អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន​ឃ្លាំមើល​នាវា​ដឹក​យន្តហោះ​ចិន​ដែល​ធ្វើ​សមយុទ្ធ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​
26, Dec 2016 , 9:39 pm        
រូបភាព
​ចុង​សប្តាហ៍​នេះ នាវា​ដឹក​យន្តហោះ​ចម្បាំង​ចិន​ទីមួយ Liaoning ធ្វើដំណើរ​ទៅកាន់​ភាគ​ខាងលិច​មហាសមុទ្រ​ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​ដើម្បី​សាក​សមត្ថភាព​ប្រយុទ្ធ​ក្នុង​ដែនសមុទ្រ​ទឹក​ជ្រៅ (Blue Water Navy)​។ រីឯ​ជប៉ុន បាន​អះអាងថា​ខ្លួន​កំពុង​ឃ្លាំមើល​សកម្មភាព​របស់​ទាហាន​ចិន​ជាពិសេស​នាវា​ដឹក​ន​យន្តហោះ​ចម្បាំង​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ​។



សូមស្ដាប់ព័ត៌មានលម្អិត៖

**audio2**


​ក្រសួងការពារជាតិ​ចិន​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់ថា នាវា​ដឹក​យន្តហោះ​ចម្បាំង​ទីមួយ (Liaoning) របស់ខ្លួន​ទៅកាន់​តំបន់​ភាគ​ខាងលិច​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ​។ ជប៉ុន​ដែលជា​មិត្ត​ជិតខាង​នោះបាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការ​ចល័ត​ទ័ព​នេះ ហើយ​អះអាងថា​ខ្លួន​កំពុង​ឃ្លាំមើល​សកម្មភាព​នាវា​ក្រុង​ប៉េកាំង​នេះ​។​

​យោងតាម​សារព័ត៌មាន South China Morning Post ក្រសួងការពារជាតិ​ជប៉ុន​បានឃើញ នាវា Liaoning ចេញដំណើរ​ឆ្លងតាម​ដែនសមុទ្រ​អន្តរជាតិ​ទៅកាន់​កន្លែង​សមយុទ្ធ​យោធា​អមដោយ​នាវាចម្បាំង ៧​គ្រឿង​ផ្សេងទៀត​។ ប៉ុន្តែ​នាវា​ទាំងនេះ​មិនបាន​ឆ្លង​ចូល​ដែនសមុទ្រ​ជប៉ុន​ឡើយ​។​



​បើតាម​ក្រសួងការពារជាតិ​ចិន សមយុទ្ធ​យោធា​នេះ​ជា​លំ​ហាត់​យោធា​ប្រចាំឆ្នាំ ហើយ​វា​ក៏​ធ្វើឡើង​ដើម្បី​កសាង​សមត្ថភាព​របស់​កងទ័ព​ក្នុងការ​ប្រយុទ្ធ​នៅក្នុង​ដែនសមុទ្រ​ទឹក​ជ្រៅ (Blue Water Navy)​ដែរ​។ ប៉ុន្តែ​ចិន​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​ការធ្វើ​សមយុទ្ធ​នេះឡើយ​។​

​តាមពិតទៅ សមយុទ្ធ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ​កើតឡើង​ស្របពេល​ដែល​ចិន​ក្តៅស្លឹកត្រចៀក​ខ្លាំង​ដោយសារ​ប្រធានាធិបតី​អាមេរិក​ថ្មី ដូ​ណា​ល់ ត្រាំ ទូរ​សព្ទ​ទៅ​ជជែក​ជាមួយ​មេដឹកនាំ​កោះ​តៃវ៉ាន់​នោះ​។

​មុន​មាន​លំ​ហាត់​យោធា​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ នាវា​ដឹក​យន្តហោះ​ចម្បាំង Liaoning បាន​ចូលរួម​ក្នុង​សកម្មភាព​លំ​ហាត់​យោធា​កងទ័ព​ជើង​អាកាស​ដែលមាន​ទាំង​ការហោះហើរ​យន្តហោះ​ចម្បាំង​, ប្រយុទ្ធ​និង​សង្គ្រោះ​ជាដើម នៅ​សមុទ្រ​លឿង (Yellow Sea)​។



​សូមបញ្ជាក់​បន្តិច​ផងដែរ​ថា នាវា  Liaoning ជានា​វា​ដឹក​យន្តហោះ​ទីមួយ ហើយ​វា​មិនមែនជា​នាវា​ផលិត​ក្នុងស្រុក​ទេ តែ​វា​ជា​ប្រភេទ​នាវា​ផលិត​ដោយ​សហភាពសូវៀត​មាន​ទម្ងន់ ៦​ម៉ឺន​តោន ដែល​ចិន​បាន​ទិញ​មកពី​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំ​១៩៩៨​។ ហើយ​ចិន​បាន​កែលម្អ​និង​ច្នៃ​ឡើងវិញ​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​យោធា​ខ្លួន​។ រហូតដល់​ឆ្នាំ ២០១២ នាវា​ដឹក​យន្តហោះ​នេះ​ត្រូវបាន​គេ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​តែម្តង​។

​បច្ចុប្បន្ននេះ​ចិន​កំពុង​បន្ត​សាងសង់​នាវា​ផ្ទុក​យន្តហោះ​ទី​២​របស់ខ្លួន​។  ការសង់​នាវា​ដឹក​យន្តហោះ​បន្ថែម​នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​ជាពិសេស​អំណាច​កងទ័ព​ជើង​ទឹកតែ​ម្តង ស្រប​ពេលដែល​មហាអំណាច​នេះ​ប្រឈម​បញ្ហា​សន្តិសុខ​ច្រើន​និង​មាន​ជម្លោះ​ជាមួយ​បណ្តា​រដ្ឋ​ដទៃ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ផង​។ នៅពេល ចិន​មាន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ច្រើន វា​នឹង​ជួយ​ពង្រឹង​យុទ្ធសាស្ត្រ​យោធា​និង​សម្រួល​ដល់​ការប្រតិបត្តិ​ការ​យោធា​របស់ខ្លួន​ក្នុង​កាលៈទេសៈ​ចាំបាច់ ក៏ដូចជា​ដើម្បី ការពារ​ប្រយោជន៍​របស់ខ្លួន​នៅ​បរទេស​ដែរ ៕




Tag:
 Liaoning
  ជប៉ុន​
  ចិន​
  Blue Water Navy
© រក្សាសិទ្ធិដោយ thmeythmey.com