អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីស្រាអែល កោះហៅ​មន្ត្រី​ទូតសមាជិក​ក្រុមប្រឹក្សាសន្តិសុខ​មក​សួរនាំ​រឿង​បោះឆ្នោត​ប្រឆាំង​ខ្លួន​
26, Dec 2016 , 11:13 am        
រូបភាព
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ (រូបភាព Xinhua)
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ (រូបភាព Xinhua)
 
 
​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu) ខឹងសម្បារ​យ៉ាងខ្លាំង​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​បាន​ថ្កោលទោស​សកម្មភាព​អ៊ីស្រាអែល​បំពាន​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​។ ក្រៅពី​ព្រលះ​អាមេរិក​ធ្ងន់ៗ​រឿង​មិន​បោះឆ្នោត​ប្រឆាំង អ៊ីស្រាអែល ក៏​កោះហៅ​អគ្គរដ្ឋទូត​រដ្ឋ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ទាំងអស់​ដែល​បោះឆ្នោត​គាំទ្រ​សេចក្ដីសម្រេច​នេះ មក​សួរនាំ​ទៀតផង​។

 
​នាយករដ្ឋមន្ត្រី បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ បានចេញ​ចំណាត់ការ​ខ្លាំងៗ​មិន​ធ្លាប់មាន​ប្រឆាំង ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​ចេញ​ដំណោះស្រាយ​ថ្កោលទោស​អ៊ីស្រាអែល​។ លោក​អះអាងថា អ៊ីស្រាអែល​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​ការពារ​អ៊ីស្រាអែល ពី​ផលប៉ះពាល់​នៃ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ ដែលជា​សេចក្ដីសម្រេច​លើកដំបូង​ស្ដីពី​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន ក្នុងពេល​ជាង​៨​ឆ្នាំ​មកនេះ​។​
 
​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២៥ ខែធ្នូ លោក នេ​តាន់​យ៉ា​ហ៊ូ បាន​បន្ត​រិះគន់​រដ្ឋបាល​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​សម្រេចចិត្ត​បោះឆ្នោត​អនុប្បវាទ​។ បើតាម​សារព័ត៌មាន​រុស្សី Sputnik នាយករដ្ឋមន្ត្រី​រូបនេះ​បញ្ជាក់ថា រដ្ឋបាល​អាមេរិក​ជា​អ្នកផ្ដើមគំនិត​នៅ​ពីក្រោយ​សេចក្ដីសម្រេច​នេះ​, បង្ហាញ​ជំហរ​ថ្មី​របស់​ខ្លូន​, រូ​ច​បញ្ជូន​បន្តទៅ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​។   
 
​ដោយ​មិន​ខ្វល់​ពីថ្ងៃ​បុណ្យ Christmas អ្វី​នោះ នាយករដ្ឋមន្ត្រី នេ​តាន់​យ៉ា​ហ៊ូ ដែលជា​រដ្ឋមន្ត្រីការបរទេស​ដែរនោះ ក៏បាន​កោះហៅ​អគ្គរដ្ឋទូត​ប្រទេស​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ទាំងអស់​ប្រចាំ​អ៊ីស្រាអែល មក​សួរនាំ​លើ​ការបោះឆ្នោត​គាំទ្រ​នេះ​។ អគ្គរដ្ឋទូត​ទាំងអស់ នឹងត្រូវ​ជួប​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អ៊ីស្រាអែល ប៉ុន្តែ​គេ​មិនទាន់​ដឹង​ពី​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ​។​
 
​ចំណែក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ៊ីស្រាអែល Dan Shapiro ក៏ត្រូវ​កោះហៅ​សួរនាំ​ដែរ ដ្បិត​អាមេរិក​មិនបាន​បោះឆ្នោត​វ៉េតូ​ប្រឆាំង ដែល​វា​បាន​បើកផ្លូវ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អាច​ថ្កោលទោស​អ៊ីស្រាអែល​បាន​។ កាន់តែ​ធ្ងន់ធ្ងរ​នោះ អ៊ីស្រាអែល ក៏បាន​ព្យួរ​ទំនាក់ទំនង​ការទូត​បណ្ដោះអាសន្ន​ជាមួយ​ណូ​វែ​ល​សេ​ឡង់ និង​សេ​ណេ​ហ្កា​ល់ ព្រោះ​ប្រទេស​ទាំងពីរ​ជា​អ្នករៀបចំ​ដំណោះស្រាយ​នេះ​។​
 
​មិនយូរប៉ុន្មាន​ក្រោយ​ការបោះឆ្នោត រដ្ឋមន្ត្រីការបរទេស​អាមេរិក ច​ន ឃែ​រី បាន​ចេញមក​ការពារ​ការសម្រេចចិត្ត​របស់ខ្លួន ដែល​មិន​ប្រើប្រាស់​សិទ្ធិ​ជំទាស់​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ឈប់​បំពាន​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​។ លោក​សង្កត់ធ្ងន់ថា ការប៉ុនប៉ង​របស់​អ៊ីស្រាអែល​ក្នុង​ការសាងសង់​ផ្ទះសម្បែង ឬ​សហគមន៍​ក្នុង​តំបន់​ប្រទាញប្រទង់​រួមទាំង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត​ដែរនោះ បង្ក​ជា​គ្រោះថ្នាក់​ដល់ «​ដំណោះស្រាយ​រដ្ឋ​ពីរ​» រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​៕

Tag:
 អ៊ីស្រាអែល​
  អាមេរិក​
  UNSC
© រក្សាសិទ្ធិដោយ thmeythmey.com