផ្លាស់ប្តូរនៅអង្គការនេះ បន្ទាប់ពីលោកស្បថចូលកាន់តំណែង។
ប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ការផ្លាស់ប្តូរនៅអង្គការសហប្រជាជាតិ នឹងកើតមានឡើងក្រោយពេលលោកស្បថចូលកាន់តំណែងនៅថ្ងៃ ២០មករាខាងមុខនេះ។
លោកបានសរសេរបង្ហោះក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Twitter ថា ៖« សម្រាប់អង្គការសហប្រជាជាតិ អ្វីៗនឹងផ្លាស់ប្តូរនៅក្រោយថ្ងៃ ២០ ខែមករាខាងមុខ»។
ការលើកឡើងបែបនេះ គឺជាការឆ្លើយតបការអនុម័តដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារឲ្យអ៊ីស្រាអែលបញ្ឈប់រាល់សកម្មភាពបំពារបំពានដែនដីប៉ាឡេស្ទីនដោយសង់លំនៅដ្ឋានខុសច្បាប់នោះ។ អាមេរិកមិនបានជំទាស់ដំណោះស្រាយនេះឡើយ ហើយបានត្រឹមនៅស្ងៀមបោះឆ្នោតអនុប្បវាទប៉ុណ្ណោះ។
ចំណែក
អ៊ីស្រាអែល បានទិតៀនរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ឥតសំចៃមាត់ ហើយប្រកាសមិនអនុវត្តតាមដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខទេ។ អ៊ីស្រាអែលព្រលយពាក្យ ខ្លួនរង់ចាំរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ឡើងមកហើយលុបចោលដំណោះស្រាយដែលប្រឆាំងអ៊ីស្រាអែលនេះថែមទៀត។
មុនមានការបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខ លោក ដូណាល់ ត្រាំ ក៏បានស្នើសុំឲ្យរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ប្រើប្រាស់សិទ្ធិវេតូជំទាស់ដំណោះស្រាយខាងលើនេះ ហើយលោកអះអាងថាវាជារឿងអយុត្តិធម៌សម្រាប់អ៊ីស្រាអែល។ លោកក៏បានពន្យល់បន្ថែមផងដែរថា គ្រប់យ៉ាងពឹងលើការចរចាគ្នាដោយផ្ទាល់ ហើយរាល់ការកំណត់របស់អង្គការសហប្រជាជាតិលើអ៊ីស្រាអែល មិនអាចជួយបង្កើតសន្តិភាពនិងជួយឲ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីនដោះស្រាយបញ្ហាបានឡើយ។
លោក ដូណាល់ ត្រាំ តាំងពីដើមមកមាននិន្នាការលម្អៀងទៅរកអ៊ីស្រាអែល។ លោកធ្លាប់សន្យា
ប្តូរទីតាំងស្ថានទូតពីក្រុង Tel Aviv ទៅកាន់ក្រុងហ្ស៊េរុយសាឡិមថែមទៀត ដើម្បីទទួលស្គាល់ថាអ៊ីស្រាអែលកាន់កាប់ទឹកដីនេះដោយស្របច្បាប់។ តែគ្រប់គ្នាឃើញថា វាជាគោលនយោបាយមួយដ៏គ្រោះថ្នាក់ ហើយវាក៏បំផ្លាញរាល់ផ្លូវដើរទៅរកសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែរ៕
Tag:
ដូណាល់ត្រាំ
អ៊ីស្រាអែល
UN
© រក្សាសិទ្ធិដោយ thmeythmey.com