ជាតិ
ឈិន ម៉ានិច្ច ពីខេត្តកំពង់ស្ពឺ ឈ្នះពាន «Cambodian Idol» រដូវកាលទី២
× បេក្ខនារី ឈិន ម៉ានិច្ច បានក្លាយជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀង «Cambodian Idol» រដូវកាលទី២របស់ទូរទស្សន៍ហង្សមាស បន្ទាប់ពីបានសំឡេងគាំទ្រពីទស្សនិកជនលើសបេក្ខជន២នាក់ទៀត គឺ នួន សុធារ័ក្ស និង ហ៊ិន លីដា នៅវគ្គផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០១៦ ។
នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រោមអធិបតីភាពលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បេក្ខជន-បេក្ខនារី ត្រូវបានតម្រូវឲ្យច្រៀងម្នាក់ៗចំនួន៣បទ និងទទួលសារគាំទ្រពីទស្សនិកជននៅគ្រប់ដំណាក់កាល។
បេក្ខជន នួន សុធារ័ក្ស មកពីខេត្តពោធិ៍សាត់ បានបកស្រាយបទដែលមានចំណងជើងថា «តូចចិត្ត» បន្ទាប់មកបទ «ពេលដែលត្រូវយំ» និងបទ «ចង្វាក់នេះរាំសប្បាយ»។
បេក្ខនារី ហ៊ិន លីដា មកពីខេត្តកំពង់ឆ្នាំង បានច្រៀងបទទី១ដែលមានចំណងជើងថា «Boy» បន្ទាប់មកបទ «នឹកភូមិភ្នំធំ» និងបទ « Watch Me Shine»។
បេក្ខនារី ឈិន ម៉ានិច្ច ពីខេត្តកំពង់ស្ពឺ បានចាប់ផ្តើមជាមួយបទ «ឈឺចាប់មួយលានដង» មុនលើកយកបទ «ចុតហ្មាយមច្ចុរាជ» និងបទ «សើចសល់»។
ម៉ានិច្ច ដែលជាម្ចាស់ពាន ទទួលបានប្រាក់រង្វាន់ចំនួន១៥០លានរៀល រួមទាំងការឧបត្ថម្ភផ្សេងទៀត ចំណែកបេក្ខជន២នាក់ទៀតក៏ទទួលរង្វាន់លើកទឹកចិត្តជាច្រើនផងដែរ។
កាលពីរដូវកាលទី១ នី រតនា មកពីខេត្តកំពង់ធំ បានក្លាយជាម្ចាស់ពាន ក្រោយបានសំឡេងគាំទ្រលើស ម៉ៅ ហាជី ពីខេត្តបាត់ដំបង និង សៅ ឧត្តម ពីខេត្តព្រៃវែង។ នី រតនា ក៏ស្ថិតក្នុងចំណោមតារាកិត្តិយសដែលបកស្រាយបទចម្រៀងនៅវគ្គផ្តាច់ព្រ័ត្រនេះផងដែរ ដោយគេបានលើកបទ «មហាឈឺ» ដែលជាបទចម្រៀងផ្ទាល់ខ្លួន។
ម៉ានិច្ច និយាយទាំងភ្នែកថា នេះជាជោគជ័យដ៏ធំធេងក្នុងជីវិតរបស់ខ្លួន ពីព្រោះកន្លងមក នាងមិនដែលប្រឡងជាប់ក្នុងកម្មវិធីធំនោះឡើយ។ សម្តីរបស់ ម៉ានិច្ច ផ្តល់នូវការរំជួលចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមផ្ទាល់ រួមទាំងលោកស្រី ម៉ែន សំអនផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអបអរភ្លាមៗដល់ជ័យលាភី និងលើកទឹកចិត្តបេក្ខជនផ្សេងទៀតឲ្យបន្តការប្រឹងប្រែងរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com