ជាតិ
ឈិន ម៉ា​និច្ច ពី​ខេត្តកំពង់ស្ពឺ ឈ្នះ​ពាន «Cambodian Idol» រដូវ​កាល​ទី​២
26, Dec 2016 , 12:03 am        
រូបភាព
ដោយ: ថ្មីៗ
បេ​ក្ខ​នារី ឈិន ម៉ា​និច្ច បាន​ក្លាយជា​ម្ចាស់​ពាន​កម្មវិធី​ប្រឡង​ចម្រៀង «Cambodian Idol» រដូវ​កាល​ទី​២​របស់​ទូរទស្សន៍​ហង្ស​មាស បន្ទាប់ពី​បាន​សំឡេងគាំទ្រ​ពី​ទស្សនិកជន​លើស​បេក្ខជន​២​នាក់​ទៀត គឺ នួន សុធា​រ័ក្ស និង ហ៊ិ​ន លីដា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​រាត្រី​ថ្ងៃអាទិត្យ ទី​២៥ ខែធ្នូ ឆ្នាំ​២០១៦ ។​



​នៅ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោម​អធិបតីភាព​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បេក្ខជន​-​បេ​ក្ខ​នារី ត្រូវបាន​តម្រូវ​ឲ្យ​ច្រៀង​ម្នាក់ៗ​ចំនួន​៣​បទ និង​ទទួល​សារ​គាំទ្រ​ពី​ទស្សនិកជន​នៅ​គ្រប់​ដំណាក់កាល​។

​បេក្ខជន នួន សុធា​រ័ក្ស មកពី​ខេត្តពោធិ៍សាត់ បាន​បកស្រាយ​បទ​ដែលមាន​ចំណងជើង​ថា «​តូចចិត្ត​» បន្ទាប់មក​បទ «​ពេលដែល​ត្រូវ​យំ​» និង​បទ «​ចង្វាក់​នេះ​រាំ​សប្បាយ​»​។​

​បេ​ក្ខ​នារី ហ៊ិ​ន លីដា មកពី​ខេត្តកំពង់ឆ្នាំង បាន​ច្រៀង​បទ​ទី​១​ដែលមាន​ចំណងជើង​ថា «Boy» បន្ទាប់មក​បទ «​នឹក​ភូមិ​ភ្នំ​ធំ​» និង​បទ « Watch Me Shine»​។​

​បេ​ក្ខ​នារី ឈិន ម៉ា​និច្ច ពី​ខេត្តកំពង់ស្ពឺ បានចាប់ផ្តើម​ជាមួយ​បទ «​ឈឺចាប់​មួយ​លាន​ដង​» មុន​លើកយក​បទ «​ចុ​ត​ហ្មាយ​មច្ចុរាជ​» និង​បទ «​សើច​សល់​»​។​

ម៉ានិច្ច ដែល​ជា​​ម្ចាស់​ពាន ទទួលបាន​ប្រាក់រង្វាន់​ចំនួន​១៥០​លាន​រៀល រួមទាំង​ការឧបត្ថម្ភ​ផ្សេងទៀត ចំណែក​បេក្ខជន​២​នាក់​ទៀត​ក៏​ទទួល​រង្វាន់​លើកទឹកចិត្ត​ជាច្រើន​ផងដែរ​។​

​កាលពី​រដូវ​កាល​ទី​១ នី រតនា មកពី​ខេត្តកំពង់ធំ បាន​ក្លាយជា​ម្ចាស់​ពាន ក្រោយ​បាន​សំឡេងគាំទ្រ​លើស ម៉ៅ ហា​ជី ពី​ខេត្តបាត់ដំបង និង សៅ ឧ​ត្ត​ម ពី​ខេត្តព្រៃវែង​។ នី រតនា ក៏​ស្ថិត​ក្នុងចំណោម​តារា​កិត្តិយស​ដែល​បកស្រាយ​បទ​ចម្រៀង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ផងដែរ ដោយ​គេ​បាន​លើក​បទ «​មហា​ឈឺ​» ដែលជា​បទ​ចម្រៀង​ផ្ទាល់ខ្លួន​។

ម៉ានិច្ច និយាយទាំងភ្នែក​ថា នេះ​ជាជោគជ័យ​ដ៏ធំធេងក្នុងជីវិតរបស់ខ្លួន ពីព្រោះ​កន្លងមក នាងមិន​ដែលប្រឡងជាប់ក្នុងកម្មវិធី​ធំនោះឡើយ។ សម្តីរបស់ ម៉ានិច្ច ផ្តល់នូវ​ការរំជួល​ចិត្ត​យ៉ាងខ្លាំងពីសំណាក់អ្នក​ចូលរួមផ្ទាល់ រួមទាំងលោក​ស្រី ម៉ែន​ សំអន​ផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អបអរភ្លាម​ៗ​ដល់ជ័យលាភី និង​លើកទឹក​ចិត្តបេក្ខជន​ផ្សេងទៀតឲ្យបន្តការប្រឹងប្រែងរបស់ខ្លួន៕


Tag:
 Cambodian Idol
© រក្សាសិទ្ធិដោយ thmeythmey.com