បទវិភាគ
វប្បធម៌​គ្រឹ​ស្ត​ចាក់ឫស​លើ​ដែនដី​ព្រះពុទ្ធ​?
25, Dec 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​២៥​ធ្នូ​នេះ ពលរដ្ឋ​ខ្មែរ​ជាច្រើន ជាពិសេស​យុវវ័យ​តែម្តង​បាននាំគ្នា​ប្រារព្ធ​ទិវា​បុណ្យ​ណូអែល ឬ​គ្រឹស​ស្មាស់ ( Christmas) យ៉ាង​ព្រោងព្រាត​។ ការសប្បាយរីករាយ​គឺជា​សេរីភាព​ដែល​មិនអាច​ខាត់​ឃាំង​បាន​របស់​មនុស្ស​សម័យ​ថ្មី ប៉ុន្តែ បុណ្យ​ណូអែល​ដែល​កំពុង​រីកដុះដាល​នៅលើ​ទឹកដី​ដែល​ពលរដ្ឋ​ជាង ៩០ ភាគរយ​កាន់​ព្រះពុទ្ធ សាសនា​ជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​ចាប់អារម្មណ៍​។​


​តាំងពី​ប៉ុន្មាន​ថ្ងៃ​មកហើយ ពោលគឺ​ចាប់ពី​ដើមខែ​ធ្នូ​មក ការរំជើបរំជួល​អំពី​បុណ្យ​ណូអែល​បានចាប់ផ្តើម​នៅ​ភ្នំពេញ និង​នៅ​ទីប្រជុំជន​ដទៃទៀត​។ ដើម​សា​ប៉ាំង​ដែល​រចនា​ដោយ​អំពូល​ភ្លើង និង​ក្រដាស់​ពណ៌​ភ្លឺ​ផ្លេក​អមដោយ​កាដូ​ជាច្រើន​ត្រូវបាន​គេ​ដាក់តាំង​យ៉ាង​ព្រោងព្រាត​នៅតាម​ហាង​ទំនិញ​ធំៗ ឬ​នៅ​ពីមុខ​ក្រុមហ៊ុន​អាជីវកម្ម ឬ​សណ្ឋាគារ​មួយចំនួន​។ វា​មិន​ចម្លែក​ទេ​ប្រសិនបើ​ហាង​ទំនិញ ឬ​ក្រុមហ៊ុន​ទាំងនោះ​ជា​របស់​ជនបរទេស ប៉ុន្តែ ជាទូទៅ​គឺ​ជនជាតិខ្មែរ​ជា​ម្ចាស់​កម្មសិទ្ធិ​។​

​នៅតាម​សាលា​ឯកជន​ជាច្រើន គេ​បាន​រៃអង្គាស​លុយ​ពី​សិស្ស​ដើម្បី​រៀបចំ​បុណ្យ​ណូអែល​ដែរ​។ ឪពុកម្តាយ​ឬ​អាណាព្យាបាល​មួយចំនួន​ក៏បាន​ទិញ​មួក​ពណ៌​ក្រហម​ដែល​គេ​ហៅថា​មួក​ណូអែល​ឯ​គ្រឹ​ស្មាស់​មក​បំពាក់​ឲ្យ​កូន​។ វប្បធម៌​បុណ្យ​អូ​អែល​កាន់តែ​ពេញនិយម​ខ្លាំង​ឡើងៗ​នា​រយៈពេល​ចុងក្រោយ​នេះ​។ បុណ្យ​ណូអែល​បាន​ក្លាយជា​ពិធីបុណ្យ​កម្សាន្ត​សប្បាយ​របស់​យុវវ័យ​ខ្មែរ​ជាច្រើន​។

​ជាការ​ពិតណាស់ ប្រជាពលរដ្ឋ​កម្ពុជា​កាន់​ព្រះ​ពុទ្ធិ​សាសនា​ជាង​៩០​ភាគរយ​។ បើ​យោងតាម​តួលេខ​នេះ គេ​ប្រហែលជា​ពិបាក​នឹង​គិត​ស្រមៃ​ណាស់​ថា បុណ្យ​សាសនា​គ្រឹ​ស្ត​មួយ​នេះ​អាចមាន​ប្រជាប្រិយភាព​ដល់​ម្លឹ​ង​។ តើ​ហេតុអ្វី​បានជា​ដូច្នេះ​?  ពិត​ហើយ ក្នុងសម័យ​សកលភាវូបនីយកម្ម​នេះ មាន​រឿងរ៉ាវ​ច្រើនណាស់​ដែល​ធ្វើ​ឲ្យ​សង្គម​ផ្លាស់ប្តូរ និង​ទទួល​ឥទ្ធិពល​ពីគ្នា​ទៅវិញទៅមក​យ៉ាង​ឆាប់រហ័ស​។ ជា​កត្តា​សត្យានុម័ត សង្គម​មួយ​ដែល​ទន់ខ្សោយ​តែងតែ​ទទួលយក​វប្បធម៌​ពី​ប្រទេស​ផ្សេង​ដែល​រុងរឿង​ជាង​ខ្លួន​។ ដូច្នេះ កម្ពុជា​ដែលជា​ប្រទេស​ក្រីក្រ ពិតជា​មិនអាច​គេច​ផុតពី​ការទទួលយក​វប្បធម៌​បុណ្យ​ណូអែល​។​

​ម្យ៉ាងទៀត កម្ពុជា​បាន​បើកទូលាយ​ចំពោះ​ជំនឿ​សាសនា ដែលជា​កត្តា​មួយទៀត​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ជ្រើសរើស​សាសនា​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត​។ នៅមាន​ហេតុផល​មួយទៀត​ដែល​ជំរុញ​ឲ្យ​ពិធីបុណ្យ​ណូអែល​កាន់​តែមាន​ប្រជាប្រិយភាព​នៅ​កម្ពុជា នោះ​គឺ​ហេតុផល​ជំនួញ​។ អ្នកធ្វើ​ជំនួញ​បាន​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​ឃោសនា​លក់ទំនិញ​របស់​ខ្លួន​។

​ហេតុផល​ចុងក្រោយ​ដែល​គេ​មិនអាច​មើលរំលង​បាន​នោះ​គឺ វប្បធម៌​មិនសូវ​រឹងមាំ​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ ពោលគឺ ជនជាតិខ្មែរ​តែង​ឆាប់​ទទួលយក​វប្បធម៌​បរទេស​ទោះជា​ដោយ​ចេតនា ឬ​អ​ចេតនា​ក្តី​។ នេះ​បណ្តាលមកពី​ការបាត់បង់​មោទនភាព​ជាតិ​របស់​ពួកគេ​បន្ទាប់ពី​បាន​ឆ្លងកាត់​សង្គ្រាមស៊ីវិល និង​ជម្លោះ​នយោបាយ​មិនចេះចប់​ដែល​ធ្វើ​ឲ្យ​សង្គម​មិនសូវ​ស្គាល់​ភាពរុងរឿង​នឹង​គេ​។ ការទទួល​យកបុណ្យ​ណូអែល​ដោយ​មិនដឹង​ខ្លួន​គឺជា​ឧទាហរណ៍​ជាក់ស្តែង​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ អ្នក​ប្រារព្ធ​ពិធី​នេះ​ភាគច្រើន​គឺជា​អ្នក​កាន់​ព្រះពុទ្ធសាសនា តែ​ពួកគេ​មិនបាន​គិតថា ណូអែល​ជា​ពិធី​សម្រាប់​គ្រឹ​ស្ត​បរិស័ទ​ទេ ហើយក៏​មិនបាន​គិតថា ការ​ប្រារព្ធ​ពិធី​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​អ្វី​នោះដែរ​។ និយាយ​តាមបែប​ផ្សេង គឺជា​ទង្វើ​បែប​មោហោ​គតិ (​មិន​យល់​) តែប៉ុណ្ណោះ ពោលគឺ​ការមិន​ដឹងថា ខ្លួន​មាន​ឫសគល់​ចេញពី​ណា ហើយ​ត្រូវ​ធ្វើដំណើរ​ទៅណា​? នេះ​ជា​បញ្ហាសំខាន់​។​

​អ្វីដែល​គួរ​ឲ្យ​សង្វេគ​គឺ មនុស្ស​ចាស់​(​ឳ​ពុក​ម្តាយ អាណាព្យាបាល ឬ​រហូតដល់​គ្រូបង្រៀន​)​បាន​នាំ​ក្មេង​ឲ្យ​ទទួលយក​វប្បធម៌​ដទៃ​ដោយ​មិនដឹង​ខ្លួន​។ ដោយសារតែ សង្គម​ទាំងមូល​ខ្វះ​មូលដ្ឋានគ្រឹះ​រឹងមាំ​នេះហើយ​បានជា គេ​បណ្តោយ ឬក៏​ជួយ​ជំរុញ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ដើរ​ខុសផ្លូវ​កាន់តែ​ឆ្ងាយ​។ អ្នកខ្លះ​ជា​ពុទ្ធសាសនិកជន​សុទ្ធសាធ តែ​បែរជា​ពាក់​ខ្សែ​កប​ង្តោ​ង​សញ្ញា​ជើងក្អែក​ដែលជា​និម្មិត​រូប​សញ្ញា​របស់​គ្រឹះ​សាសនា​ទៅវិញ​។ ពួកគេ​មិនបាន​គិតដល់​បញ្ហា​សាសនា​អ្វី​ឡើយ តែ​គិត​ត្រឹមតែ​ជាការ​លម្អរ​រាងកាយ​តែប៉ុណ្ណោះ​។ ការ​ត្រេកត្រអាល​នឹង​បុណ្យ​គ្រឹ​ស្មាស់​ក៏​មានន័យ​ដូចគ្នានេះដែរ​។​

​តាមពិត ផលវិបាក​ធំ​បំផុត​ចំពោះ​បញ្ហា​នេះ​គឺ​ការបង្ហាញ​ពី​ភាពកម្សោយ​នៃ​វប្បធម៌​របស់​ខ្មែរ​នេះ​តែម្តង​។ បើទោះបីជា​ទង្វើ​នេះ​គ្មាន​ផលប៉ះពាល់​ធំដុំ​ដល់​ព្រះពុទ្ធសាសនា​ដោយសារ​ថា អ្នក​ប្រារព្ធ​បុណ្យ​ណូអែល​មិនបាន​ផ្លាស់ប្តូរ​សាសនា​ទេ និង​ម្យ៉ាងទៀត វា​គ្រាន់តែ​ជាការ​បង្កើត​កម្មវិធី​សប្បាយ​របស់​មនុ​ស្សម័យ​ថ្មី​តែប៉ុណ្ណោះ ប៉ុន្តែ ប្រសិនបើ​ខ្មែរ​ស្គាល់​ច្បាស់​ឬ​សគល់​របស់ខ្លួន គេ​អាច​នឹង​សប្បាយ​តាមបែប​ផ្សេង​គឺ​ត្រឹម​ការចែករម្លែក​ការសប្បាយ​ជាមួយ​មិត្ត​ភ័ក្តិ​បរទេស​ជាការ​ស្រេច តែ​ក្នុងនាម​ពុទ្ធសាសនិកជន គេ​មិនគួរ​ត្រេកត្រអាល​នឹង​បញ្ហា​នេះឡើយ​ពីព្រោះ ចូរ​កុំភ្លេចថា «​ព្រះពុទ្ធសាសនា​គឺជា​សាសនា​របស់​រដ្ឋ​»៕


© រក្សាសិទ្ធិដោយ thmeythmey.com